Real កាន់តែខើចឱកាសប្រជែងពាន La Liga ពេលលេងបានត្រឹមស្មើជាមួយ Betis ក្នុងសប្តាហ៍ទី៣៣

25-04-2026 09:56

(បរទេស)៖ ឱកាសប្រជែងជើងឯកលីគអេស្ប៉ាញ La Liga រដូវកាលនេះរបស់ក្លិប Real Madrid កាន់តែស្តួចស្តើងមែនទែនហើយ នៅពេលរបូតគ្រាប់បាល់ចុងម៉ោងនាំឱ្យមានលទ្ធផលស្មើ ១-១ ទល់នឹងម្ចាស់ផ្ទះ Real Betis នាយប់មិញនេះក្នុងសប្តាហ៍ទី៣៣ ជើងទី២។

នេះមានន័យថា ក្នុងចំណោម ៣៣ប្រកួតមកនេះ ក្រុមអធិរាជស Real មានកំណត់ត្រាស្មើ-ចាញ់ ៥លើកដូចគ្នានៅក្របខណ្ឌ La Liga 2025-26 ដោយទើបមាន ៧៤ពិន្ទុ ចាញ់ប្រៀបក្រុមកំពូលតារាង និងជាម្ចាស់ការពារតំណែងជើង FC Barcelona ដល់ទៅ ៨ពិន្ទុ ដ្បិតក្រុមអ្នកមានបុណ្យនៅសល់ ១ប្រកួតក្នុងដៃទៀតផង។

ក្រុមប្រចាំតំបន់ Los Blancos បានបាត់បង់ ២ពិន្ទុភ្លាមៗ តាមរយៈរបូត ១គ្រាប់ចុងម៉ោងនៅនាទី៩៣ ដែលជាគ្រាប់តាមស្មើរបស់ម្ចាស់ផ្ទះ Real Betis បន្ទាប់ពីខ្សែប្រយុទ្ធប្រេស៊ីល Vinicius Junior ជាអ្នករកបានគ្រាប់នាំមុខតាំងពីនាទី១៧។ ពួកគេត្រូវលេង ៥ប្រកួតទៀត ដើម្បីបិទរដូវកាលនេះ ស្របពេលកាន់តែដាច់ឆ្ងាយដល់ទៅ ១១ពិន្ទុឯណោះ ប្រសិនបើកូនក្រុមរបស់លោក Hansi Flick អាចយកឈ្នះ Getafe បាននៅរាត្រីថ្ងៃសៅរ៍នេះ។

Real ដែលបានជ្រុះចេញពី UEFA Champions League រដូវកាលនេះត្រឹមវគ្គ ៨ក្រុមក្រោមថ្វីជើងរបស់ Bayern Munich នោះ ត្រូវប្រឈមមុខនឹង Espanyol នៅសប្តាហ៍បន្ទាប់ មុនពេលធ្វើដំណើរទៅប៉ះម្ចាស់ផ្ទះ Barcelona ក្នុងជំនួប El Clasico ជាលើកទី២ នៅ La Liga រដូវកាលនេះនាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦៕