Alcaraz ម្ចាស់ការពារតំណែងជើងឯក នឹងអវត្តមានពីកម្មវិធីតេន្នីស French Open ដោយសាររបួសកដៃ

25-04-2026 11:23

(បរទេស)៖ កីឡាករវាយកូនបាល់ទោល Carlos Alcaraz ម្ចាស់ការពារតំណែងជើងឯក French Open ២សម័យកាល នឹងអវត្តមានពីកម្មវិធីធំនាខែក្រោយ ដោយសារតែបញ្ហារបួសកដៃមិនទាន់ជាសះស្បើយ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ជើងខ្លាំងរបស់អេស្ប៉ាញ ដែលឈរនៅចំណាត់ថ្នាក់លេខ២ ពិភពលោកបច្ចុប្បន្ន ក៏បានដកខ្លួនពីកម្មវិធី Barcelona Open កាលពីសប្តាហ៍មុនដែរ បន្ទាប់ពីគ្រេចកដៃស្តាំ នៅអំឡុងជ័យជម្នះក្នុងជុំទី១ នៃព្រឹត្តិការណ៍របស់អេស្ប៉ាញផងនោះ។

ក្រោយពីការពិនិត្យរួចមក Alcaraz វ័យ ២២ឆ្នាំ ក៏តម្រូវឱ្យខ្លួនពីកម្មវិធី Italian Open និង French Open រួមគ្នាតែម្តង ដើម្បីយកពេលវេលានេះ ព្យាបាលរបួស។

Alcaraz ដែលដណ្តើមបានជើងឯកក្នុងកម្រិត ATP Tour ចំនួន ២៦លើកមកនេះបានបង្ហោះនៅលើ Instagram របស់ខ្លួនថា «ក្រោយទទួលបានលទ្ធផលពីការរោគវិនិច្ឆ័យនៅថ្ងៃនេះ ពួកយើងបានសម្រេចចិត្តទាំងបង្ខំបំផុត ក្នុងការដកខ្លួនពីកម្មវិធីនៅទីក្រុង Rome និងទីលាន Roland Garros នាអំឡុងខែឧសភាខាងមុខ។ វាគឺជាពេលវេលា ដ៏លំបាកលំបាកបំផុតមួយសម្រាប់ខ្ញុំ ក៏ប៉ុន្តែខ្ញុំប្រាកដក្នុងចិត្តថា នឹងឆ្លងផុតវា និងបន្តភាពខ្លាំងទៀត»។

ទាំង Alcaraz និង Sinner បានក្លាយជាកីឡាករតេន្នីសលំដាប់ជួរមុខផ្នែកបុរស ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ និងបានឈ្នះពាន Australian Open ជាលើកដំបូង និងបានក្លាយជាកីឡាករក្មេងជាងគេក្នុងកម្រិតអាជីព Grand Slam មួយទៀតផង៕