ប្រធានអាជ្ញាកណ្តាលបាល់ទាត់អ៉ីតាលី ប្រកាសព្យួរការងារខ្លួនឯង ក្រោយរងបទចោទប្រកាន់

27-04-2026 09:55

(បរទេស)៖ លោក Gianluca Rocchi ដែលជាប្រធានអាជ្ញាកណ្តាលនៃក្របខណ្ឌបាល់ទាត់លីគកំពូលប្រទេសអ៉ីតាលី បានប្រកាសព្យួរនាទីរបស់ខ្លួនផ្ទាល់តែម្តង បន្ទាប់ពីត្រូវបានរាយការណ៍ថា បានកំពុងស្ថិតក្រោមការស៊ើបអង្កេត ជុំវិញករណីក្លែងបន្លំក្នុងកីឡា។

បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានអ៉ីតាលី AGI ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ផងនោះបានឱ្យដឹងថា អតីតអាជ្ញាកណ្តាលអន្តរជាតិខាងលើនេះបានកំពុងស្ថិតក្រោមការស៊ើបអង្កេតករណី «ក្លែងបន្លំក្នុងកីឡា» នាអំឡុងរដូវកាលឆ្នាំ២០២៤-២៥ ថ្មីៗនេះដែរទេ។

ចំណែកឯសមាគមអាជ្ញាកណ្តាលអ៉ីតាលី AIA ក៏បានបញ្ចេញរបាយការណ៍អំពីករណីរបស់លោក Rocchi ដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតពីសំណាក់រដ្ឋអាជ្ញាសាធារណៈប្រចាំទីក្រុង Milan ទៀតផង។

ប្រភពដដែលបានបង្ហាញឈ្មោះអ្នកពាក់ព័ន្ធឯទៀតរួមមានលោក Andrea Gervasoni ប្រធានវីដេអូ VAR មកពីក្របខណ្ឌលីគកំពូលទាំងពីររបស់អ៉ីតាលីដែរ។

គួរបញ្ជាក់ផងថា ករណីក្លែងបន្លំក្នុងកីឡា (sporting fraud) នៅអ៉ីតាលីគឺជាបទឧក្រិដ្ឋព្រហ្មទណ្ឌ និងអាចកាត់ទោស ជាប់ពន្ធនាគារយ៉ាងច្រើនបំផុតដល់ទៅ ៦ឆ្នាំទៀតផង៕