គ្រូបង្វឹកព្រះខ័នរាជ នៅតែមិនអស់ចិត្ត នឹងការប្រើពេលរាប់ខែ ក្នុងការផ្លាស់ប្ដូរការប្រកួត Shoppe Cup
22-04-2026 13:09
(ភ្នំពេញ)៖ លោក McConkey Mattew គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានសម្ដែងនូវការពេញចិត្ត និងហាក់មិនអស់ចិត្ត ហេតុអ្វីការផ្លាស់ប្ដូរការប្រកួតពានរង្វាន់ជើងឯកក្លិបបាល់ទាត់អាស៊ាន ASEAN Club Championship 2025/26 ទល់នឹងក្រុម Bangkok United របស់ថៃ ត្រូវចំណាយពេលរាប់ខែ ទាំងទទួលព័ត៌មានអំពីការផ្លាស់ប្ដូរនេះ តាំងពីខែធ្នូ ឆ្នាំ២០២៥?
នេះបើតាមការលើកឡើងក្នុងសន្និសីទសារព័ត៌មាន ស្របពេលក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ត្រូវប្រកួតបង្គ្រប់កិច្ចក្នុងពូល B ទល់នឹងក្រុម Bangkok United នាវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅទឹកដីកណ្ដាល នាទីក្រុងហាណូយ ប្រទេសវៀតណាម បន្ទាប់ពីការប្រកួតនេះ ត្រូវបានលើកពេលមកពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ដែលត្រូវប្រកួតនៅទឹកដីកម្ពុជា។
លោកថា ការចំណាយពេលរាប់សប្ដាហ៍ រហូតដល់ច្រើនខែ ដើម្បីសម្រេចការផ្លាស់ប្ដូរការប្រកួតនេះ បានផ្ដល់នូវផលប៉ះពាល់សម្រាប់ក្រុមខ្លួន ដែលកំពុងមានកាលបវិភាគប្រកួតដ៏មមាញឹក ទាំងពានក្នុងស្រុក ក៏ដូចជាពានអន្ដរជាតិ។ ជាក់ស្ដែងដំបូងឡើយថ្ងៃទី២២ ខែមេសា គឺជាថ្ងៃដែលព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFC Challenge League 2025/26 ទល់ក្រុមម្ចាស់ផ្ទះ Manila Digger របស់ហ្វីលីពីន ក្រៅដី កាលពីចុងសប្ដាហ៍មុន។
គ្រូបង្វឹកជនជាតិអៀរឡង់ខាងលើបន្ដថា «វាជាការរអាក់រអួលដ៏ធំមួយចំពោះក្លិបបាល់ទាត់របស់យើង ទាក់ទឹងការប្រកួតផ្សេងៗទៀត ដែលយើងត្រូវលេងត្រៀមខ្លួនបាន ហើយយើងអាចឈ្នះ និងធ្វើបានល្អ។ ប៉ុន្ដែដូចខ្ញុំនិយាយ ការប្រកួត Shopee Cup ក្នុង ២រដូវកាលចុងក្រោយនេះល្អ តែនេះខ្ញុំគិតថា ចាំបាច់ត្រូវមើល ហើយតើការប្រកួតត្រូវកំណត់ពេលឡើងវិញ។ នៅពេលអនាគត ដោយសារការផ្លាស់ប្ដូរនៅក្នុងការប្រកួតនេះ សម្រាប់ខ្ញុំ វាមិនអាចទទួលយកបាននោះទេ»។
លោក McConkey បន្ថែមទៀតថា លោកមិនចង់ចូលទៅក្នុងរឿងនយោបាយថា ហេតុអ្វីបានជាការប្រកួតនេះ ត្រូវផ្លាស់ប្តូរនោះទេ ប៉ុន្តែចំណុចសំខាន់នៃរឿងនេះ គឺការផ្លាស់ប្ដូរការប្រកួតនេះ បានដឹងតាំងពីកំឡុងខែធ្នូ ពោលគឺ ៦សប្ដាហ៍មុនការប្រកួតផ្លូវការ ដែលត្រូវលេងនាចុងខែមករា ឆ្នាំ២០២៦។ បន្ទាប់មកបានពន្យារពេល ២ ទៅ ៣ខែទៀត ទើបទទួលបានពីការប្រកួតនៅទឹកដីកណ្ដាល ចំពេលដែលក្លិបត្រូវលេងវគ្គ ១/២ ពានសម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាការត្រៀមលេងវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League 2025/26។
លោកបានសង្កត់ធ្ងន់ថា «ការត្រៀមខ្លួនលេងនៅថ្ងៃនេះ មិនមែនជាបញ្ហាទេ តែអ្វីដែលសំខាន់ គឺការផ្លាស់ប្ដូរទីលាន។ ឥឡូវយើងនៅសល់ ២សប្ដាហ៍ត្រូវបញ្ចប់រដូវកាលរបស់យើង។ តាមពិតមានក្លិបផ្សេងទៀតនៅកម្ពុជា ត្រូវកំណត់ពេលប្រកួតឡើងវិញ ទាំងពួកគេមិនចង់ធ្វើ។ ដូច្នេះខ្ញុំមិនដឹងថា តើគេមាននីតិវិធីអ្វី សម្រាប់របៀបដែលគេកំណត់ពេលការប្រកួត ហើយត្រូវប្រើពេលយូរដល់ថ្នាក់នឹងទេ? ប្រសិនបើអ្នកដឹងពីការផ្លាស់ប្ដូរ តាំងពីខែធ្នូ ហើយយើងត្រូវលេងក្នុងខែមករា។ ហេតុអ្វីបានជាវាមិនអាចលេងនៅទីនេះ ពេលនេះ នៅខែមករា? ខ្ញុំមិនយល់? វាគ្រាន់តែជាការខ្វះការគិតទុកជាមុន ហើយអ្នកដែលរងគ្រោះគឺក្រុមយើង និងក្លិបមួយចំនួនទៀតនៅកម្ពុជា»។
សូមរំឮកថា ព្រះខ័នរាជស្វាយរៀង បានសម្រេចចិត្តទៅលេងនៅទឹកដីកណ្ដាល តាមការរៀបចំរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) បន្ទាប់ពីក្លិប Bangkok United បដិសេធមិនធ្វើដំណើរមកប្រកួតនៅកម្ពុជា ព្រោះបារម្ភពីបញ្ហាសុវត្ថិភាព ដោយសារបញ្ហាព្រំដែន។ ជុំវិញការប្រកួតនេះដែរ មានផលវិបាក និងឥទ្ធិពលមិនល្អជាច្រើន បានជះដល់ក្លិប ទើបក្នុងនាមក្រុមចូលរួមលេងពាននេះ សម្រេចយល់ព្រមលេងនៅវៀតណាម។ ករណីបើព្រះខ័នរាជស្វាយរៀង បដិសេធចូលរួម អាចនឹងមានការផាកពិន័យជាប្រាក់រហូតដល់ ១លានដុល្លារអាមេរិក រួមទាំងការហាមឃាត់មិនឱ្យចូលរួមការប្រកួតផ្សេងៗរហូតដល់ ២ឆ្នាំ និងព្រមទាំងទណ្ឌកម្មបន្ថែមផ្សេងៗទៀត៕







