បច្ចេកវិទ្យាថ្មីពី Google៖ ប្តូរ Workspace ឱ្យទៅជា «បុគ្គលិកឆ្នើម» ប្រចាំការិយាល័យ

23-04-2026 14:32

(បរទេស)៖ នៅក្នុងព្រឹត្តិការណ៍ «Google Cloud Next» ក្នុងឆ្នាំនេះ ក្រុមហ៊ុន Google បានប្រកាសនូវការធ្វើបច្ចុប្បន្នភាពថ្មីៗជាច្រើនចំពោះ Workspace (កម្មវិធីការិយាល័យសម្រាប់អាជីព)។ ចំណុចសំខាន់បំផុតគឺការដាក់បញ្ចូលបច្ចេកវិទ្យា AI ដើម្បីជួយសម្រួលដល់កិច្ចការងាររដ្ឋបាលផ្សេងៗ ចាប់តាំងពីការសរសេរអ៊ីមែល រហូតដល់ការរៀបចំទិន្នន័យក្នុង Google Sheets ដើម្បីកាត់បន្ថយការងារដែលស្មុគស្មាញ និងចំណាយពេលច្រើន។

Workspace Intelligence (បញ្ញាសិប្បនិម្មិតក្នុងកន្លែងធ្វើការ) គឺជាប្រព័ន្ធ AI ថ្មីមួយដែលត្រូវបានរចនាឡើងដើម្បីជួយស្វ័យប្រវត្តិកម្មលើកិច្ចការជាច្រើន។ វាដំណើរការដោយទាញយកទិន្នន័យពី Gmail, Calendar, Chat និង Drive (Docs, Slides, Sheets)។ អ្នកប្រើប្រាស់មានសិទ្ធិគ្រប់គ្រងថាតើចង់ឱ្យ AI មើលឃើញទិន្នន័យអ្វីខ្លះ ហើយក៏អាចបិទសិទ្ធិចូលប្រើប្រាស់នៅពេលណាក៏បាន។ កាលណា AI ទទួលបានទិន្នន័យកាន់តែច្រើន វានឹងអាចជួយអ្នកបានកាន់តែមានប្រសិទ្ធភាព។ ឥឡូវនេះ អ្នកប្រើប្រាស់អាចបញ្ជា (Prompt) ឱ្យ Gemini បង្កើតតារាង រៀបចំទម្រង់ (Formatting) និងស្វែងរកទិន្នន័យមកដាក់ក្នុង Sheets ដោយស្វ័យប្រវត្តិ។

Google អះអាងថា មុខងារថ្មីនេះជួយឱ្យការបំពេញទិន្នន័យ លឿនជាងមុនដល់ទៅ ៩ដង ព្រោះ AI អាចស្មានដឹងពីអ្វីដែលអ្នកចង់បញ្ចូល។ លើសពីនេះ វាក៏អាចបំប្លែងទិន្នន័យដែលគ្មានរបៀបរៀបរយ ឱ្យទៅជាតារាងដែលមានសណ្តាប់ធ្នាប់បានយ៉ាងងាយ។ ក្នុង Google Docs អ្នកប្រើប្រាស់អាចឱ្យ Gemini «ជួយបង្កើត សរសេរ និងសម្រួល» អត្ថបទ។ វាអាចទាញយកព័ត៌មានពីឯកសារចាស់ៗក្នុង Drive ឬព័ត៌មានលើអ៊ីនធឺណិតមកប្រើ។ ចំណុចពិសេសគឺវាអាច «រៀនតាមរចនាប័ទ្មសរសេរ» របស់អ្នក ដើម្បីឱ្យអត្ថបទដែលវាសរសេរចេញមកមានសម្លេង និងរបៀបដូចជាអ្នកសរសេរផ្ទាល់តែម្តង។

គួរជម្រាបថា បច្ចុប្បន្ន ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗដូចជា Google, Microsoft, និង Apple កំពុងប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្នុងការបញ្ចេញឧបករណ៍ការិយាល័យដែលទំនើបបំផុត។ Google មានប្រៀបជាងគេត្រង់ថា កម្មវិធីរបស់ខ្លួនត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយរួចជាស្រេចទៅហើយនៅក្នុងស្ថាប័នការងារជុំវិញពិភពលោក ដែលធ្វើឱ្យការដាក់បញ្ចូល AI ថ្មីនេះកាន់តែមានឥទ្ធិពល៕