ធ្លាយរឿងសម្ងាត់! ក្រុមហ៊ុនរកគូស្រករល្បីឈ្មោះនៅកូរ៉េខាងត្បូង ត្រូវរដ្ឋាភិបាលផាកពិន័យខ្ទង់លានដុល្លារ
24-04-2026 12:01
(បរទេស)៖ អាជ្ញាធរការពារទិន្នន័យរបស់ប្រទេសកូរ៉េខាងត្បូង បានសម្រេចផាកពិន័យក្រុមហ៊ុនរកគូស្រករដ៏ល្បីល្បាញ ឈ្មោះ Duo ក្នុងទឹកប្រាក់ ១,២១ ពាន់លានវ៉ុន (ប្រហែល ៨១ ម៉ឺនដុល្លារ) បន្ទាប់ពីប្រព័ន្ធរបស់ក្រុមហ៊ុននេះត្រូវបានក្រុមហេគឃ័រលួចចូល និងទាញយកទិន្នន័យឯកជនរបស់សមាជិកជាង ៤២ ម៉ឺននាក់។ អ្វីដែលគួរឱ្យបារម្ភបំផុតនោះគឺ ព័ត៌មានដែលធ្លាយចេញសុទ្ធតែជារឿងរសើបខ្លាំង រួមមាន៖ ទម្ងន់ ប្រភេទឈាម ប្រវត្តិអាពាហ៍ពិពាហ៍ រួមទាំងលេខអត្តសញ្ញាណប័ណ្ណ និងអាសយដ្ឋានផ្ទាល់ខ្លួនផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។
គណៈកម្មការការពារព័ត៌មានផ្ទាល់ខ្លួន (PIPC) បានរកឃើញថា ក្រុមហ៊ុន Duo បរាជ័យក្នុងការអនុវត្តវិធានការសន្តិសុខឱ្យបានតឹងរ៉ឹង និងមានភាពយឺតយ៉ាវក្នុងការចាត់វិធានការឆ្លើយតប បន្ទាប់ពីការវាយប្រហារនេះបានកើតឡើងតាំងពីដើមឆ្នាំ ២០២៥។ លើសពីនេះ ក្រុមហ៊ុនក៏ត្រូវបានរកឃើញថាបានបំពានច្បាប់ ដោយរក្សាទុកទិន្នន័យសមាជិកចាស់ៗជិត ៣០ ម៉ឺននាក់ ដែលត្រូវតែលុបចោលតាំងពី ៥ ឆ្នាំមុន។
ជុំវិញឧប្បត្តិហេតុនេះ តំណាងក្រុមហ៊ុន Duo បានចេញសេចក្តីថ្លែងការណ៍ទទួលស្គាល់កំហុស និងសម្ដែងការសោកស្ដាយយ៉ាងជ្រាលជ្រៅថា៖ «យើងមានការសោកស្ដាយជាខ្លាំងដែលយើងមិនបានការពារទិន្នន័យផ្ទាល់ខ្លួនរបស់សមាជិកយើងឱ្យបានត្រឹមត្រូវ»។ ក្រុមហ៊ុនបានបន្ថែមថា ការលួចចូលនេះគឺជាការវាយប្រហារដែលមានលក្ខណៈស្មុគស្មាញបំផុត ដែលពិបាកនឹងរកឃើញ ឬទប់ស្កាត់បានទាន់ពេលវេលា។
គួរបញ្ជាក់ថា Duo គឺជាសេវាកម្មរកគូស្រករដែលប្រជាជនកូរ៉េខាងត្បូងទុកចិត្តបំផុតមួយ ដោយកន្លងមកពួកគេបានជួយផ្សំផ្គុំគូស្នេហ៍ឱ្យរៀបការបានជាង ៥ ម៉ឺនគូ។ ករណីធ្លាយទិន្នន័យនេះ បានក្លាយជាការដាស់តឿនយ៉ាងខ្លាំងដល់ក្រុមហ៊ុនដទៃទៀតឱ្យពង្រឹងសុវត្ថិភាពអ៊ីនធឺណិត ខណៈដែលរដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងរឹតបន្តឹងច្បាប់ការពារឯកជនភាពរបស់អ្នកប្រើប្រាស់ឱ្យកាន់តែខ្លាំងបំផុត៕









