រថយន្តស៊េរីទំនើប Lamborghini តម្លៃរាប់សែនដុល្លារ ត្រូវរថយន្ត Truck បើកកិនពីលើនៅ Florida

27-04-2026 10:25

​(បរទេស)៖ វីដេអូឃ្លីបមួយកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម បង្ហាញពីទិដ្ឋភាពរថយន្តប្រភេទ Pickup បង្ហាញរាងខ្ពស់ (Lifted Truck) មួយគ្រឿង បានបើកកិនពីលើរថយន្តស្ព័រ Lamborghini Huracán ពណ៌ខ្មៅ នៅក្នុងចំណតរថយន្តនៃមជ្ឈមណ្ឌលទិញទំនិញមួយ កាលពីថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២៦ កន្លងទៅនេះ។

ហេតុការណ៍នេះបានកើតឡើងនៅតំបន់ Lake Nona ក្បែរកន្លែងហាត់ប្រាណ Crunch Fitness។ តាមរយៈវីដេអូសុវត្ថិភាព និងសាក្សីនៅកន្លែងកើតហេតុ រថយន្ត Lamborghini ដែលបើកបរដោយលោក Ramón Ferrer​ កំពុងធ្វើដំណើរយឺតៗដើម្បីរកកន្លែងចត។ ខណៈនោះ រថយន្ត Chevrolet Silverado ពណ៌ខ្មៅមួយគ្រឿង ដែលបើកបរដោយស្ត្រីម្នាក់ បានបត់ជ្រុងមកក្នុងល្បឿនលឿនគួរសម ហើយក៏បានជ្រុលបើកឡើងលើផ្នែកខាងមុខនៃរថយន្ត Lamborghini តែម្ដង។​ ដោយសារតែរថយន្ត Truck នោះត្រូវបានគេដំឡើងឱ្យខ្ពស់ខុសពីធម្មតា ចំណែកឯរថយន្ត Lamborghini វិញមានរូបរាងទាបជាប់នឹងដី បានធ្វើឱ្យអ្នកបើកបររថយន្ត Truck មិនបានមើលឃើញរថយន្តស្ព័រនោះឡើយ (Blind spot)។

រថយន្ត Lamborghini Huracán ដែលមានតម្លៃប្រមាណ ២៥០,០០០ ទៅ ៣០០,០០០ ដុល្លារ​ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅផ្នែកខាងមុខ បែកកញ្ចក់ និងខូចទ្រង់ទ្រាយតួខ្លួន។ ជាសំណាងល្អ មិនមាននរណាម្នាក់រងរបួសឡើយ។ លោក Ferrer ដែលស្ថិតក្នុងរថយន្ត Lamborghini បានប្រាប់ថា លោកបានព្យាយាមបើកថយក្រោយដែរ ប៉ុន្តែមិនទាន់ ខណៈដែលកង់រថយន្ត Truck បានមកដល់ត្រឹមមុខរបស់លោកទៅហើយ។ លោកបានបញ្ជាក់ថា អ័ក្សកង់រថយន្ត Truck បានទាក់ជាប់នឹងសសរកញ្ចក់ឡាន ដែលជួយទប់មិនឱ្យរថយន្តធំនោះកិនកម្ទេចកាប៊ីនឡានទាំងស្រុង។

ម្ចាស់រថយន្ត Lamborghini បានរៀបរាប់ទាំងក្ដីស្រណោះថា លោកទើបតែទិញរថយន្តនេះបានរយៈពេល ៥ខែប៉ុណ្ណោះ។ ស្របពេលជាមួយគ្នានេះ មហាជនជាច្រើនបានលើកឡើងពីបញ្ហាសុវត្ថិភាពនៃរថយន្តដែលកែច្នៃឱ្យខ្ពស់ខ្លាំងពេក ដែលអាចបង្កគ្រោះថ្នាក់ដល់រថយន្តតូចៗ ឬអ្នកដើរតាមផ្លូវ ដោយសារអ្នកបើកបរមិនអាចមើលឃើញទិដ្ឋភាពនៅកៀកនឹងផ្នែកខាងមុខរថយន្តបានច្បាស់។

បច្ចុប្បន្ន ករណីនេះកំពុងស្ថិតក្រោមការដោះស្រាយផ្នែកធានារ៉ាប់រង ហើយមិនទាន់មានការចោទប្រកាន់ជាបទល្មើសព្រហ្មទណ្ឌណាមួយនៅឡើយទេ៕