SpaceX ព្រមានពីហានិភ័យបាត់បង់ទីផ្សារ ក្រោយរងការស៊ើបអង្កេតរឿង AI បង្កើតរូបភាពអាសអាភាស
24-04-2026 10:48
(បរទេស)៖ ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk បានចេញមុខព្រមានវិនិយោគិនថា ការស៊ើបអង្កេតជុំវិញការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) របស់បុត្រសម្ព័ន្ធខ្លួនគឺ xAI ដើម្បីបង្កើតរូបភាពអាសអាភាស អាចនឹងធ្វើឱ្យក្រុមហ៊ុនបាត់បង់ឱកាសចូលទៅកាន់ទីផ្សារសំខាន់ៗមួយចំនួន។ ការព្រមានឆនេះត្រូវបានធ្វើឡើងនៅក្នុងឯកសារចុះបញ្ជីបទប្បញ្ញត្តិ S-1 ស្របពេលដែល SpaceX កំពុងត្រៀមខ្លួនបោះទុនលក់មូលបត្រជាសាធារណៈ (IPO) ក្នុងតម្លៃខ្លួនរហូតដល់ ១.៧៥ ទ្រីលានដុល្លារ នាពេលឆាប់ៗខាងមុខ។ នេបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។
យោងតាមឯកសារដែល Reuters បានពិនិត្យ SpaceX បានទទួលស្គាល់ថា ខ្លួនកំពុងប្រឈមនឹងការចោទប្រកាន់ដែលថា ផលិតផល AI របស់ខ្លួនត្រូវបានប្រើប្រាស់ដើម្បីបង្កើត «រូបភាពអាសអាភាសដោយគ្មានការយល់ព្រម ឬមាតិកាដែលបង្ហាញពីកុមារក្នុងបរិបទផ្លូវភេទ»។ បញ្ហានេះបានទាញទម្លាក់ក្រុមហ៊ុនឱ្យស្ថិតក្នុងក្រសែភ្នែកតាមដានយ៉ាងតឹងរ៉ឹងពីសំណាក់អាជ្ញាធរជុំវិញពិភពលោក រួមមានអៀរឡង់ បារាំង ប្រេស៊ីល និងសហរដ្ឋអាមេរិក ដែលអាចនាំទៅរកការប្តឹងផ្តល់ និងការដាក់ទណ្ឌកម្មផ្នែករដ្ឋបាលផ្សេងៗ រហូតដល់ថ្នាក់បិទសិទ្ធិលក់ដូរក្នុងប្រទេសទាំងនោះ។
ទោះបីជាមានការរឹតបន្តឹងខ្លះៗក៏ដោយ កម្មវិធីជជែកកំសាន្ត Grok របស់ xAI ត្រូវបានគេរកឃើញថា នៅតែបន្តបង្កើតរូបភាពមិនសមរម្យរបស់អ្នកល្បីល្បាញ និងរូបភាពអាសអាភាសដទៃទៀត ដែលបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកស្រាវជ្រាវ និងអ្នកច្បាប់។ ផ្ទុយពីការរកឃើញនេះ លោក Elon Musk ធ្លាប់បានឆ្លើយតបទៅកាន់ការរិះគន់កាលពីពេលកន្លងទៅថា លោកដឹងថាមានរូបភាពអាក្រាតកាយរបស់អនីតិជនចំនួន «Zero (សូន្យ)» ដែលត្រូវបានបង្កើតឡើងដោយ Grok។
គួរជម្រាបថា បច្ចុប្បន្ន ស្ថានភាពនេះកំពុងក្លាយជាវិញ្ញាសាដ៏ក្តៅគគុកសម្រាប់ SpaceX ខណៈដែលការចែកចាយរូបភាពបែបនេះគឺជាបញ្ហាដ៏រសើបដែល «អាចនឹងបំផុសមតិសាធារណៈឱ្យងើបឡើងប្រឆាំងយ៉ាងរហ័ស»។ ជាមួយគ្នានេះ គេនៅមិនទាន់ច្បាស់ទេថា ប្រសិនបើមានចំណាត់ការផ្លូវច្បាប់មែននោះ វានឹងប៉ះពាល់ដល់តែក្រុមហ៊ុន xAI បុត្រសម្ព័ន្ធ ឬក៏ត្រូវរាលដាលដល់ប្រតិបត្តិការទាំងមូលរបស់ក្រុមហ៊ុនមេ SpaceX នោះទេ៕











