Microsoft សម្រុកបោះទុនជិត ១៨ ពាន់លានដុល្លារ ធ្វើឱ្យអូស្ត្រាលីក្លាយជា «មហាអំណាច AI»

23-04-2026 10:26

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft បានប្រកាសពីគម្រោងវិនិយោគខ្នាតយក្សក្នុងទឹកប្រាក់ ២៥ ពាន់លានដុល្លារអូស្ត្រាលី (ប្រហែល ១៧,៩ ពាន់លានដុល្លារ) ដើម្បីពង្រីកសក្តានុពលបញ្ញាសិប្បនិម្មិត (AI) និងប្រព័ន្ធកុំព្យូទ័រនៅក្នុងប្រទេសអូស្ត្រាលីត្រឹមឆ្នាំ ២០២៩។ ការបោះទុននេះ នឹងផ្តោតសំខាន់លើការសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យកម្រិតខ្ពស់ ការពង្រឹងសុវត្ថិភាពបណ្តាញអ៊ីនធឺណិត និងការបណ្តុះបណ្តាលជំនាញ AI ដល់ពលរដ្ឋ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។

ជុំវិញការសម្រេចចិត្តដ៏ធំធេងនេះ លោក Satya Nadella នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Microsoft បានសង្កត់ធ្ងន់ថា៖ «ប្រទេសអូស្ត្រាលីមានឱកាសដ៏ធំធេងក្នុងការបំប្លែង AI ឱ្យទៅជាកំណើនសេដ្ឋកិច្ចជាក់ស្តែង និងអត្ថប្រយោជន៍សម្រាប់សង្គម។ នោះហើយជាមូលហេតុដែលយើងសម្រេចចិត្តធ្វើការវិនិយោគដ៏ធំបំផុតមិនធ្លាប់មានរបស់យើងនៅក្នុងប្រទេសអូស្ត្រាលីនាពេលនេះ»

គួរជម្រាបថា គម្រោងថ្មីនេះ គឺជាជំហានបន្តបន្ទាប់ពីការវិនិយោគ ៥ ពាន់លានដុល្លារកាលពីឆ្នាំ ២០២៣ ដែលបង្ហាញពីមហិច្ឆតារបស់ Microsoft ក្នុងការប្រែក្លាយអូស្ត្រាលីឱ្យទៅជាមជ្ឈមណ្ឌលបច្ចេកវិទ្យា Cloud និង AI ឈានមុខគេក្នុងតំបន់។ ការវិនិយោគនេះ មិនត្រឹមតែជួយដល់វិស័យបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែវានឹងក្លាយជាក្បាលម៉ាស៊ីនរុញច្រានសេដ្ឋកិច្ចជាតិអូស្ត្រាលីទាំងមូល តាមរយៈការបង្កើតឱកាសថ្មីៗក្នុងយុគសម័យឌីជីថល៕