ក្រុមហ៊ុនបច្ចេកវិទ្យាធំៗត្រៀមចំណាយជាង ៦០០ពាន់លានដុល្លារលើមជ្ឈមណ្ឌលទិន្នន័យនៅឆ្នាំនេះ

27-04-2026 11:01

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក (Big Tech) រួមមាន Microsoft, Meta, Alphabet (ក្រុមហ៊ុនមេរបស់ Google) និង Amazon គ្រោងនឹងវិនិយោគទឹកប្រាក់សរុបជាង ៦០០ពាន់លានដុល្លារអាមេរិក ទៅលើមជ្ឈមណ្ឌលទិន្នន័យ (Data Centers) និងបន្ទះឈីប AI នៅឆ្នាំ២០២៦នេះ។ ការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺជំរុញដោយការប្រណាំងប្រជែងគ្នាក្នុងវិស័យបញ្ញាសិប្បនិម្មិត ខណៈដែលសម្ពាធកំពុងកើនឡើងទាមទារឲ្យក្រុមហ៊ុនទាំងនេះបង្ហាញពីប្រាក់ចំណេញពីការវិនិយោគរបស់ខ្លួន។

បើយោងតាមការរបាយការណ៍ពី Morgan Stanley ក្រុមហ៊ុនទាំងបួននេះត្រូវបានគេប៉ាន់ប្រមាណថានឹងចំណាយប្រាក់ប្រមាណ ៦៣០ពាន់លានដុល្លារលើមជ្ឈមណ្ឌលទិន្នន័យ និងបន្ទះឈីប AI នៅឆ្នាំ២០២៦តែមួយឆ្នាំប៉ុណ្ណោះ។ បច្ចុប្បន្នក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងបួនដំណើរការមជ្ឈមណ្ឌលទិន្នន័យប្រហែល ៦០០ កន្លែងនៅទូទាំងពិភពលោក ហើយមានគម្រោងសាងសង់ ឬកំពុងសាងសង់បន្ថែមទៀតចំនួន ៥៤៤ កន្លែងផ្សេងទៀត។

ទន្ទឹមគ្នានេះ TSMC និង ASML ដែលជាក្រុមហ៊ុនផលិតបន្ទះឈីប និងឧបករណ៍ផលិតបន្ទះឈីបឈានមុខគេ ក៏បានបង្ហាញសញ្ញាថាក្រុមហ៊ុន Microsoft, Meta និង Amazon នឹងបន្តចំណាយប្រាក់យ៉ាងច្រើនលើបន្ទះឈីប AI និងមជ្ឈមណ្ឌលទិន្នន័យនៅត្រីមាសខាងមុខ។ TSMC បានប្រកាសពីផែនការបង្កើនការចំណាយដើមទុនដើម្បីពង្រីកសមត្ថភាពផលិតកម្ម ខណៈ ASML បានបង្កើនការព្យាករណ៍ចំណូលប្រចាំឆ្នាំរបស់ខ្លួន។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងបួនត្រូវបានព្យាករណ៍ថានឹងចំណាយប្រាក់ជិត ៧០០ពាន់លានដុល្លារលើការចំណាយដើមទុន នៅឆ្នាំ២០២៦ ដែលជាតួលេខស្មើនឹងទំហំសេដ្ឋកិច្ចរបស់ប្រទេសស៊ុយអែតទាំងមូល។

ការចំណាយដ៏ច្រើននេះបានបង្កើតសម្ពាធយ៉ាងខ្លាំងលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ឲ្យបង្ហាញពីលទ្ធផលច្បាស់លាស់ពីការវិនិយោគលើ AI។ ទោះបីជាយ៉ាងណាក៏ដោយ ការវិនិយោគនៅតែបន្តកើតមាន ដោយសារតែការខ្វះខាតសមត្ថភាពផលិតបន្ទះឈីប ដែលជំរុញឲ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗចូលក្នុងកិច្ចសន្យា "Take-or-Pay" ដើម្បីធានាការផ្គត់ផ្គង់បន្ទះឈីប។

ការវិនិយោគជាង ៦០០ពាន់លានដុល្លារលើមជ្ឈមណ្ឌលទិន្នន័យក្នុងឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សក្នុងការដឹកនាំបដិវត្តន៍បញ្ញាសិប្បនិម្មិត បើទោះបីជាប្រឈមមុខនឹងសម្ពាធផ្នែកហិរញ្ញវត្ថុ និងហានិភ័យពីការខ្វះខាតថាមពល និងធនធានទឹកក៏ដោយ៕