Meta ត្រៀមបញ្ឈប់បុគ្គលិកជិត ១ម៉ឺននាក់ ដើម្បីដកលុយទៅសម្រុកវិនិយោគលើ AI
25-04-2026 08:06
(បរទេស)៖ ក្រុមហ៊ុន Meta (ម្ចាស់ Facebook និង Instagram) បានប្រកាសផែនការកាត់បន្ថយបុគ្គលិកប្រហែល ១០% ឬស្មើនឹង ៨,០០០ នាក់ រួមទាំងទុកតំណែងរាប់ពាន់ទៀតឱ្យនៅទំនេរ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងកាត់បន្ថយចំណាយ។ ចំណាត់ការនេះធ្វើឡើងខណៈដែលមហាសេដ្ឋី Mark Zuckerberg កំពុងមានមហិច្ឆតាខ្ពស់ក្នុងការប្រកួតប្រជែងបង្កើត «បញ្ញាកំពូល» (Superintelligence) ជាមួយក្រុមហ៊ុនយក្សផ្សេងៗដូចជា Google និង Microsoft ដែលតម្រូវឱ្យចំណាយទុនរាប់ពាន់លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធ និងមជ្ឈមណ្ឌលទិន្នន័យ។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។
លោក Mark Zuckerberg បានបញ្ជាក់យ៉ាងច្បាស់ពីទិសដៅរបស់ក្រុមហ៊ុនថា៖ «ខ្ញុំទន្ទឹងរង់ចាំការជំរុញបញ្ញាកំពូលផ្ទាល់ខ្លួនសម្រាប់មនុស្សជុំវិញពិភពលោកក្នុងឆ្នាំ ២០២៦»។ ដើម្បីសម្រេចគោលដៅនេះ Meta គ្រោងនឹងចំណាយប្រាក់ចន្លោះពី ១១៥ ទៅ ១៣៥ ពាន់ពាន់លានដុល្លារក្នុងឆ្នាំនេះ ខណៈដែលការចំណាយសរុបក្នុងត្រីមាសចុងក្រោយបានហក់ឡើងដល់ ៤០% បើធៀបនឹងឆ្នាំមុន។
ក្រៅពី Meta សូម្បីតែក្រុមហ៊ុន Microsoft ក៏កំពុងប្រើប្រាស់យុទ្ធសាស្ត្រស្រដៀងគ្នានេះដែរ ដោយផ្តល់ការឱ្យឈប់ដោយស្ម័គ្រចិត្តដល់បុគ្គលិកចាស់ៗ ដើម្បីរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ។ អ្នកវិភាគលោក Dan Ives មកពីក្រុមហ៊ុន Wedbush បានផ្តល់ទស្សនៈថា នេះគឺជាការផ្លាស់ប្តូរទៅរកការប្រើប្រាស់ឧបករណ៍ AI ដើម្បីធ្វើការងារជំនួសក្រុមការងារធំៗកាលពីមុន ដោយលោកបានកត់សម្គាល់ថា៖ «យើងជឿជាក់ថា នេះគឺជាផ្នែកនៃយុទ្ធសាស្ត្ររបស់ Meta ក្នុងការបង្កើនការប្រើប្រាស់ឧបករណ៍ AI ដើម្បីធ្វើការងារដោយស្វ័យប្រវត្តិ... អនុញ្ញាតឱ្យក្រុមហ៊ុនសម្រួលប្រតិបត្តិការ និងកាត់បន្ថយការចំណាយ»។
គួជម្រាបថា ការប្រណាំងប្រជែងក្នុងសមរភូមិ AI នេះ មិនត្រឹមតែជាការវាស់ស្ទង់បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែវាក៏កំពុងផ្លាស់ប្តូរទម្រង់នៃទីផ្សារការងារក្នុងវិស័យបច្ចេកវិទ្យាទាំងស្រុងផងដែរ។ អ្នកជំនាញជឿជាក់ថា Meta នឹងអាចស្រង់ដើមវិញតាមរយៈការបង្កើនប្រសិទ្ធភាពនៃការផ្សាយពាណិជ្ជកម្ម និងផលិតផលថ្មីៗដូចជាវ៉ែនតាឆ្លាតវៃជាដើម ដែលទាំងអស់នេះសុទ្ធតែដើរដោយបច្ចេកវិទ្យា AI ដែលក្រុមហ៊ុនកំពុងសម្រុកវិនិយោគនាពេលនេះ៕







