ពិភពលោកភ្ញាក់ផ្អើលនឹងបច្ចេកវិទ្យារថយន្តអគ្គិសនីចិន៖ ទំនើបដូចយានអវកាស តម្លៃទាបគួរឱ្យចង់ទិញ ប៉ុន្តែទីផ្សារអាមេរិកនៅតែជារបាំង

27-04-2026 10:52

(បរទេស)៖ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្តក្រុងប៉េកាំង (Beijing Auto Show) លោក Ethan Robertson សហស្ថាបនិកឆានែល YouTube ដ៏ល្បី «Wheelsboy» បានធ្វើឱ្យពិភពលោកចាប់អារម្មណ៍ តាមរយៈការនាំក្រុមភ្ញៀវទេសចរបរទេសមកប៉ះផ្ទាល់នូវបច្ចេកវិទ្យារថយន្តអគ្គិសនី (EV) របស់ចិន ដែលកំពុងដើរលឿនជាងការរំពឹងទុក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។

លោក Robertson បានរំលេចនូវរថយន្ត SUV ប្រណីតមួយគ្រឿង (ម៉ាក Leapmotor) ដែលមានតម្លៃត្រឹមតែ ៣០,០០០ ដុល្លារ ប៉ុន្តែបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗដូចជា ទូទឹកកកក្នុងឡាន និងអេក្រង់កម្សាន្តឆ្លាតវៃជាច្រើន ដែលជាអ្វីដែលគេកម្រនឹងឃើញក្នុងរថយន្តតម្លៃសមរម្យនៅបស្ចិមប្រទេស។ លោកបានសង្កត់ធ្ងន់ថា៖ «នៅសហរដ្ឋអាមេរិក ទឹកប្រាក់ ៣០,០០០ ដុល្លារ ស្ទើរតែមិនអាចទិញរថយន្តអគ្គិសនី ឬ Hybrid ស៊េរីទាបបានឡើយ ប៉ុន្តែនៅទីនេះ អ្នកទទួលបានរថយន្តដែលមានគ្រឿងបំពាក់ពេញលេញ (Fully Equipped)»

សម្រាប់អ្នកចូលរួមក្នុងដំណើរកម្សាន្តនេះ ពួកគេបានសម្តែងការភ្ញាក់ផ្អើលចំពោះវិស្វកម្មរថយន្តចិន ដែលលែងជាផលិតផលចម្លងគុណភាពទាបដូចមុនទៀតហើយ។ បច្ចុប្បន្ន ក្រុមហ៊ុនចិនជាង ១០០ ម៉ាក កំពុងប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្លាលើផ្នែកសមត្ថភាពអាគុយ Software ដ៏ឆ្លាតវៃ និងល្បឿននៃការសាកថ្ម។ ទោះជាយ៉ាងណា ភាពទំនើបនេះបានបង្កើតជាភាពខកចិត្តសម្រាប់អ្នកប្រើប្រាស់អាមេរិក ដោយសាររបាំងនយោបាយ និងពន្ធដារ។ លោក Robertson បានបង្ហើបថា៖ «ក្នុងប្រអប់មតិយោបល់របស់យើង ពោរពេញទៅដោយមនុស្សដែលនិយាយថា "ខ្ញុំមិនចង់ជឿថា រដ្ឋាភិបាលមិនអនុញ្ញាតឱ្យពួកគេលក់រថយន្តនេះនៅក្នុងប្រទេសរបស់ខ្ញុំសោះ"»

ទោះបីជាសហរដ្ឋអាមេរិកនៅតែមានភាពតឹងរ៉ឹងចំពោះការនាំចូលរថយន្តពីចិន ដោយសារកង្វល់ផ្នែកសន្តិសុខទិន្នន័យ និងការការពារឧស្សាហកម្មក្នុងស្រុក ក៏អ្នកជំនាញនៅតែយល់ថា វាមិនមែនជាការរារាំងរហូតនោះទេ។ លោក Lei Xing អ្នកជំនាញម្នាក់ក្នុងវិស័យ EV និងជាម្ចាស់កម្មវិធី China EVs & More podcast បានលើកឡើងថា ទោះបីជាមានភាពរកាំរកូសផ្នែកនយោបាយ ប៉ុន្តែវត្តមានរថយន្តចិននៅលើទឹកដីអាមេរិកគឺជាជោគវាសនាដែលមិនអាចជៀសផុតឡើយ។ លោកបានសង្កត់ធ្ងន់ដោយក្តីជឿជាក់ថា៖ «វាគ្រាន់តែជាបញ្ហាពេលវេលាប៉ុណ្ណោះ។ ខ្ញុំដឹងថាក្នុងជីវិតរបស់ខ្ញុំ ខ្ញុំនឹងអាចទិញរថយន្តអគ្គិសនីចិនប្រើមិនខាន»

គួរជម្រាបថា បច្ចុប្បន្ន ឧស្សាហកម្មរថយន្តចិនមិនត្រឹមតែគ្របដណ្តប់ទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែកំពុងវាយលុកទីផ្សារអាស៊ីអាគ្នេយ៍ អឺរ៉ុប និងអូស្ត្រាលីយ៉ាងគំហុក ដែលធ្វើឱ្យបណ្តាក្រុមហ៊ុនយក្សលោកខាងលិច មិនអាចឈរមើលដោយស្ងៀមស្ងាត់បានឡើយ៕