Chelsea ឡើងទៅប៉ះ Man City ដណ្តើមពាន FA Cup ថ្ងៃទី១៦-ឧសភា ក្រោយយកឈ្នះ Leeds United

27-04-2026 10:37

(បរទេស)៖ ក្រុមបាល់ទាត់តោខៀវ Chelsea ដែលទើបដកគ្រូបង្វឹកបង្គោល Liam Rosenior ចេញពីតំណែងកាលពីសប្តាហ៍មុនមកនោះ បានឡើងទៅវគ្គផ្តាច់ព្រ័ត្រនៃពានកម្រិតទី២ អង់គ្លេស FA Cup 2025-26 ដែលត្រូវប៉ះក្រុមខ្លាំង Manchester City នាថ្ងៃទី១៦ ខែឧសភា បន្ទាប់ពីយកឈ្នះ Leeds United ត្រឹម ១ទល់នឹង០ នារាត្រីថ្ងៃអាទិត្យរួចមក។

កីឡាករអន្តរជាតិអាហ្សង់ទីន Enzo Fernandez ជាអ្នករកបានតែ ១គ្រាប់ជ័យជម្នះនៅវគ្គទី១ ក្នុងកីឡដ្ឋានជាតិអង់គ្លេស Wembley ពីការបញ្ជូនរបស់ Pedro Neto ពីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីមានសិទ្ធិឡើងទៅប៉ះសមាជិកលេងនៅ Premier League ដូចគ្នា មេឃខៀវ Man City ធ្វើឡើងនៅទីនេះដដែលនាខែក្រោយ។

លោក Calum McFarlane ដែលទទួលបន្ទុកដឹកនាំ Chelsea បណ្តោះអាសន្ននោះបានថ្លែង ក្រោយចប់ការប្រកួតថា មានសំណួរជាច្រើនត្រូវបានចោទសួរ ជាពិសេសពាក់ព័ន្ធអាកប្បកិរិយាកីឡាករតែម្តង បន្ទាប់ពីក្នុងរយៈពេលដឹកនាំបានតែ ១០៦ថ្ងៃរបស់លោក Rosenior ត្រូវបានបិទបញ្ចប់។

Chelsea នឹងខិតខំប្រជែងយកពាន FA Cup រដូវកាលនេះ ដើម្បីបានកៅអីវគ្គចែកពូល UEFA Europa League រដូវកាលក្រោយ ដ្បិតបច្ចុប្បន្នពួកគេស្ថិតនៅលេខ៨ ក្នុងលីគ Premier League ក្រៅតំបន់លេងពានអឺរ៉ុប និងនៅសល់ ៤ប្រកួតទៀត មុនពេលបិទរដូវកាលដ៏ពេញលេញ៕