មន្ដ្រីកីឡាកម្ពុជា បញ្ជាក់មូលហេតុបញ្ជូនប្រតិភូកីឡាតិច ចូលរួមប្រកួតកីឡាលើឆ្នេរខ្សាច់អាស៊ី នៅចិន

22-04-2026 14:27

(ភ្នំពេញ)៖ កម្ពុជា បានបញ្ជូនអត្តពលិកចំនួន ៤ប្រភេទកីឡា រួមមានកីឡាចំបាប់ ជឺជីតស៊ូ ទ្រីអាត្លុង និងបាល់ទាត់លើតុ ចូលរួមព្រឹត្តិការណ៍កីឡាលើឆ្នេរខ្សាច់អាស៊ី លើកទី៦ ឆ្នាំ២០២៦ នៅទីក្រុង Sanya នៃសាធារណរដ្ឋប្រជាមានិតចិន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២-៣០ ខែមេសា ខណៈសរុបប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំងជាង ២០នាក់ប៉ុណ្ណោះ។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានដឹងថា បេសកកម្មលើកនេះ កម្ពុជាបានបញ្ជូនប្រតិភូកីឡាតិចបំផុត បើធៀបកាលចូលរួមប្រកួតកីឡាលើឆ្នេរខ្សាច់អាស៊ី លើកទី៥ នៅប្រទេសវៀតណាមកាលពីឆ្នាំ២០១៦។ ការសម្រេចបញ្ជូនអត្តពលិកត្រឹម ៤ប្រភេទកីឡាពីអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡានេះ គឺដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយចំណាយ។ យ៉ាងណាលោកសង្ឃឹមថា ក្រុមអត្តពលិកកម្ពុជា នឹងអាចទទួលបានលទ្ធផលជាទីគាប់ចិត្តវិលត្រលប់មកមាតុភូមិវិញ។

ទន្ទឹមជាមួយគ្នា មន្ដ្រីជាន់ខ្ពស់កីឡាកម្ពុជាខាងលើ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្ដល់ឱកាសដល់ក្រុមអត្តពលិកចូលរួមប្រកួត ទោះបីកាលៈទេសៈសេដ្ឋកិច្ចសកលមិនសូវអំណោយផល ដើម្បីរក្សាបាននូវសិទ្ធិជាសមាជិកភាពរបស់ចលនាអូឡាំពិកអាស៊ី និងជាឱកាសត្រួតពិនិត្យលទ្ធភាពក្នុងការចូលរួមព្រឹត្តិការណ៍នេះ នៅ ៤ឆ្នាំក្រោយ ដែលហ្វីលីពីន នឹងធ្វើម្ចាស់ផ្ទះនាឆ្នាំ២០៣០ ខាងមុខ។

គួរដឹងថា គិតត្រឹមពេលនេះ ប្រតិភូ និងអត្តពលិក ៣ប្រភេទកីឡា ដែលដឹកនាំដោយលោក វ៉ាត់ ចំរើន បានធ្វើដំណើរទៅដល់ទីក្រុង Sanya ហើយ ដើម្បីត្រៀមចូលរួមពិធីបើកការប្រកួតកីឡាលើឆ្នេរខ្សាច់អាស៊ី លើកទី៦ ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២២ ខែមករានេះ។ សម្រាប់ប្រភេទកីឡា ដែលធ្វើដំណើរដល់ទីតាំងប្រកួតមុនគេ រួមមានកីឡាជឺជីតស៊ូ ទ្រីយ៉ាត្លុង និងបាល់ទាត់លើតុ គ្រាដែលកីឡាចំបាប់ គ្រោងនឹងធ្វើដំណើរចាកចេញពីមាតុភូមិនាចុងសប្ដាហ៍នេះ៕