សារ៉េត គ្រីយ៉ា ថា ទោះមិនអាចឡើងវគ្គបន្ដ តែកម្រិតលេងព្រះខ័នរាជ អត់ឆ្ងាយពីក្រុមខ្លាំងៗក្នុងតំបន់ឡើយ

23-04-2026 11:03

(ភ្នំពេញ)៖ ខ្សែការពារដ៏លេចធ្លោររបស់ព្រះខ័នរាជស្វាយរៀង សារ៉េត គ្រីយ៉ា ថា ទោះបីមិនអាចឡើងវគ្គបន្ដ នៃជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥/២៦ តែកម្រិតលេងរបស់ក្រុម អត់នៅឆ្ងាយពីក្រុមខ្លាំងៗក្នុងតំបន់ឡើយ។

នេះបើតាមការលើកឡើងក្នុងសន្និសីទសារព័ត៌មាន ក្រោយជំនួបបញ្ចប់ពូល B នៃពានរង្វាន់ប្រចាំតំបន់ខាងលើ កាលពីរាត្រីថ្ងៃពុធកន្លងទៅ ដោយព្រះខ័នរាជស្វាយរៀង បានវាយបកស្មើក្រុម Bangkok United របស់ថៃ ១-១ នៅទឹកដីកណ្ដាល នាទីក្រុងហាណូយ របស់វៀតណាម។

ក្រោយជំនួបបង្គ្រប់កិច្ចខាងលើ គ្រីយ៉ា លើកឡើងថា «ថ្ងៃនេះ ពួកយើងធ្វើបានល្អ ទោះលទ្ធផលនេះ មិនមែនជាលទ្ធផលដែលយើងចង់បាន។ យើងពិតជាសោកស្ដាយ ដែលយើងមិនអាចឡើងទៅវគ្គបន្ដ តាមអ្វីដែលយើងបានគ្រោងទុក ប៉ុន្ដែពួកយើងធ្វើបានយ៉ាងល្អ ទោះបីយើងមិនអាចឡើងទៅវគ្គបន្ទាប់ ក៏កម្រិតលេងពួកយើង អត់ឃ្លាតឆ្ងាយពីគូប្រកួត ដូចជាក្រុម Johor ឬ Nam Dinh ដែលសុទ្ធតែជាក្រុមខ្លាំងៗប្រចាំអាស៊ានរបស់យើង»។

គួរដឹងថា ការប្រកួតនៅទឹកដីកណ្ដាលនៅទីក្រុងហាណូយ ក្រោយពន្យារពេលជិត ៣ខែ ពីកាលវិភាគប្រកួតចាស់ ដែលត្រូវប្រកួតតាំងពីថ្ងៃទី២៩ ខែមករា នៅរាជធានីភ្នំពេញ កីឡាករ សារ៉េត គ្រីយ៉ា បានរកគ្រាប់តាមស្មើនៅនាទី៤៥+១ បន្ទាប់ពីត្រូវ Bangkok United នាំមុខ ១គ្រាប់មុននៅនាទី១៦ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង។

សរុបលទ្ធផលក្រោយបញ្ចប់យុទ្ធនាការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥/២៦ ព្រះខ័នរាជស្វាយរៀង បានឈរលេខរៀងទី៣ ក្នុងពូល B ដោយរកបាន ៨ពិន្ទុ ជាមួយលទ្ធផល ៥ប្រកួត ឈ្នះ ២ ស្មើ ២ និងចាញ់ ១ ពោលគឺមានឈ្នះក្រុមមីយ៉ាន់ម៉ា Shan United ៣-០, ឈ្នះក្រុម Lion City របស់សិង្ហបុរី ២-០, ស្មើក្រុម Johor Darul Ta’zim របស់ម៉ាឡេស៊ី ២-២, ស្មើ Bangkok United ១-១ និងចាញ់ក្រុម Nam Dinh របស់វៀតណាម ២-១៕