មន្រ្តីទូតរបស់លោក ដូណាល់ ត្រាំ ប្រាប់ FIFA ស្នើដាក់អ៉ីតាលីជំនួសអ៉ីរ៉ង់ នៅ World Cup 2026
23-04-2026 11:52
(បរទេស)៖ បេសកជនពិសេស ១រូបរបស់សហរដ្ឋអាមេរិក បានស្នើដល់សហព័ន្ធ FIFA ក្នុងការយកក្រុមបាល់ទាត់ជម្រើសជាតិអ៉ីតាលី ជំនួសកៅអីអ៉ីរ៉ង់នៅព្រឹត្តិការណ៍ World Cup 2026 ដែលនឹងឈានចូលមកដល់ក្នុងរយៈពេល ៤៩ថ្ងៃទៀត នៅពេលដែលវត្តមានរបស់ក្រុមស្ថិតនៅតំបន់មជ្ឈិមបូព៌ាមួយនេះ ស្ថិតក្នុងភាពមិនប្រាកដប្រជានៅឡើយ។
ពីគេហទំព័រ opera news បានចេញផ្សាយថា សំណើថ្មីនេះគឺបានកើតឡើង បន្ទាប់ពីកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមរវាងអាមេរិក-អ៉ីរ៉ង់នៅមិនទាន់បានធ្វើឡើង គិតចាប់តាំងពីផ្ទុះសង្រ្គាមកាលពីចុងខែកុម្ភៈ ឆ្នាំ២០២៦ នៅពេលលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃអង្គារថា «កិច្ចចរចាបទឈប់បាញ់ នឹងបន្តពន្យារពេលថែមទៀត»។
នៅចំពោះមុខស្ថានភាពបាល់ទាត់វិញ វាជាស្ថានភាពដ៏លំបាកបំផុតមួយសម្រាប់អ៉ីរ៉ង់ ក្នុងការចូលរួម World Cup លើកទី២៣ ដែលពួកគេដណ្តើមបានកៅអីពីវគ្គជម្រុះប្រចាំតំបន់អាស៊ីកាលពីអំឡុងខែមីនា ឆ្នាំ២០២៥ និងរហូតមកដល់ដើមខែធ្នូ បានចាប់ឆ្នោតស្ថិតក្នុងពូល G ជាមួយអេហ្ស៊ីប ណូវែលហ្សេឡង់ និងប៊ែលហ្សិក ដែលត្រូវលេងនៅទឹកដីសហរដ្ឋអាមេរិកទាំងអស់។
លោក Paolo Zampolli ដែលជាប្រេសិតពិសេសរបស់អាមេរិកបានថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ Financial Times កាលពីពេលថ្មីៗនេះ គឺបានកំពុងបញ្ចុះបញ្ចូលអ៉ីតាលី ដើម្បីមានកៅអីលេង World Cup 2026 ក្រោយធ្លាក់នៃវគ្គចម្រុះប្រចាំតំបន់អឺរ៉ុបជាលើកទី៣ និងលើកចុងក្រោយ ក្រោមថ្វីជើងបូស្នីផងនោះ។
លោកថា «ខ្ញុំបានជូនដំណឹង និងស្នើទៅលោក ត្រាំ និងប្រធាន FIFA លោក Infantino រួចរាល់ហើយ ដែលក្រុមអាសូរី គួរតែត្រូវបានជំនួសអ៉ីរ៉ង់នៅ World Cup 2026។ ខ្ញុំក៏មានឈាមជ័រជាអ៉ីតាលីដែរ និងមានក្តីសុបិនចង់ឃើញក្រុមអាសូរីមួយនេះបានលេងក្នុងកម្មវិធីធំនេះដែរ»។
ទោះជាយ៉ាងណា ទាំងសេតវិមាន, FIFA រួមទាំងសហព័ន្ធបាល់ទាត់អ៉ីតាលី និងអ៉ីរ៉ង់ ពុំទាន់មានការឆ្លើយតបទៅនឹងសំណើនេះទេ នៅពេលមានរបាយការណ៍មួយបានទម្លាយថា វាជាចេតនាកាត់បន្ថយភាពតានតឹងរវាងលោក ត្រាំ និង នាយករដ្ឋមន្រ្តីអ៉ីតាលី Giorgia Meloni តែប៉ុណ្ណោះ៕




