តើនេះជាទីបញ្ចប់នៃឡានសាំងមែនទេ? Huawei ដាក់ចេញកំពូលបច្ចេកវិទ្យាសាកថ្មឡានអគ្គិសនីអាងប្រើថាមពលព្រះអាទិត្យ Solar 1500kW
27-04-2026 10:07
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍រថយន្តក្រុងប៉េកាំង (Beijing Auto Show) ឆ្នាំ២០២៦ តាមរយៈការដាក់បង្ហាញប្រព័ន្ធសាកថ្មជំនាន់ថ្មី ដែលមានកម្លាំងរហូតដល់ ១,៥០០ គីឡូវ៉ាត់ (1500 kW) រួមជាមួយបច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យ និងប្រព័ន្ធផ្ទុកថាមពលដ៏ឆ្លាតវៃ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CarNewsChina នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦
ហើយតាមការបង្ហាញនេះបានធ្វើឱ្យការប្រកួតប្រជែងលើបច្ចេកវិទ្យាសាកថ្មល្បឿនលឿន (EV Fast-Charging War) កាន់តែឡើងកម្ដៅខ្លាំង ខណៈក្រុមហ៊ុន Huawei បានបង្កើនសមត្ថភាពហេដ្ឋារចនាសម្ព័ន្ធជាថ្មីបន្ថែមនេះ ដើម្បីដោះស្រាយបញ្ហាប្រឈមនៃតម្រូវការថាមពលដ៏មហិមាក្នុងវិស័យយានយន្តអគ្គិសនីបច្ចុប្បន្ននិងអនាគត។
យោងតាមការដាក់បង្ហាញបានឱ្យដឹងថា ប្រព័ន្ធនេះអាចបញ្ចេញកម្លាំងអតិបរមាដល់ ១,៥០០គីឡូវ៉ាត់ និងចរន្តអគ្គិសនី ២,៤០០អំពែ (2400 A) ហើយបើតាមបច្ចេកទេស គឺអាចសាកថ្មរថយន្តទំហំកម្លាំង ៣០០គីឡូវ៉ាត់ម៉ោង (300 kWh) ឱ្យពេញក្នុងរយៈពេលត្រឹមតែប្រហែល ១៥នាទីប៉ុណ្ណោះ។
ជាមួយគ្នានោះ ការបង្កើតបច្ចេកវិទ្យា Solar-Storage Integration របស់ក្រុមហ៊ុន Huawei មិតត្រឹមតែផ្ដោតលើការសាកថ្មនោះទេ ប៉ុន្តែបានបញ្ជ្រាបប្រព័ន្ធស្រូបថាមពលពន្លឺព្រះអាទិត្យ (Photovoltaic) និងការផ្ទុកថាមពល (Energy Storage) ចូលទៅក្នុងស្ថានីយតែមួយដែលការធ្វើបែបនេះ គឺដើម្បីកាត់បន្ថយសម្ពាធលើបណ្តាញអគ្គិសនីរដ្ឋ (Grid) និងធានាបាននូវការផ្គត់ផ្គង់ថាមពលថេរ ទោះបីជាបណ្តាញអគ្គិសនីក្នុងតំបន់មានកម្រិតក៏ដោយ។
ជាមួយគ្នានេះផ្នែកសុវត្តិភាព គឺរៀបចំឡើងដើម្បីទប់ទល់នឹងកម្ដៅខ្លាំងដែលកើតចេញពីការសាកថ្មល្បឿនមេហ្គាវ៉ាត់ (Megawatt Charging) ដោយក្រុមហ៊ុន Huawei បានប្រើប្រាស់បច្ចេកវិទ្យាបញ្ចុះកម្ដៅដោយសារធាតុរាវ (Liquid-cooled) ទាំងនៅខ្សែសាក ក្បាលសាក និងគ្រឿងបង្គុំអេឡិចត្រូនិក។ ហើយក្រៅពីស្ថានីយកម្លាំងខ្លាំងសម្រាប់រថយន្តដឹកទំនិញធុនធ្ងន់ Huawei ក៏បានបង្ហាញនូវទូសាកថ្មល្បឿនលឿនសម្រាប់រថយន្តគ្រួសារ ដែលមានកម្លាំងចរន្ត ៨០០អំពែ (800A) ផងដែរ។
ក្រោយពីការបង្ហាញក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍នៅទីក្រុងប៉េកាំង អ្នកជំនាញបានលើកឡើងថា ការបោះជំហានរបស់ Huawei នាពេលនេះ គឺជាការប្រកាសសង្គ្រាមបច្ចេកវិទ្យាជាមួយក្រុមហ៊ុនធំៗផ្សេងទៀតដូចជា BYD និង CATL ដែលកំពុងប្រជែងគ្នាកាត់បន្ថយរយៈពេលសាកថ្មឱ្យមកនៅត្រឹមកម្រិតក្រោម ១០នាទី ដើម្បីធ្វើឱ្យការប្រើប្រាស់រថយន្តអគ្គិសនីកាន់តែមានភាពងាយស្រួលដូចការចាក់សាំងរថយន្តធម្មតា។
គួរបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៦ នេះ Huawei Digital Energy បានកំណត់ទិសដៅពង្រីកបណ្តាញសាកថ្មល្បឿនលឿនរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ មិនត្រឹមតែនៅក្នុងប្រទេសចិននោះទេ ប៉ុន្តែថែមទាំងសម្លឹងមើលការនាំចេញបច្ចេកវិទ្យា Full-stack នេះទៅកាន់ទីផ្សារអន្តរជាតិថែមទៀតផង៕



