អ្នកបើកអាចភ្លេចចាក់សាំង! អាគុយជំនាន់ថ្មីទី២ «Freevoy» បង្កើតសម្រាប់រថយន្ត Hybrid អាចរត់ដោយថាមពលអគ្គិសនីសុទ្ធរហូតដល់ ៦០០គីឡូម៉ែត្រ

23-04-2026 11:06

(បរទេស)៖ ក្រុមហ៊ុនផលិតអាគុយរថយន្តអគ្គិសនីធំជាងគេបំផុតនៅលើពិភពលោក CATL បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងវិស័យយានយន្ត ដោយការប្រកាសដាក់បង្ហាញនូវបច្ចេកវិទ្យាអាគុយជំនាន់ថ្មីដែលមានឈ្មោះថា «Freevoy Super Hybrid Battery» ជំនាន់ទី២ ហើយវាគឺជាអាគុយប្រភេទរថយន្ត Hybrid ដំបូងគេបង្អស់ដែលរួមបញ្ចូលគ្នានូវសារធាតុគីមីពីរប្រភេទ (LFP និង NCM) ដែលមានកម្រិតភាគល្អិតដូចម្សៅ (Powder Level) អាចរុញច្រានសមត្ថភាពរថយន្តប្រភេទ EREV ឱ្យរត់បានឆ្ងាយមិនធ្លាប់មាន រួមជាមួយគុណសម្បិត្តជាច្រើនត្រូវបានបំពាក់ចូល។

សម្រាប់បច្ចេកវិទ្យាលាយសារធាតុគីមីកម្រិតភាគល្អិត (LFP + NCM) មានលក្ខណៈពិសេសបំផុតនៃអាគុយ Freevoy ជំនាន់ទី២ នេះ គឺការប្រើប្រាស់បច្ចេកវិទ្យា «Gradient-Uniform Mixing»។ ដែលក្រុមហ៊ុន CATL បានយកសារធាតុ LFP (Lithium Iron Phosphate) ដែលល្បីខាងភាពធន់ និងតម្លៃសមរម្យ មកលាយបញ្ចូលគ្នាជាមួយសារធាតុ NCM (Nickel Cobalt Manganese) ដែលខ្លាំងខាងដង់ស៊ីតេថាមពលខ្ពស់ ហើយការលាយបញ្ចូលគ្នានៅកម្រិតភាគល្អិតដូចម្សៅនេះ ធ្វើឱ្យអាគុយមានដង់ស៊ីតេថាមពលខ្ពស់ជាងមុន និងមានស្ថិរភាពខ្លាំង។

ជាមួយរយៈចម្ងាយបើកបរដ៏អស្ចារ្យត្រូវបានកំណត់ថា អាចរត់បានដល់ទៅ ៦០០គីឡូម៉ែត្រ ដោយមិនប្រើសាំង ដែលជាទូទៅរថយន្តប្រភេទ Hybrid ឬ EREV អាចរត់ដោយអគ្គិសនីសុទ្ធបានត្រឹម ១០០ ទៅ ២០០គីឡូម៉ែត្រប៉ុណ្ណោះ ប៉ុន្តែអាគុយប្រភេទថ្មី Freevoy ជំនាន់ទី២ ត្រូវបានកំណត់ស្តង់ដារថ្មី ដោយប្រភេទ NCM (High-end) អាចរត់បានចម្ងាយដល់ទៅ ៦០០គីឡូម៉ែត្រ (EV Range) ក្រោយពេលសាកពេញមួយដង។ ហើយប្រភេទ LFP អាចរត់បានចម្ងាយ ៥០០គីឡូម៉ែត្រ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់សាកថ្មតែ ម្តងក្នុងមួយសប្តាហ៍សម្រាប់ការធ្វើដំណើរជិតៗ។

តាមការបង្ហាញប្រសិនបើប្រើទាំងអគ្គិសនី និងម៉ាស៊ីនសាំងជំនួយនោះ ចម្ងាយបើកបរសរុបអាចលើសពី ២,០០០គីឡូម៉ែត្រ។ ជាមួយសមត្ថភាពសាកថ្មល្បឿនលឿនកម្រិត 10C មិនត្រឹមតែរត់បានឆ្ងាយនោះទេ អាគុយប្រភេទនេះបានបំពាក់បច្ចេកវិទ្យាសាកថ្មល្បឿនលឿនបំផុត 10C Ultra-fast Charging តាមស្តង់ដារ។ ខណៈតាមរបាយការណ៍បច្ចេកទេស គឺជួយកាត់បន្ថយពេលវេលារង់ចាំនៅស្ថានីយសាកថ្មបានយ៉ាងច្រើន ដែលជិតឈានទៅរកល្បឿនសាករបស់រថយន្តអគ្គិសនីសុទ្ធ (BEV) កម្រិតកំពូល។

បើនិយាយពីកម្លាំងបញ្ចេញថាមពលខ្លាំង Freevoy Super Hybrid Battery ទោះថ្មនៅសល់តិចចំណុចខ្សោយនៃរថយន្ត Hybrid ភាគច្រើន គឺនៅពេលថ្មចុះខ្សោយ ឡាននឹងមិនសូវមានសន្ទុះ ប៉ុន្តែអាគុយ Freevoy ជំនាន់ទី២នេះ អាចបញ្ចេញកម្លាំងបានរហូតដល់ ១,៥០០គីឡូវ៉ាត់ (1.5 MW) នៅពេលថ្មពេញ និងនៅតែរក្សាបានកម្លាំង ១,២០០គីឡូវ៉ាត់ ទោះបីជាកម្រិតថ្ម (SOC) នៅសល់ត្រឹម ២០% ក៏ដោយ។

ពាក់ព័ន្ធលក្ខខណ្ឌប្រព័ន្ធសុវត្ថិភាព និងភាពធន់កម្រិតខ្ពស់ ក្រុមហ៊ុន CATL ក៏បានពង្រឹងផ្នែកសុវត្ថិភាពយ៉ាងម៉ត់ចត់ផងដែរ ដោយបានបំពាក់ប្រព័ន្ធបច្ចេកវិទ្យាការពារការឆេះ ជាមួយប្រើប្រាស់សារធាតុ Silica Aerogel និងប្រព័ន្ធការពារកម្ដៅកម្រិតខ្ពស់។ហើយការការពារការប៉ះទង្គិចវិញ សម្រាប់ផ្នែកខាងក្រោមអាគុយត្រូវបានស្រោបដោយសារធាតុការពារដែលអាចធន់នឹងកម្លាំងទង្គិចដល់ ១,៥០០ជូល ( 1,500 joules) ដែលខ្លាំងជាងស្តង់ដារជាតិ ១០ដង។

Freevoy Super Hybrid Battery ក៏ទទួលបានប្រព័ន្ធការពារជម្រាបទឹក អាចធន់ក្នុងទឹកជម្រៅ ២ម៉ែត្រ បានរហូតដល់ ២០០ម៉ោង ដោយមិនមានបញ្ហា។ ខណៈការដាក់ចេញនូវអាគុយ Freevoy ជំនាន់ទី២ នេះ ត្រូវបានគេរំពឹងថានឹងធ្វើឱ្យទីផ្សាររថយន្តប្រភេទ Hybrid (PHEV/EREV) កាន់តែមានប្រជាប្រិយភាពខ្លាំង ដោយសារវាបានលុបបំបាត់ក្តីបារម្ភលើរឿងបើកបរផ្លូវឆ្ងាយ និងល្បឿននៃការសាកថ្មបានយ៉ាងមានប្រសិទ្ធភាពបំផុត៕