លីគនារី ត្រឡប់មកវិញ ខណៈម្ចាស់ជើងឯកភ្នំពេញក្រោន លត់កំពង់ឆ្នាំង ៣០-១ ហើយព្រះខ័នរាជ វាយបកឈ្នះបឹងកេត ៦-៣
27-04-2026 13:21
(ភ្នំពេញ)៖ ការប្រកួតជម្រើសជើងឯកលីគនារីកម្ពុជា បានចាប់ផ្ដើមយុទ្ធនាការប្រកួតរដូវកាលថ្មី ឆ្នាំ២០២៦ ហើយ ដោយបើកទំព័រសប្ដាហ៍ដំបូង ក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន បានយកឈ្នះក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង រហូតដល់ ៣០-១ គ្រាដែលព្រះខ័នរាជស្វាយរៀង បានវាយបកឈ្នះ ៦-៣ ក្រោយត្រូវបឹងកេតនាំមុខ ២គ្រាប់មុន។
ជ័យជម្នះដ៏សម្បើមរបស់ក្រុមបាល់ទាត់នារីភ្នំពេញក្រោន បានធ្វើឲ្យពួកគេឈរកំពូលតារាងមុនគេ សម្រាប់វគ្គសន្សំពិន្ទុ ជុំទី១ គ្រាដែលព្រះខ័នរាជស្វាយរៀង ឈរលេខ២ បណ្ដោះអាសន្ន ដោយមាន ៣ពិន្ទុស្មើគ្នា ជាមួយក្រុមឈរលេខ៣ វិសាខា ដែលបានយកឈ្នះក្រុមចំណូលថ្មី XO United ៣-០។ ចំណែកក្រុមណាហ្គាវើលដ៏ និងក្រុមបាល់ទាត់នារីសៀមរាបអេហ្វស៊ី បានឈរលេខ៤ និងលេខ៥ មាន ១ពិន្ទុ ក្រោយជំនួបបើកឆាកស្មើគ្នា ១-១។
គួរដឹងថា លីគនារី ឆ្នាំ២០២៦ នេះមានបេក្ខភាព ៨ក្រុមចូលរួម គឺមានក្រុមការពារជើងឯកភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង វិសាខា ណាហ្គា បឹងកេត សៀមរាបអេហ្វស៊ី មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង និងក្រុម XO United។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ក្នុងរដូវកាលថ្មីនេះ គឺការប្រកួតមាន ២ថ្ងៃ រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ។ ចំពោះរូបមន្ដប្រកួត ក៏ខុសប្លែកពីឆ្នាំមុន ពោលគឺសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានរៀបចំឲ្យមានការប្រកួតសន្សំពិន្ទុ ២ជុំ បន្ទាប់មកក្រុមមានពិន្ទុខ្ពស់ជាងគេ ៤ក្រុម (Top-4) នឹងត្រូវប្រកួតខ្វែងគ្នា ដោយក្រុមឈរលេខ១ ជួបក្រុមឈរលេខ៤ និងក្រុមឈរលេខ២ ជួបក្រុមឈរលេខ៣ ដើម្បីស្វែងរកក្រុមឈ្នះ ឡើងវគ្គផ្ដាច់ព្រ័ត្រ និងដណ្ដើមជើងឯកតែម្ដង៕









