ម្ចាស់មេដាយប្រាក់ស៊ីហ្គេម វី ស្រីខួច ប្ដេជ្ញាខំប្រឹងធ្វើឱ្យបានកាន់តែល្អ ក្រោយបានឡើងសង្វៀនប្រដាល់សកលអាជីពជាថ្មី
27-04-2026 11:13
(ភ្នំពេញ)៖ កីឡាការិនី វី ស្រីខួច បានដាក់គោលដៅខំប្រឹងធ្វើឱ្យបានកាន់តែល្អ ពេលមានឱកាសបង្ហាញខ្លួនជាថ្មី នៅលើសង្វៀនប្រដាល់សកលអាជីព។ ការតាំងចិត្តនេះ បន្ទាប់ពីម្ចាស់មេដាយប្រាក់ស៊ីហ្គេម ឆ្នាំ២០២៣ រូបនេះបានត្រឡប់ឡើងសង្វៀនវិញ នៅក្នុងកម្មវិធី Dragon the Golden Ring បន្ទាប់ពីខកខានប្រកួតជាយូរ ហើយបានយកឈ្នះកីឡាការិនីអ៉ីរ៉ង់ Sahel ដោយពិន្ទុកាលពីចុងសប្ដាហ៍កន្លងទៅ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)។
នេះជាខែទី៣ ហើយដែលសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានរៀបចំការប្រកួតប្រដាល់សកលអាជីពប្រចាំខែ ក្រោយចាប់ផ្ដើមដំបូងនៅចុងខែកុម្ភៈរហូតដល់ចុងខែមេសា ដើម្បីផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនីគ្រប់កម្រិត ពិសេសសមាជិកក្រុមជម្រើសជាតិ បានចូលរួមប្រកួតដុសខាត់សមត្ថភាព និងបច្ចេកទេសកាន់តែល្អប្រសើរ សម្រាប់ត្រៀមចូលរួមការប្រកួតអន្ដរជាតិនានា។
ជាមួយគ្នាកីឡាការិនី ស្រីខួច ដែលកំពុងស្ថិតក្នុងជំរំប្រមូលផ្ដុំជម្រើសជាតិ បានសម្ដែងក្ដីរីករាយដែលខ្លួនឡើងសង្វៀនប្រកួតជាថ្មី ជាមួយការទទួលបានជ័យជម្នះ ក្រោយខកខានប្រកួតប្រដាល់សកល តាំងពីចប់ស៊ីហ្គេមនៅកម្ពុជា។ ស្រីខួច មិនសូវពេញចិត្តនឹងគុណផលការប្រកួតនេះឡើយ ពិសេសកម្លាំងដែលហាក់ចុះខ្សោយបន្ដិច បើធៀបកាលពីខ្លួននៅក្មេង។
យ៉ាងណាក្នុងនាមសមាជិកក្រុមជម្រើសជាតិម្នាក់ នាងប្ដេជ្ញាតាំងចិត្តបន្ដការខំប្រឹងហ្វឹកហាត់ ពិសេសបើមានឱកាសចូលរួមការប្រកួតកម្រិតអាជីពនេះទៀត ខ្លួននឹងធ្វើឱ្យបានកាន់តែល្អ។
ចំពោះលទ្ធផលការប្រកួតប្រដាល់សកលអាជីពប្រចាំខែមេសានេះដែរ ក្រៅពីកីឡាការិនី វី ស្រីខួច បានយកឈ្នះកីឡាការិនីអ៉ីរ៉ង់ដោយពិន្ទុ ក៏មានគូជក់ចិត្តជាច្រើនផងដែរ ពិសេសគូឯកប្រចាំខែរវាងកីឡាករ សៅ រង្សី និងកីឡាករមីយ៉ាន់ម៉ា Mya Lone Chaw ដែលប្រកួតស្មើគ្នាដោយពិន្ទុ គ្រាដែលកីឡាករ នា សុវណ្ណ ចាញ់ពិន្ទុកីឡាករមីយ៉ាន់ម៉ា Ritt Kyaw Zin។ រីឯគូប្រកួតថ្នាលយុវជនវិញ គឺកីឡាករ នូ ផាត ឈ្នះកីឡាករ ភឿន សម្ភព និងកីឡាករ ឈុន ភារុន ឈ្នះកីឡាករ ខេង សួគីម ដោយពិន្ទុដូចគ្នា៕











