បំបែកកំណត់ត្រាថ្មី! ក្រុមហ៊ុន CATL បង្ហាញអាគុយជំនាន់ទី៣ «Shenxing LFP» អាចសាកថ្មពី ១០% ទៅ ៨០% ប្រើពេលមិនដល់ ៤នាទីផង

22-04-2026 09:53

(ភ្នំពេញ)៖ ក្រុមហ៊ុនផលិតអាគុយរថយន្តអគ្គិសនីខ្នាតយក្សរបស់ចិន CATL បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានប្រកាសដាក់បង្ហាញជាផ្លូវការនូវបច្ចេកវិទ្យាអាគុយជំនាន់ទី៣ របស់ខ្លួនដែលមានឈ្មោះថា «Shenxing LFP Battery»។ បច្ចេកវិទ្យាថ្មីនេះ បានបង្កើតនូវកំណត់ត្រាល្បឿននៃការសាកថ្មដែលមិនធ្លាប់មានពីមុនមក ក្នុងវិស័យរថយន្តអគ្គិសនី (EV)។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CarNewsChina បានឱ្យដឹងថា នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។

អាគុយប្រភេទថ្មីនេះមានសមត្ថភាពអស្ចារ្យដែលអាចឱ្យអ្នកបើកបរក្នុងកម្រិតលេចធ្លោ ជាមួយបច្ចេកវិទ្យាសាកថ្មពី ១០% ឡើងទៅដល់ ៨០% ចំណាយពេលត្រឹមតែ ៣នាទី និង ៤៤វិនាទី ប៉ុណ្ណោះ និងការសាកថ្មពី ១០% ឡើងទៅដល់ ៩៨% ចំណាយពេលត្រឹមតែ ៦នាទី និង ២៧វិនាទី។

ដោយយោងតាមបច្ចេកវិទ្យាថ្មីនេះ បានធ្វើឱ្យ «Shenxing LFP Battery» មានកម្លាំងល្បឿននៃការសាកថ្មកម្រិតថ្មី គឺស្ទើរតែស្មើទៅនឹងរយៈពេលនៃការចាក់សាំងរថយន្តទូទៅទៅហើយ ដែលនេះគឺជាដំណោះស្រាយដ៏សំខាន់បំផុតក្នុងការលុបបំបាត់ក្តីបារម្ភរបស់អ្នកប្រើប្រាស់លើការរង់ចាំការសាកថ្មរថយន្តយូរ។

បច្ចេកវិទ្យាអាគុយ Shenxing ជំនាន់ទី៣ នេះ ត្រូវបានអភិវឌ្ឍឡើងដោយប្រើប្រាស់សារធាតុ LFP (Lithium Iron Phosphate) ដែលត្រូវបានគេស្គាល់ថាមានសុវត្ថិភាពខ្ពស់ និងតម្លៃសមរម្យ។ ហើយអ្វីដែលកាន់តែពិសេសនោះ ក្រុមហ៊ុនបានបញ្ជាក់ថា ទោះបីជាមានល្បឿនសាកលឿនខ្លាំងយ៉ាងណាក៏ដោយ ក៏អាគុយនេះនៅតែរក្សាបាននូវស្ថិរភាពកម្ដៅ និងអាយុកាលប្រើប្រាស់បានយូរអង្វែងផងដែរ។

អ្នកជំនាញក្នុងវិស័យយានយន្តបានលើកឡើងថា ការឈានជើងមកដល់នៃបច្ចេកវិទ្យាអាគុយជំនាន់ថ្មីរបស់ក្រុមហ៊ុន CATL នឹងក្លាយជាកម្លាំងចលករដ៏ធំមួយក្នុងការជំរុញការប្រើប្រាស់រថយន្តអគ្គិសនីនៅទូទាំងពិភពលោក ជាពិសេសសម្រាប់រថយន្តដែលប្រើប្រាស់ស្ថាបត្យកម្មគ្រឿងបង្គំអគ្គិសនីកម្រិតខ្ពស់ (High-voltage platform)។

គួរបញ្ជាក់ថា ក្រុមហ៊ុន CATL គឺជាក្រុមហ៊ុនផ្គត់ផ្គង់អាគុយលេខ១ នៅលើពិភពលោក ដែលបច្ចុប្បន្នកំពុងសហការផ្គត់ផ្គង់ផលិតឱ្យក្រុមហ៊ុនរថយន្តល្បីៗជាច្រើនដូចជា Tesla, BMW, Volkswagen និងក្រុមហ៊ុនរថយន្តឈានមុខជាច្រើនទៀត៕