កក្រើកអ្នកជិះ EV! អាគុយជំនាន់ទី៣ «Qilin» មានកម្លាំងបញ្ចេញថាមពលដល់ 3,000kW និងអាគុយ Condensed Matter ជិះបាន ១៥០០គីឡូម៉ែត្រ
22-04-2026 14:20
(ភ្នំពេញ)៖ ក្រុមហ៊ុនផលិតអាគុយ CATL បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាថ្មីម្តងទៀត ជាមួយនឹងការប្រកាសដាក់ចេញនូវកំពូលបច្ចេកវិទ្យាអាគុយចំនួនពីរប្រភេទ គឺអាគុយ Qilin ជំនាន់ទី៣ និងអាគុយ Condensed Matter ដែលមានសមត្ថភាពខ្ពស់ហួសពីការស្មាន ដែលការបង្ហាញនេះធ្វើឡើងនៅក្នុងព្រឹត្តិការណ៍បច្ចេកវិទ្យាប្រចាំឆ្នាំ២០២៦ នៅប្រទេសចិន ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CarNewsChina នាពេលថ្មីៗនេះ ។
ការវិវត្តន៍ថ្មីនេះនឹងផ្លាស់ប្តូរមុខមាត់រថយន្តអគ្គិសនី (EV) ដូចខាងក្រោម៖
១. អាគុយ Qilin ជំនាន់ទី៣ (3rd-Gen Qilin Battery) មានបង្កើនកម្លាំងខ្លាំងអស្ចារ្យ ដោយអាគុយនេះមានសមត្ថភាពបញ្ចេញថាមពល (Peak Output) រហូតដល់ ៣,០០០គីឡូវ៉ាត់ (kW) ដែលអនុញ្ញាតឱ្យរថយន្តស្ព័រអគ្គិសនីអាចបង្កើនល្បឿនពី ០ ដល់ ១០០គីឡូម៉ែត្រ/ម៉ោង លឿនជាងមុនដល់ទៅ ០.៦ វិនាទី។ ហើយការសាកថ្ម គឺទ្រទ្រង់ការសាកថ្មបច្ចេកវិទ្យាល្បឿនលឿនកម្រិត 10C និងអាចឡើងដល់ 15C ក្នុងដំណាក់កាលខ្ពស់បំផុត។
ជាមួយភាពធន់ និងអាយុកាលដោយសារ Qilin ជំនាន់ទី៣ (3rd-Gen Qilin Battery) មានទម្ងន់ស្រាលជាងមុន វាជួយកាត់បន្ថយបន្ទុកលើប្រព័ន្ធជើងក្រោម (Chassis) ដែលធ្វើឱ្យគ្រឿងបន្លាស់ជើងក្រោមប្រើបានយូរជាងមុន ៤០% និងសម្បកកង់ប្រើបានយូរជាងមុន ៣០%។
២. អាគុយ Condensed Matter (Condensed Matter Battery) គឺមានដង់ស៊ីតេថាមពលខ្ពស់បំផុត ជាមួយកម្រិតថាមពលដល់ 350Wh/kg ដែលជាកម្រិតបច្ចេកវិទ្យាប្រើប្រាស់ក្នុងវិស័យអាកាសចរណ៍។ បច្ចេកវិទ្យានេះអាចផ្តល់ឱ្យរថយន្តប្រភេទ Sedan ទំនើបៗអាចរត់បានចម្ងាយរហូតដល់ ១,៥០០គីឡូម៉ែត្រ ក្នុងការសាកមួយពេញ និងរហូតដល់ ១,០០០គីឡូម៉ែត្រ សម្រាប់រថយន្ត SUV ខ្នាតធំ។ ជាមួយកម្រិតសុវត្ថិភាពអាគុយប្រភេទនេះបង្កើតឡើងដោយសារធាតុពាក់កណ្ដាលរឹង (Semi-solid state) ដែលអាចកាត់បន្ថយហានិភ័យនៃការឆាបឆេះដល់កម្រិតសូន្យ។
ក្នុងឱកាសនោះ លោក Gao Huan ប្រធានផ្នែកបច្ចេកវិទ្យា (CTO) របស់ក្រុមហ៊ុន CATL បានបញ្ជាក់ថា ការឈានមកដល់នៃបច្ចេកវិទ្យាកម្រិតទាំងនេះ មិនត្រឹមតែផ្ដោតលើល្បឿនសាកប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីពង្រឹងសមត្ថភាពបើកបរ (Driving Performance) និងសុវត្ថិភាពអ្នកប្រើប្រាស់ឱ្យដល់កម្រិតកំពូល។
គួរបញ្ជាក់ផងដែរថា អាគុយ Condensed Matter នេះ ក៏កំពុងត្រូវបានសាកល្បងប្រើប្រាស់លើយន្តហោះដោយប្រើថាមពលអគ្គិសនី (eVTOL) គឺជាយានជំនិះទំនើបដែលដំណើរការដោយថាមពលថ្ម (eVTOL) រួចជាស្រេចហើយ ខណៈបច្ចុប្បន្ន CATL កំពុងនាំយកបច្ចេកវិទ្យានេះមកបំពាក់លើរថយន្តប្រើប្រាស់ទូទៅ ដែលនឹងក្លាយជាសមិទ្ធផលដ៏ធំធេងចាប់ពីឆ្នាំ២០២៦ តទៅ៕



