Google យល់ព្រមបង់ប្រាក់ ១៣៥ លានដុល្លារ សងជំងឺចិត្តដល់អ្នកប្រើប្រាស់ Android

22-04-2026 10:39

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google បានសម្រេចកិច្ចព្រមព្រៀងជាផ្លូវការក្នុងការបង់ប្រាក់ចំនួន ១៣៥ លានដុល្លារ ដើម្បីបញ្ចប់បណ្ដឹងតវ៉ារួម ដែលបានចោទប្រកាន់ថា ប្រព័ន្ធប្រតិបត្តិការ Android បានលួចបញ្ជូនទិន្នន័យទៅកាន់ក្រុមហ៊ុនដោយគ្មានការអនុញ្ញាតពីអ្នកប្រើប្រាស់។ ការចោទប្រកាន់នេះបានបញ្ជាក់ថា សកម្មភាពលួចបញ្ជូនទិន្នន័យនេះបានធ្វើឱ្យអ្នកប្រើប្រាស់ត្រូវខាតបង់ទិន្នន័យសេវាទូរសព្ទ (Cellular Data) ដោយមិនដឹងខ្លួន។

តើនរណាខ្លះដែលអាចមានសិទ្ធិទទួលបានប្រាក់សងនេះ? យោងតាមការចុះផ្សាយរបស់ BGR និង CBS News កាលពីខែមេសា ឆ្នាំ២០២៦ នេះ លក្ខខណ្ឌចម្បងៗដើម្បីទទួលបានប្រាក់រួមមាន៖
- ទីតាំង៖ ត្រូវតែជាបុគ្គលដែលរស់នៅក្នុងសហរដ្ឋអាមេរិក។
- ឧបករណ៍ និងសេវា៖ ប្រើប្រាស់ទូរសព្ទដែលដំណើរការដោយ Android (ដូចជា Samsung, Google Pixel, Motorola ជាដើម) ដែលមានភ្ជាប់គម្រោងសេវាទូរសព្ទ (Cellular Plan) សកម្ម។
- កាលបរិច្ឆេទ៖ បានប្រើប្រាស់ឧបករណ៍ទាំងនោះក្នុងចន្លោះពេលចាប់ពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ន។
- ករណីលើកលែង៖ អ្នកដែលធ្លាប់បានចូលរួមក្នុងបណ្ដឹង Csupo v. Google LLC នៅរដ្ឋកាលីហ្វ័រញ៉ារួចហើយ នឹងមិនត្រូវបានរាប់បញ្ចូលក្នុងករណីនេះឡើយ។

តើអ្នកនឹងទទួលបានប្រាក់ចំនួនប៉ុន្មាន? ទោះបីជាទឹកប្រាក់សរុបមានចំនួន ១៣៥ លានដុល្លារក៏ដោយ ប៉ុន្តែចំនួនដែលបុគ្គលម្នាក់ៗទទួលបានអាចនឹងមិនច្រើននោះទេ ដោយសារចំនួនអ្នកដែលត្រូវទទួលបានអាចមានរហូតដល់ ១០០ លាននាក់។ តាមការប៉ាន់ស្មាន អ្នកដែលដាក់ពាក្យស្នើសុំអាចនឹងទទួលបានប្រាក់ចន្លោះពី ១០ ទៅ ១០០ ដុល្លារ អាស្រ័យលើចំនួនអ្នកចូលរួមសរុប និងក្រោយពេលដកថ្លៃចំណាយលើមេធាវី និងតុលាការ។

ប្រសិនបើអ្នកស្ថិតក្នុងលក្ខខណ្ឌខាងលើ អ្នកគួរតែពិនិត្យមើលអ៊ីមែល ឬប្រអប់សំបុត្ររបស់អ្នក ដើម្បីស្វែងរក «លេខសម្គាល់ការជូនដំណឹង» និង «លេខកូដបញ្ជាក់» ។ បន្ទាប់មក លោកអ្នកអាចចូលទៅកាន់គេហទំព័រផ្លូវការរបស់ករណីនេះ ដើម្បីជ្រើសរើសវិធីសាស្ត្រទទួលប្រាក់ដែលអ្នកពេញចិត្ត។ តុលាការនឹងធ្វើការសម្រេចចិត្តចុងក្រោយលើការអនុម័តកិច្ចព្រមព្រៀងនេះ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ៕