តារាចម្រៀងវ័យក្មេង សុវត្ថិ សិរីវុឌ្ឍ បង្ហាញវត្តមានក្នុង Full MV «បើគេសួរអូន» របស់លោក ព្រាប សុវត្ថិ ជាឪពុក

21-04-2026 17:16

(ភ្នំពេញ)៖ ក្រោយទន្ទឹងរង់ចាំអស់ពេលយ៉ាងយូរ ទីបំផុត Full MV ចម្រៀង «បើគេសួរអូន» របស់តារាចម្រៀង ព្រាប សុវត្ថិ ត្រៀមនឹងចេញជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ។ ហើយអ្វីដែលកាន់តែពិសេសនោះ គឺអ្នកដឹកនាំបានជ្រើសរើសលោក សុវត្ថិ សិរីវុឌ្ឍ ដែលជាកូនប្រុសពៅតារាចម្រៀង ព្រាប សុវត្ថិ ឱ្យចូលរួមសម្តែងនៅក្នុង MV ចម្រៀងនេះផងដែរ។

បទចម្រៀង «បើគេសួរអូន» បានចេញជា Audio ជាង៥ខែមកហើយ ហើយបទចម្រៀងមួយបទនេះពិតជាផ្ទុះខ្លាំង ពេញបណ្តាញសង្គម និងមានអ្នកយកទៅលេង TikTok រាប់លាននាក់ ដោយសារបទចម្រៀងមនោសញ្ចេតនាមួយបទនេះ បង្កប់ទៅដោយការឈឺចាប់បែកបាក់ស្នេហា ចាក់ដោតអារម្មណ៍ទស្សនិកជនជាច្រើន ឱ្យស្លុងនឹងបទចម្រៀងមួយបទនេះ។
តារាចម្រៀង ព្រាប សុវត្ថិ ក៏បានលើកយកបទចម្រៀង «បើគេសួរអូន» ទៅច្រៀងនិងសម្តែងរាល់ពេលឡើងឆាកប្រគំតន្រ្តីធំៗផងដែរ ដើម្បីឆ្លើយតបតាមការសំណូមពររបស់អ្នកគាំទ្រ។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គឺដើម្បីឆ្លើយតបតាមសំណូមពរបទចម្រៀង «បើគេសួរអូន» របស់តារាចម្រៀង ព្រាប សុវត្ថិ ក៏ត្រៀមនឹងចេញជា Full MV ក្នុងពេលឆាប់ៗ។ ជាក់ស្តែងនៅថ្ងៃទី២០ ខែ មេសា ឆ្នាំ២០២៦ ខាងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ទើបតែប្រកាសត្រៀមចេញ Full MV ក្នុងពេលឆាប់ៗខាងមុខនេះ។ ថ្វីដ្បិតតែក្នុងវិដេអូចម្រៀងនេះ ទើបតែបង្ហាញក្បាលសាច់រឿងបានបន្តិច ប៉ុន្តែពិតជាធ្វើឱ្យអ្នកទស្សនា ចង់មើលសាច់រឿងទាំងមូលណាស់ ពីព្រោះការសម្តែងរបស់តារាចចម្រៀងវ័យក្មេងលោក សុវត្ថិ សិរីវុឌ្ឍ និងកញ្ញា ឌៀប សុហ្វៀរ៉ា ពិតជាទាក់ទាញអារម្មណ៍ទស្សនិកជនខ្លាំង។

គួរបញ្ជាក់ថា គ្រាន់តែឈុតខ្លីនៅក្នុង MV ចម្រៀង «បើគេសួរអូន» ត្រូវបានផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា បង្ហោះភ្លាម មានអ្នកចូលទស្សនាយ៉ាងច្រើនកុះករ ហើយម្នាក់ៗថែមទាំងបានខមមិនថា សូមឱ្យ Full MV ចេញក្នុងពេលឆាប់ៗ ...។

កុំភ្លេចតាមដានទស្សនា Full MV «បើគេសួរអូន» របស់តារាចម្រៀង ព្រាប សុវត្ថិទាំងអស់គ្នា ធានាថា ក្នុង Full MV ចម្រៀងមួយបទនេះ ពិតជាប្លែកភ្នែក ចម្លែកអារម្មណ៍ ទាំងការសម្តែង និងសាច់រឿង...៕