Xiaomi កំពុងក្លាយជាគូសត្រូវដ៏ស្រួចស្រាល់របស់ Tesla ខណៈត្រឹមមួយប៉ព្រិចភ្នែក ប្រគល់រថយន្ត SU7 បានជាង២ម៉ឺនគ្រឿងដល់អតិថិជន

24-04-2026 09:54

(បរទេស)៖ ក្រុមហ៊ុន Xiaomi ដែលជាផលិតករឧបករណ៍អេឡិចត្រូនិកវៃឆ្លាតដ៏ល្បីល្បាញរបស់ប្រទេសចិន បានឱ្យដឹងនៅថ្ងៃសុក្រសប្តាហ៍មុនថា ខ្លួនបានប្រគល់រថយន្តស៊េរី SU7 ដែលបានធ្វើបច្ចុប្បន្នភាពចំនួន ២៦,០០០ គ្រឿង ហើយទៅកាន់អតិថិជន បន្ទាប់ពីការដាក់សម្ពោធកាលពីខែមីនាកន្លងទៅ។

លោក Lei Jun នាយកប្រតិបត្តិក្រុមហ៊ុន Xiaomi បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍រថយន្តនៅទីក្រុងប៉េកាំង (Beijing Autoshow) ថា ក្រុមហ៊ុនទទួលបានការបញ្ជាទិញជាក់លាក់ (Locked orders) ចំនួន ៦០,០០០ គ្រឿង គិតត្រឹមថ្ងៃទី២៣ ខែមេសា សម្រាប់រថយន្តស៊េរី SU7 ជំនាន់ថ្មីនេះ ហើយក្រុមហ៊ុនក៏មានគម្រោងដាក់បង្ហាញរថយន្តស៊េរី YU7 GT នៅចុងខែឧសភាផងដែរ។

គួរជម្រាបថា ក្រៅពីការគាំទ្រយ៉ាងខ្លាំងក្លានៅក្នុងប្រទេសចិន ក្រុមហ៊ុនយក្សផ្នែកអេឡិចត្រូនិកមួយនេះ កំពុងតែប្រកួតប្រជែងជាមួយក្រុមហ៊ុន Tesla និងបន្តយុទ្ធសាស្ត្រលំដាប់ខ្ពស់ (Premium Strategy) នៅក្នុងទីផ្សាររថយន្តអគ្គិសនី (EV)។ ក្រុមហ៊ុនក៏កំពុងរៀបចំផែនការឈានជើងចូលទៅកាន់ទីផ្សារអឺរ៉ុបនៅឆ្នាំក្រោយ ដែលជាគោលដៅក្រៅប្រទេសដំបូងបង្អស់របស់ខ្លួន៕