Sony AI បង្ហាញរបកគំហើញថ្មី៖ មនុស្សយន្ត Ace អាចយកឈ្នះកីឡាករវាយកូនឃ្លីលើតុអាជីព
25-04-2026 10:33
(បរទេស)៖ ក្រុមហ៊ុន Sony AI ទើបតែបានបង្ហាញពិភពលោកនូវសមិទ្ធផលថ្មីមួយ ដែលធ្វើឲ្យពិភពមនុស្សយន្ត និងបញ្ញាសិប្បនិម្មិត (AI) ទាំងមូល ត្រូវតែងើបមើលឡើងវិញ។ នោះគឺ Ace ដែលជាមនុស្សយន្តវាយកូនឃ្លីលើតុ ដែលអាចប្រកួត និងយកឈ្នះកីឡាករអាជីពក្នុងកីឡានេះបាន ដែលជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
ការស្រាវជ្រាវនេះ បានបង្ហាញថា Ace គឺជាប្រព័ន្ធស្វយ័តដំបូងគេដែលអាចប្រកួតប្រជែងជាមួយកីឡាករអាជីពបាន ហើយនេះត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់ AI និងមនុស្សយន្ត។
នៅខែមេសា ឆ្នាំ ២០២៥ ក្រុមស្រាវជ្រាវបានដាក់ Ace ឲ្យប្រកួតជាមួយកីឡាករលំដាប់ថ្នាក់ជម្រើសជាតិចំនួន ៥ រូប និងកីឡាករអាជីពចំនួន ២ រូប។ លទ្ធផលដំបូងវិញ វាអាចយកឈ្នះកីឡាករលំដាប់ថ្នាក់ជម្រើសជាតិបាន ក្នុងចំនួន ៣ ប្រកួត ក្នុងចំណោម ៥ ប្រកួត។
ប៉ុន្តែអ្វីដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលគឺនៅពេលដែល Ace បានបន្តវិវត្តន៍ខ្លួនឯង។ នៅខែធ្នូ ឆ្នាំ ២០២៥ Ace អាចយកឈ្នះកីឡាករអាជីពបានជាលើកដំបូង ហើយនៅខែមីនា ឆ្នាំ ២០២៦ វាបានយកឈ្នះកីឡាករអាជីពចំនួន ៣ រូបទៀត រួមមាន លោកស្រី Miyuu Kihara ដែលជាកីឡាការិនីស្ថិតក្នុងចំណាត់ថ្នាក់កំពូល ២៥ របស់ពិភពលោក។
អ្វីដែលធ្វើឲ្យ Ace ខុសពីមនុស្សយន្តវាយកូនឃ្លីលើតុផ្សេងទៀត គឺប្រព័ន្ធបច្ចេកវិទ្យាដែលពួកគេបានដាក់បញ្ចូលទាំងនេះ៖
* កាមេរ៉ា និងប្រព័ន្ធមើលឃើញ (Vision System)៖ Ace មានកាមេរ៉ាចំនួន ៩ (Active Pixel Sensor) សម្រាប់ដឹងទីតាំងបាល់ក្នុងលំហ 3D និងកាមេរ៉ាពិសេសចំនួន ៣ (Event-based Vision Sensor) សម្រាប់វាស់ល្បឿនបង្វិល (spin) របស់បាល់។
* ល្បឿនប្រតិកម្មលឿនជាងមនុស្ស៖ Ace មានពេលវេលាឆ្លើយតប (end-to-end latency) ត្រឹមតែ ២០.២ មីលីវិនាទីប៉ុណ្ណោះ ខណៈដែលកីឡាករអាជីពត្រូវការប្រហែល ២៣០ មីលីវិនាទី ដើម្បីប្រតិកម្មនឹងបាល់។
* ការរៀនតាមរយៈបទពិសោធន៍ (Reinforcement Learning)៖ ខួរក្បាលរបស់ Ace មិនត្រូវបានសរសេរកូដឲ្យវាយបាល់តាមបែបណាមួយឡើយ។ ផ្ទុយទៅវិញ វាត្រូវបានបណ្តុះបណ្តាល និងរៀនដោយខ្លួនឯងពីរបៀបវាយបាល់ឲ្យកាន់តែលឿន កាន់តែបង្វិល និងកាន់តែមានប្រសិទ្ធភាព។
ដើម្បីបញ្ជាក់ពីសមត្ថភាពពិតប្រាកដ ការប្រកួតទាំងអស់របស់ Ace ត្រូវបានធ្វើឡើងក្រោមច្បាប់ផ្លូវការរបស់សហព័ន្ធកីឡាវាយកូនឃ្លីលើតុអន្តរជាតិ (ITTF)។ ការប្រកួតនីមួយៗមានអាជ្ញាកណ្តាលផ្លូវការ និងអ្នកវាយតម្លៃឯករាជ្យមើលការខុសត្រូវ។
កីឡាករអាជីពដែលបានប្រកួតជាមួយ Ace បានផ្តល់ការវាយតម្លៃគួរឲ្យចាប់អារម្មណ៍។ កីឡាការិនី Mayuka Taira បានឲ្យដឹងថា ដោយសារតែអ្នកមិនអាចអានប្រតិកម្មរបស់វាបាន វាមិនអាចដឹងថាវាមិនចូលចិត្ត ឬពិបាកនឹងការវាយបែបណានោះទេ ហើយនេះធ្វើឲ្យវាកាន់តែលំបាកក្នុងការប្រកួតជាមួយវា។
លោក Peter Dürr អ្នកគ្រប់គ្រងគម្រោង Ace បានលើកឡើងថា ការស្រាវជ្រាវនេះបានបង្ហាញថា មនុស្សយន្តស្វយ័តអាចឈ្នះកីឡាប្រកួតប្រជែងបាន ដោយផ្គូផ្គង ឬលើសពីពេលវេលាប្រតិកម្ម និងការសម្រេចចិត្តរបស់មនុស្សក្នុងលំហរូបវន្ត។
លទ្ធផលនេះមិនត្រឹមតែបង្ហាញថា AI អាចពូកែជាងមនុស្សក្នុងល្បែងក្តារដូចជាអុក ឬ Go ប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងឈានចូលមកកាន់ពិភពរូបវន្ត ពោលគឺកីឡាដែលទាមទារល្បឿន ភាពច្បាស់លាស់ និងការសម្របខ្លួនជាមួយបរិស្ថានជាក់ស្តែង៕



