Yamal រងរបួសខ្លួនឯង ពេលទាត់ប៉េណាល់ទីជួយ Barcelona ឈ្នះ Celta Vigo ទាំងចង្អៀត

23-04-2026 11:31

(បរទេស)៖ ខ្សែប្រយុទ្ធ Lamine Yamal បានរងរបួសខ្លួនឯង នៅអំឡុងពេលទាត់បាល់ប៉េណាល់ទីបានសម្រេច ដែលរួមចំណែកជួយ FC Barcelona យកឈ្នះក្រុមភ្ញៀវ Celta Vigo ១ទល់នឹង០ ទាំងប្រផុតប្រផើយកាលពីរាត្រីថ្ងៃពុធ ក្នុងក្របខណ្ឌ La Liga របស់អេស្ប៉ាញ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករវ័យ ១៨ឆ្នាំរូបនេះទាត់បាល់ពិន័យ ១១ម៉ែត្របានសម្រេចនៅនាទី៤០ ក៏ព្រោះតែខ្សែការពារ Yoel Lago របស់ Celta បានទាក់ជើង Yamal ដួលក្នុងប្រអប់គ្រោះថ្នាក់ និងបានរងរបួសជើងខាងឆ្វេងខ្លួនឯង បន្ទាប់ពីទាត់បាល់ចូលទីរួចមក។

ភ្លាមៗក្រោយការចាកចេញទីលាន ដោយមានជំនួយពីមិត្តរួមក្រុម និងគ្រូពេទ្យផងនោះ Yamal ក៏ត្រូវបានជំនួសដោយ Roony Bardghji តែម្តង ជាមួយនឹងលទ្ធផល ១-០ នៅក្នុងកីឡដ្ឋាន Camp Nou នៅពីមុខអ្នកទស្សនាផ្ទាល់ជិត ៦ម៉ឺននាក់។

គិតត្រឹមពេលនេះ Lamine Yamal រកបាន ១៦គ្រាប់ និងបញ្ជូនបានលើសពី ១១គ្រាប់ផងដែរនៅ La Liga រដូវកាលនេះ ក្នុងនាមកីឡាករវ័យក្មេងលេងល្អប្រចាំព្រឹត្តិការណ៍ Euro 2024 នៅពេលអេស្ប៉ាញជាម្ចាស់ជើងឯក។

ឆ្លងតាមជ័យជម្នះ ៣ពិន្ទុក្នុងដីនេះដែរ នាំឱ្យក្រុមការពារតំណែងមួយនេះ បានបន្តនាំមុខទីកំពូលតារាង La Liga ៩ពិន្ទុដដែលពី Real Madrid ដ្បិតនៅសល់ ៦ប្រកួតទៀតបិទរដូវកាល ២០២៥-២៦ នៃគំលាតពិន្ទុ ៨២ និង ៧៣៕