YouTube TV បើកសិទ្ធិឱ្យអ្នកប្រើប្រាស់កំណត់ការមើល «ច្រើនអេក្រង់» តាមចិត្ត ខណៈ YouTube Live សាកល្បងផ្ទាំងពាណិជ្ជកម្មបែបថ្មី
27-04-2026 13:58
(បរទេស)៖ ក្រុមហ៊ុន Google បានចាប់ផ្តើមដាក់ឱ្យប្រើប្រាស់មុខងារ Multiview កំណែថ្មីនៅលើ YouTube TV ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចជ្រើសរើសប៉ុស្តិ៍ទូរទស្សន៍រហូតដល់ទៅ ៤ ដើម្បីទស្សនាបន្តផ្ទាល់ក្នុងពេលតែមួយបានតាមតម្រូវការ (Fully Customizable)។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័របច្ចេកវិទ្យា GSMArena នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។
ខុសពីកំណែមុនដែលប្រព័ន្ធជាអ្នករៀបចំឱ្យដោយស្វ័យប្រវត្តិ ឥឡូវនេះអ្នកទស្សនាអាចជ្រើសរើសគូប្រកួតកីឡា ឬកម្មវិធីបន្តផ្ទាល់ដែលខ្លួនចូលចិត្ត មកដាក់បញ្ចូលគ្នាក្នុងអេក្រង់តែមួយបានយ៉ាងងាយស្រួល។ នេះគឺជាដំណោះស្រាយដ៏ឆ្លាតវៃសម្រាប់អ្នកគាំទ្រកីឡាដែលចង់តាមដានច្រើនការប្រកួតក្នុងពេលតែមួយ ដោយមិនចង់រំលងសកម្មភាពសំខាន់ណាមួយឡើយ។
ទន្ទឹមនឹងការធ្វើបច្ចុប្បន្នភាពនេះ YouTube ក៏កំពុងសាកល្បងទម្រង់ពាណិជ្ជកម្មថ្មីហៅថា «Side-by-side» សម្រាប់ការផ្សាយបន្តផ្ទាល់ (Live Streams) ផងដែរ។ ពាណិជ្ជកម្មប្រភេទនេះនឹងបង្ហាញនៅផ្នែកខាងក្រោម ឬចំហៀងអេក្រង់ ទន្ទឹមនឹងវីដេអូដែលកំពុងផ្សាយផ្ទាល់។ ចំណុចពិសេសគឺវានឹងមិនកាត់ផ្តាច់ការទស្សនាទាំងស្រុងនោះទេ ប៉ុន្តែវានឹងបិទសំឡេងវីដេអូបណ្តោះអាសន្នរហូតដល់ពាណិជ្ជកម្មចប់ ដែលអនុញ្ញាតឱ្យអ្នកទស្សនានៅតែអាច «បន្តតាមដានសកម្មភាព» ក្នុងវីដេអូបានខ្លះៗ បើទោះជាមិនមានសំឡេងក៏ដោយ។
គួរជម្រាបថា បច្ចុប្បន្ន Google បានបញ្ជាក់ថា ខ្លួនបានចាប់ផ្តើមពង្រីកការសាកល្បងផ្ទាំងពាណិជ្ជកម្ម «Side-by-side» នេះទៅលើឧបករណ៍ចល័ត (Mobile) បន្ថែមទៀត បន្ទាប់ពីទទួលបានជោគជ័យក្នុងការដាក់ឱ្យប្រើលើទូរទស្សន៍ និងកុំព្យូទ័រ។ ទោះបីជាការបិទសំឡេងអាចបង្កការរំខានខ្លះៗដល់មាតិកាដែលផ្ដោតលើការនិយាយ ប៉ុន្តែវាជាយុទ្ធសាស្ត្រថ្មីរបស់ Google ក្នុងការស្វែងរកតុល្យភាពរវាងការរកចំណូល និងការរក្សាបទពិសោធន៍ទស្សនារបស់អ្នកប្រើប្រាស់ឱ្យនៅបន្តជាប់ជានិច្ច៕














