កាន់តែធ្ងន់ធ្ងរ! Leicester អតីតជើងឯក PL 2016 បន្តធ្លាក់ទៅក្របខណ្ឌទី៣ អង់គ្លេស League One

22-04-2026 09:50

(បរទេស)៖ មានរយៈពេលត្រឹមតែ ១ទសវត្សរ៍ប៉ុណ្ណោះ ពោលគឺក្រោយពេល Leicester City បានគ្រងតំណែងជើងឯកលីគកំពូលអង់គ្លេស Premier League 2015-16 មុនពេលបន្តធ្លាក់ទៅលេងក្នុងក្របខណ្ឌទី៣ League One នារដូវកាលក្រោយ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្រុមរហស្សនាម «កញ្ជ្រោងខៀវ» មួយនេះ បានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ទល់នឹង Hull City កាលពីរាត្រីថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២៦ ជាការប្រកាសផ្លូវការពីការកាត់ចេញពីក្រប ខណ្ឌទី២ Championship ទៅលេងនៅ League One វិញនារដូវកាលឆ្នាំ២០២៦-២៧ ក្នុងចំណាត់ថ្នាក់លេខ២៣ ក្បែរបាតតារាង ដ្បិតនៅសល់ ២ប្រកួតទៀត។

Leicester ដែលធ្លាប់ឈ្នះពាន FA Cup ចុងក្រោយកាលឆ្នាំ២០២១ រកបានជ័យជម្នះតែ ២លើកគត់នៅ Championship ក្នុងឆ្នាំ២០២៦ នេះ។ ពួកគេបានបញ្ចប់ក្នុងតំណែងលេខ៨ ក្នុងតារាងពិន្ទុលីគ Premier League កាលឆ្នាំ២០២២ និងឈានដល់វគ្គ ៤ក្រុមនៃពាន Conference League មុនពេលអ្នកចាត់ការទូទៅ លោក Bredan Rodgers ព្រមានពីវិបត្តិហិរញ្ញវត្ថុក្នុងក្លិប។

Leicester City បានលេងទល់នឹងក្រុមខ្លាំង Atletico Madrid ក្នុងវគ្គ ៨ក្រុមពានរង្វាន់អឺរ៉ុប UEFA Champions League 2016-17 និងបានជួបនូវវិបត្តិហិរញ្ញវត្ថុជាខ្លាំង ក្រោយការស្លាប់បាត់បង់ជីវិតរបស់លោក Vichai Srivaddhanaprabha ដែលជាម្ចាស់ក្លិបអង់គ្លេសនេះ ដោយការធ្លាក់ឧទ្ធភចក្រ ២ឆ្នាំបន្ទាប់ ក្រោយការគ្រង់ជើងឯក Premier League រួចមក៕