និស្សិតស្រី ជិន គីមអ៊ី យុវជនកម្ពុជា ទទួលជ័យលាភីពានរង្វាន់ «Richard R. Baxter Awar» ក្នុងការប្រកួតជាមួយយុវជនជាង ១០០ប្រទេស នៅលើពិភពលោក

23-04-2026 14:29

(ភ្នំពេញ)៖ កម្មវិធីប្រកួតសវនាការប្រតិដ្ឋ Philip C. Jessup International Law Moot Court គឺជាកម្មវិធីប្រកួតផ្នែកច្បាប់ ដែលផ្តោតសំខាន់ទៅលើនីតិអន្តរជាតិសាធារណៈ ដែលក្រុមនិស្សិតចូលរួមត្រូវដើរតួជាមេធាវី តំណាងឲ្យរដ្ឋភាគីនៅក្នុងសំណុំរឿងប្រតិដ្ឋមួយ តាមការរៀបចំឯកសារជាសារណាការពារក្ដីជាលាយលក្ខណ៍អក្សរ និងការទាញហេតុផល ដោយផ្ទាល់មាត់ នៅចំពោះមុខចៅក្រម ដោយយកគំរូតាមសវនាការរបស់តុលាការ យុត្តិធម៌អន្តរជាតិ (ICJ)។

តាមការបញ្ជាក់ពីនិស្សិតស្រី ជិន គីមអ៊ី តំណាងក្រុមនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលតំណាងកម្ពុជា បានបញ្ជាក់ប្រាប់សារព័ត៌មាន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះថា ក្រុមនិស្សិតត្រូវធ្វើការប្រកួតជម្រុះនៅថ្នាក់ជាតិ ឬថ្នាក់តំបន់នៅតាមប្រទេសរៀងៗខ្លួនជាមុនសិន ទើបអាចបន្តទៅប្រកួតថ្នាក់អន្តរជាតិ នៅឯរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

កម្មវិធីប្រកួតមួយនេះ គឺមានគោលបំណងក្នុងការលើកកម្ពស់ការយល់ដឹងរបស់និស្សិត ច្បាប់ទាក់ទងនឹងនីតិអន្តរជាតិសាធារណៈ និងចូលរួមអភិវឌ្ឍជំនាញនៃការតស៊ូមតិ ដែលជាជំនាញសំខាន់មួយដែលនិស្សិតច្បាប់ គ្រប់រូបគួរតែមាន។

និស្សិតស្រី ជិន គីមអ៊ី បន្តថា ជាក់ស្តែង សម្រាប់ប្រទេសកម្ពុជាយើង គឺមានការប្រកួតជម្រុះថ្នាក់ជាតិដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២២ និងទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលជាលទ្ធផល មាននិស្សិតច្បាប់ចំនួន ២ក្រុមបានទទួលជ័យលាភីតំណាង ប្រទេសកម្ពុជា ទៅប្រកួតតនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

នេះជាឱកាសកម្រ ព្រោះជារៀងរាល់ឆ្នាំ កម្ពុជាទទួលបានកៅអី (seat) ត្រឹមតែ១ប៉ុណ្ណោះ សម្រាប់ចូលរួមក្នុងការប្រកួតថ្នាក់អន្តរជាតិ ប៉ុន្តែដោយសារការខិតខំប្រឹងប្រែងរបស់ក្រុមនិស្សិត មកពីសាកលវិទ្យាល័យភូមិន្ទ នីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច រហូតសម្រេចបានចំណាត់ថ្នាក់ក្នុងចំណោមក្រុមកំពូលទាំង ៣២ (Top 32) កាលពីឆ្នាំ ២០២៥ កន្លងទៅ ជាលទ្ធផលនៅក្នុងឆ្នាំ ២០២៦នេះ កម្ពុជាត្រូវបានផ្តល់កៅអី (seat) ចំនួន២ សម្រាប់ចូលរួមក្នុងការប្រកួតអន្តរជាតិ។ ហេតុដូច្នេះហើយ ទើបមានសាកលវិទ្យាល័យចំនួន ០២ តំណាងឱ្យប្រទេសកម្ពុជា។

និស្សិតស្រី ជិន គីមអ៊ី បន្តទៀតថា ដោយឡែក សម្រាប់សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ឆ្នាំ២០២៦ គឺមានសមាជិកក្រុមចំនួន៥រូប រួមមាន៖ កញ្ញា ជិន គីមអ៊ី លោក ពុំ ច័ន្ទទេព លោក ហុក ស្រ៊ុនហេង កញ្ញា ឈិន សុខរូស្សា និងកញ្ញា ទិព្វ ឧស្សា ដែលដឹកនាំដោយគ្រូបង្វឹក លោក មាស អទិទេព។

គួរបញ្ជាក់ផងដែរថា ពានរង្វាន់ Richard R. Baxter នេះត្រូវបានដាក់ឈ្មោះជាការផ្តល់កិត្តិយសដល់លោក Richard R. Baxter អតីតចៅក្រមនៃតុលាការយុត្តិធម៌អន្តរជាតិ និងជាអ្នកប្រាជ្ញច្បាប់អន្តរជាតិដ៏ឆ្នើម និងឈានមុខគេមួយរូប។

ពានរង្វាន់នេះត្រូវបានផ្តល់ជូនដល់ក្រុមនិស្សិតដែលមានស្នាដៃឆ្នើម ក្នុងការសរសេរសារណាការពារក្ដី ដោយធ្វើការប្រៀបធៀបរវាងសារណាការពារក្ដីតំណាងរដ្ឋភាគីដើមបណ្ដឹង (Applicant) និងរដ្ឋភាគីចុងចម្លើយ (Respondent) នៅក្នុងចំណោមសារណាការពារក្តីជាង៨០០ ដែលបានចូលរួមប្រកួតនៅក្នុងឆ្នាំ២០២៦នេះ។

ជាក្ដីសោមនស្សក្រៃលែងដែលក្នុងចំណោម ៨០០ សាកលវិទ្យាល័យ មកពី ១០០ ប្រទេស ពានរង្វាន់ Richard R. Baxter ដែលសារណាការពារក្ដីតំណាងភាគីរដ្ឋដើមបណ្ដឹងល្អបំផុត (Best Applicant Memorial) លេខ ៣ បានទៅលើក្រុមនិស្សិតមកពីប្រទេសកម្ពុជា តំណាងដោយសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

ចំពោះប្រទេសដែលទទួលបានលេខ១ គឺក្រុមនិស្សិតមកពីប្រទេសឥណ្ឌា និងលេខ២ គឺមកពីប្រទេសកាហ្សាក់ស្តង់។ ចំណែកឯសារណារការពារក្តីតំណាងភាគីរដ្ឋចុងចម្លើយល្អបំផុត (Best Respondent Memorial) គឺ សាកលវិទ្យាល័យ Peking University School of Transnational Law មកពីប្រទេសចិន ទទួលបានលេខ ១ សាកលវិទ្យាល័យ Harvard Law School មកពីសហរដ្ឋអាមេរិក ទទួលបានលេខ ២ និងលេខ ៣ គឺ សាកលវិទ្យាល័យ Loyola University Chicago មកពីសហរដ្ឋអាមេរិក។

លទ្ធផលនេះសបញ្ជាក់ឲ្យឃើញថា សមត្ថភាពនិស្សិតកម្ពុជា មិនចាញ់និស្សិតមកពីសាកលវិទ្យាល័យល្បីៗនៅលើពិភពលោកឡើយ៕