ខ្សែប្រយុទ្ធអេស្ប៉ាញ Yamal ត្រូវអវត្តមានរហូតបិទរដូវកាល ខណៈសល់ ៤៨ថ្ងៃទៀត World Cup 2026 ចាប់ផ្តើម
24-04-2026 09:56
(បរទេស)៖ កីឡាករ Lamine Yamal នឹងត្រូវបង្ខំចិត្តខកខានប្រកួតដែលនៅសេសសល់ទាំងអស់សម្រាប់រដូវកាលនេះ ក្រោយពេលជួបញ្ហារបួសជើងខាងឆ្វេងជាទម្ងន់រួចមក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ទោះជាយ៉ាង បញ្ហារបួសរបស់ខ្សែប្រយុទ្ធវ័យ ១៨ឆ្នាំខាងលើនេះ ត្រូវបានគេរំពឹងថា នឹងជាសះស្បើយទាន់ពេលនៅ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ដែលនឹងឈានចូលមកដល់នាថ្ងៃទី១១ ខែមិថុនាខាងមុខនៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា។
កីឡាករដែលដុះដាលចេញពីថ្នាលយុវជនក្លិប FC Barcelona បានរងរបួសសរសៃពួរជើងខាងឆ្វេង នៅអំឡុងពេលរួមចំណែកក្រុមកំពូលតារាងលីគ La Liga របស់អេស្ប៉ាញយកឈ្នះក្រុមភ្ញៀវ Celta Vigo ១ទល់នឹង០ កាលពីរាត្រីថ្ងៃពុធ ទី២២ ខែមេសា។
ក្លិបសាម៉ីអ្នកមានបុណ្យ Barcelona បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា «បញ្ហារបួសរបស់ Yamal នឹងធ្វើទៅតាមការគ្រោងទុក ដែលនឹងត្រូវអវត្តមានប្រកួតក្នុងលីគទាំងអស់ដែលនៅសល់ទៀតផង ប៉ុន្តែទំនងជាជាសះស្បើយពេល World Cup 2026 ចាប់ផ្តើម»។
Barcelona ក្នុងនាមជាម្ចាស់ការពារតំណែងជើងឯក La Liga ផងនោះ បានកំពុងឈរទីកំពូលតារាងផងដែរជាមួយនឹង ៩ពិន្ទុពីក្រុមលេខ២ Real Madrid ដែលជាគូប្រជែងត្រូវប៉ះគ្នាក្នុងផ្ទះរបស់ពួកគេនាថ្ងៃទី១០ ខែឧសភា ក្នុងចំណោម ៦ប្រកួតដែលនៅសល់ មុនពេលបិទបញ្ចប់រដូវកាលនេះ។
ចំណែកនៅឯ World Cup 2026 វិញ ក្រុមជើងឯកអឺរ៉ុប Euro 2024 អេស្ប៉ាញគឺស្ថិតក្នុងពូល H ជាមួយកាប់វ៉េ អារ៉ាប៊ីសាអូឌីត និងអ៊ុយរូហ្គាយចាប់ពីថ្ងៃទី១៥ ខែមិថុនាដល់ថ្ងៃទី២៧ នៃខែដដែល៕



