FIFA ចេញមកបញ្ជាក់ច្បាស់ៗថា គ្មានគម្រោងដាក់ក្រុមលេខ១២ អ៉ីតាលីជំនួសអ៉ីរ៉ង់នៅ World Cup 2026 ឡើយ
24-04-2026 11:37
(បរទេស)៖ FIFA បានចេញមកបញ្ជាក់ថា សហព័ន្ធគ្មានគម្រោងដាក់ក្រុមឈរនៅលេខ១២ ចំណាត់ថ្នាក់ពិភពលោកបច្ចុប្បន្ន អ៉ីតាលីដើម្បីជំនួសអ៉ីរ៉ង់នៅ World Cup 2026 តបតាមសំណើរបស់បេសកជនពិសេសរបស់លោក Donald Trump ឡើយ។
ទោះជាយ៉ាងណា គិតមកទល់ពេលវានៅតែស្ថិតក្នុងភាពមន្ទិលដដែលសម្រាប់អ៉ីរ៉ង់ពីការចូលរួមកម្មវិធី World Cup នារដូវក្តៅនេះ ក៏ព្រោះតែសង្រ្គាមរវាងអ៉ីស្រាអែល និងសហរដ្ឋអាមេរិក នៅមិនទាន់បិទបញ្ចប់នៅឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
តាមរយៈនេះ FIFA ពុំបានបញ្ជាក់ច្បាស់ទៅសំណើផ្លូវការរបស់លោក Zampolli ដែលជាបេសកជនពិសេសអាមេរិក គ្រាន់តែសេចក្តីថ្លែងការណ៍របស់ប្រមុខសហព័ន្ធ លោក Gianni Infantino ធ្លាប់បានបញ្ជាក់កាលពីចុងសប្តាហ៍មុនថា «ក្រុមបាល់ទាត់ជម្រើសជាតិអ៉ីរ៉ង់ នឹងមកចូលរួម WC26 យ៉ាងប្រាកដ»។
ដូចគ្នានោះដែរ មន្រ្តីទូតអ៉ីរ៉ង់ក៏បានចាត់ទុកសំណើរបស់លោក Zampolli ថាជាសំណើ «ដ៏គ្មានសីលធម៌ពីសំណាក់សហរដ្ឋអាមេរិក»។
មន្រ្តីទូតអ៉ីរ៉ង់ដដែលបានសរសេរបង្ហោះនៅលើបណ្តាញសង្គម X ថា «ខ្ញុំទទួលស្គាល់ថា អ៉ីតាលីជាក្រុមដ៏អស្ចារ្យមួយ ក្នុងបាល់ទាត់ ក៏ប៉ុន្តែវាមិនល្អទេ ដែលយកកីឡាលាយឡំនឹងនយោបាយនោះ។ ការដែលព្យាយាមដកអ៉ីរ៉ង់ចេញពី World Cup 2026 វាគ្រាន់តែជាសីលធម៌ធ្លាក់ចុះរបស់អាមេរិកតែប៉ុណ្ណោះ តាមរយៈការបង្កភាពភ័យខ្លាចដល់ក្មេងៗទាំង ១១នាក់ ពេលបង្ហាញខ្លួនលើទីលានតែប៉ុណ្ណោះ»៕



