Chelsea ដកគ្រូបង្វឹក Rosenior ចេញពីតំណែង ដែលទើបដឹកនាំបានតិចជាង ៤ខែ ក្រោមកិច្ចសន្យា ៥ឆ្នាំកន្លះ
23-04-2026 09:39
(ឡុងដ៍)៖ ក្លិបបាល់ទាត់អាជីព Chelsea បានសម្រេចចែកផ្លូវជាមួយអ្នកចាត់ការទូទៅ លោក Liam Rosenior ក្រោយពេលតែងតាំងដឹកនាំមិនដល់ ៤ខែស្រួលបួលផងនៃកិច្ចសន្យាមានដល់ទៅ ៥ឆ្នាំកន្លះឯណោះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ការបំពេញតួនាទីនៅកីឡដ្ឋាន Stamford Bridge នាប្រទេសអង់គ្លេស បុរសវ័យ ៤១ឆ្នាំខាងលើនេះ បានដឹកនាំតោខៀវសរុប ២៣ប្រកួត ដោយឈ្នះបាន ១១លើក ចាញ់ ១០លើក និងស្មើ ២លើកទៀតផង ជំនួសតំណែងលោក Enzo Maresca ដែលបានលាឈប់កាលពីអំឡុងខែមករា ឆ្នាំ២០២៦ កន្លងទៅ។
នៅចាំបានថា លោក Rosenior ត្រូវបានផ្តល់សេចក្តីទុកចិត្តមកដឹកនាំក្លិបរបស់អង់គ្លេស Chelsea ក្នុងនាមគ្រូបង្វឹកលេចធ្លោមួយរូប ដែលបានរួមចំណែកជួយក្រុមនៅក្របខណ្ឌ Ligue 1 របស់បារាំងគឺ Strasbourg លេងក្នុងពានអឺរ៉ុបលើកដំបូងក្នុងរយៈពេល ៨ឆ្នាំ នៅពេលដែល Chelsea ក៏ទើបដណ្តើមបានជើងឯក FIFA Club World Cup 2025 ជាលើកដំបូងផងដែរ។
ភាពតានតឹងមុនឈានដល់ការដកតំណែងផងនោះ គឺបានកើតឡើងមានរយៈពេលមិនដល់ ២៤ម៉ោងផង បន្ទាប់ពីលោក Rosenior បានធ្វើការរិះគន់កូនក្រុមរបស់លោកជាសាធារណៈ ក្រោយបរាជ័យក្រោមថ្វីជើងរបស់ Brighton កាលពីរាត្រីថ្ងៃអង្គារក្នុងលីគ Premier League នៃសប្តាហ៍ទី៣៤ ញាំងឱ្យពួកគេធ្លាក់ដល់លេខ៨ នៅក្រៅតំបន់កៅអីលេងពានអឺរ៉ុបផងនោះ៕



