Lingard ក្លាយជាកីឡាករអង់គ្លេសដំបូងគេ ដែលស៊ុតបញ្ចូលទីនៅ Brazilian Cup

24-04-2026 14:21

(បរទេស)៖ អតីតខ្សែប្រយុទ្ធអង់គ្លេស Jesse Lingard បានក្លាយជាកីឡាករចក្រភពអង់គ្លេសដំបូងគេ ដែលអាចស៊ុតបញ្ចូលទីបានក្នុងកម្មវិធី Brazilian Cup នៃប្រទេសប្រេស៊ីល។ នេះបើយោងតាមរបាយការណ៍ពីក្លិប Corinthians តាមរយៈដកស្រង់ចេញផ្សាយដោយ BBC។

Lingard ដែលធ្លាប់លេងឱ្យក្លិបបិសាចក្រហមផងនោះ បានរួមចំណែកជួយ Corinthians ក្នុងជើងទី១ នៃជុំទី៥ ពាន Copa do Brasil ទល់នឹងក្រុម Barra មកពីលីគទី៣ ប្រេស៊ីលកាលពីរាត្រីថ្ងៃអង្គារកន្លងទៅ។

កីឡាករវ័យ ៣៣ឆ្នាំដែលធ្លាប់បង្ហាញខ្លួនបាន ៣២លើកជាមួយក្រុមជម្រើសជាតិតោកំណាចអង់គ្លេសផងនោះ បានទាត់បាល់ volley ចូលទីយ៉ាងស្អាតក្នុងវគ្គទី១ នៅមុនពេលត្រូវបានប្តូរចេញវិញនៅនាទី៦២។ នេះក៏ជាគ្រាប់បាល់ទី២ ជាមួយអតីតក្រុមជើងឯកលីគកំពូលប្រេស៊ីល ៧សម័យកាល Corinthians ក្នុងចំណោមចូលលេងបាន ៧លើកគ្រប់កម្មវិធីដែរ។

Lingard បានចូលរួមជាមួយ Corinthians កាលពីខែមុនជាមួយកិច្ចសន្យាដល់ដាច់ឆ្នាំ២០២៦ ដោយគ្មានតម្លៃផ្ទេរ ក្រោយចាកចេញពីក្លិប FC Seoul របស់កូរ៉េខាងត្បូងកាលពីខែធ្នូ ឆ្នាំ២០២៥។ បច្ចុប្បន្ន Corinthians ស្ថិតនៅលេខរៀងទី៤ រាប់ពីក្រោមនៅ Serie A ក្រោយឆ្លងកាត់ ១២ប្រកួត និងត្រូវស្វាគមន៍ Vasco da Gama ក្នុងលីគបន្តទៀតនាថ្ងៃអាទិត្យចុងសប្តាហ៍នេះ។

ក៏ប៉ុន្តែពួកគេបានកំពុងឈរទីកំពូលតារាងក្នុងពូលនៃពានប្រចាំតំបន់អាមេរិកឡាទីន Copa Libertadores ក្រោយរកបាន ២ប្រកួតជ័យជម្នះជាប់ៗគ្នា និងប្រកួតបន្ទាប់ត្រូវប្រឈមមុខនឹង Penarol របស់អ៊ុយរូហ្គាយនាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦៕