OpenAI បញ្ចេញ GPT-5.5 នាំឱ្យក្រុមហ៊ុនខិតទៅជិតមួយជំហានទៀតក្នុងការបង្កើត AI «Super App»

24-04-2026 16:45

(បរទេស)៖ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រុមហ៊ុន OpenAI បានដាក់ឱ្យប្រើប្រាស់ GPT-5.5 ដែលជាម៉ូឌែល AI ថ្មីបំផុតរបស់ខ្លួន ដោយក្រុមហ៊ុនបានប្រសិទ្ធនាមថាជាម៉ូឌែលដែល «វៃឆ្លាតបំផុត និងងាយស្រួលប្រើប្រាស់បំផុត» មិនធ្លាប់មាន។ ម៉ូឌែលនេះមកជាមួយសមត្ថភាពខ្ពស់ក្នុងវិស័យជាច្រើន ដែលលោក Greg Brockman សហស្ថាបនិក និងជាប្រធានក្រុមហ៊ុន OpenAI បានអះអាងថា វាក៏បាននាំក្រុមហ៊ុនឱ្យខិតជិតមួយជំហានទៀតទៅរកការបង្កើត «Super App» របស់ OpenAI ផងដែរ។

នៅក្នុងសន្និសីទជាមួយអ្នកសារព័ត៌មាន លោក Brockman បានលើកឡើងថា ម៉ូឌែលថ្មីនេះគឺជាការបោះជំហានដ៏ធំមួយ «ឆ្នោះទៅរកការគណនាបែបភ្នាក់ងារ (Agentic) និងមានភាពឆ្លាតវៃជាងមុន»។ លោកបានបន្តថា៖ «ម៉ូឌែលនេះគឺជាការបោះជំហានទៅមុខយ៉ាងពិតប្រាកដសម្រាប់បច្ចេកវិទ្យាដែលយើងរំពឹងទុកនាពេលអនាគត។ វាគិតបានលឿនជាងមុន និងច្បាស់ជាងមុន ដោយប្រើប្រាស់ Token តិចជាងមុន បើធៀបនឹងស៊េរី 5.4។ នេះមានន័យថា នឹងមានបច្ចេកវិទ្យា AI ឈានមុខកាន់តែច្រើនសម្រាប់អាជីវកម្ម និងអ្នកប្រើប្រាស់»។

លោក Brockman ក៏បានបញ្ជាក់ដែរថា ម៉ូឌែលនេះគឺជាជំហានបន្ថែមឆ្ពោះទៅរកការបង្កើត «Super App» ដែលជាកម្មវិធីពហុបំណង (ដូចជាកាំបិតដែលអាចប្រើបានគ្រប់យ៉ាង) ដែលលោក និងសហស្ថាបនិក Sam Altman ធ្លាប់បានពិភាក្សានាពេលកន្លងមក។ ពួកគេមានចក្ខុវិស័យក្នុងការរួមបញ្ចូល ChatGPT, Codex និង AI browser ទៅជាសេវាកម្មតែមួយ ដើម្បីជួយដល់អតិថិជនកម្រិតសហគ្រាស។ គួរកត់សម្គាល់ថា គំនិត «Super App» នេះក៏ជាប្រធានបទក្តៅគគុកសម្រាប់លោក Elon Musk ដែលជាគូប្រជែងរបស់ Altman ផងដែរ។

យោងតាម OpenAI, GPT-5.5 ត្រូវបានរចនាឡើងដើម្បីផ្តល់អត្ថប្រយោជន៍លើវិស័យជាច្រើន រួមមានការសរសេរកូដ ការងារចំណេះដឹងទូទៅ រហូតដល់ការអនុវត្តពិសោធន៍ដូចជា គណិតវិទ្យា និងការស្រាវជ្រាវវិទ្យាសាស្ត្រ។ ទិន្នន័យដែលបានបញ្ចេញបង្ហាញថា GPT-5.5 មានសមត្ថភាពខ្ពស់ជាងម៉ូឌែលមុនៗ និងខ្ពស់ជាងគូប្រជែងដូចជា Gemini 3.1 Pro របស់ Google និង Claude Opus 4.5 របស់ Anthropic ទៀតផង។ លោក Mark Chen ប្រធានផ្នែកស្រាវជ្រាវរបស់ OpenAI បានលើកឡើងថា GPT-5.5 មានសមត្ថភាពល្អជាងមុនក្នុងការចាត់ចែងការងារលើកុំព្យូទ័រ និងបង្ហាញពីភាពរីកចម្រើនខ្លាំងក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកទេស រួមទាំងការជួយដល់ការស្វែងរកឱសថថ្មីៗ (Drug discovery) ផងដែរ។

គួរជម្រាបថា បច្ចុប្បន្ន GPT-5.5 ត្រូវបានដាក់ឱ្យប្រើប្រាស់យ៉ាងទូលំទូលាយចាប់ពីថ្ងៃព្រហស្បតិ៍នេះតទៅ សម្រាប់អ្នកប្រើប្រាស់កម្រិត Plus, Pro, Business និង Enterprise នៅក្នុង ChatGPT ខណៈដែល 5.5 Pro នឹងផ្ដល់ជូនសម្រាប់តែអ្នកប្រើប្រាស់ Pro, Business និង Enterprise ប៉ុណ្ណោះ៕