ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ប្រគល់ផ្ទះចំនួន ៦០ខ្នងបន្ថែមទៀត ក្រោមគម្រោង «ផ្ទះថ្មី ក្តីសង្ឃឹមថ្មី» ជូនទៅដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន (Video inside)

27-04-2026 15:13

(ភ្នំពេញ)៖ ប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលបានភៀសសឹកដោយសារជម្លោះព្រំដែន បានទទួលផ្ទះចំនួន ៦០ ខ្នង បន្ថែមទៀត ព្រមជាមួយនឹងអំណោយជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ក្រោមគម្រោង “ផ្ទះថ្មី ក្ដីសង្ឃឹមថ្មី” របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ។

ពិធីប្រគល់ផ្ទះ បានធ្វើឡើងដោយមានការចូលរួមពីប្រជាពលរដ្ឋជនភៀសសឹកផ្ទាល់ អាជ្ញាធរខេត្តទាំងពីរ និងថ្នាក់គ្រប់គ្រងរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ។

ប្រជាពលរដ្ឋជនភៀសសឹក បានរៀបរាប់ពីទុក្ខលំបាកដោយសារសង្គ្រាម ហើយរហូតមកទល់នឹងពេលនេះ ពួកគាត់មួយចំនួននៅពុំទាន់បានវិលត្រលប់ទៅកាន់លំនៅដ្ឋានវិញនោះទេ ។

អ្នកស្រី ច័ន្ទ កូដា ជនភៀសសឹក ខេត្តព្រះវិហារ និយាយថា «ដំបូងហ្នឹង ធ្វើឲ្យយើងពិបាកចិត្តជាខ្លាំង ហើយណាមួយយើងអត់មានពេលនៅផ្ទះនៅអីទេ យើងភៀសសឹករហូត អត់ដែលបាននៅផ្ទះទេ ភ័យមានអារម្មណ៍តក់ស្លុតយ៉ាងខ្លាំង»

អ្នកមីង គួន ឡាត ជនភៀសសឹក ខេត្តឧត្តរមានជ័យ បាននិយាយថា «ការរស់នៅភ័យព្រួយ ភ័យខ្លាច គ្រាប់វា… ពីមុខពីក្រោយ ដឹកចៅបីនាក់ មនុស្សធំៗពីរនាក់ រត់មកពីថ្ងៃដំបូង ។ មកដល់ឥឡូវនេះអត់ទាន់បានចូលស្រុកចូលភូមិទេ កន្លែងនៅវត្តគោកមន ។ បានកក់ក្ដៅចិត្តដែលបានផ្ទះនៅ អត់មានភ័យព្រួយខ្លាចខ្យល់ខ្លាចភ្លៀងទៀតឡើយ។ អរគុណ!»

គម្រោង “ផ្ទះថ្មី ក្តីសង្ឃឹមថ្មី” គឺជាផ្នែកមួយនៃការបន្តប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្នុងការកសាងសហគមន៍ឱ្យរីកចម្រើន និងមានភាពធន់។ ចាប់តាំងពីគម្រោងនេះចាប់ផ្តើម ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានផ្តល់ផ្ទះចំនួន ជាង ៧០ ខ្នងនៅខេត្តឧត្តរមានជ័យ ព្រះវិហារ សៀមរាប កំពង់ធំ តាកែវ និងរាជធានីភ្នំពេញ ដែលជួយក្រុមគ្រួសារប្រជាពលរដ្ឋកសាងជីវិតជាថ្មីជាមួយក្តីសង្ឃឹម សុវត្ថិភាព និងស្ថិរភាព។

លោកស្រី Sophie Goodall នាយិកាផ្នែកកិច្ចការសាជីវកម្មនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានថ្លែងថា «យើងសង្ឃឹមថា ផ្ទះថ្មីនេះនឹងនាំនូវស្ថិរភាព ក៏ដូចជា ការចាប់ផ្ដើមនូវជីវិតថ្មីជាមួយនឹងក្ដីសង្ឃឹមថ្មីរបស់ផ្ទះយើងនេះ ។ ខ្ញុំសូមគូសបង្ហាញបន្ថែមថា ក្នុងនាមជាក្រុមហ៊ុនមួយ គោលតម្លៃរបស់យើង គឺយើងតែងតែយកចិត្តទុកដាក់ខ្ពស់ទៅលើមនុស្សប្រជាពលរដ្ឋ ក៏ដូចជាភពផែនដីរបស់យើង ដើម្បីឆ្លុះបញ្ចាំងអំពីការរួបរួមគ្នាជាធ្លុងមួយដែលពុំមានការងាករេឡើយ»

អាជ្ញាធរខេត្តព្រះវិហារ និងឧត្តរមានជ័យ បានឲ្យដឹងថា គម្រោង «ផ្ទះថ្មី ក្ដីសង្ឃឹមថ្មី» នេះ គឺជាគម្រោងមួយដែលចូលរួមចំណែកជាមួយនឹងរដ្ឋាភិបាល ជួយគាំទ្រដល់ប្រជាពលរដ្ឋកម្ពុជាក្នុងគ្រាលំបាក ។

អភិបាលរងខេត្តព្រះវិហារ បានលើកឡើងថា «លំបាកយ៉ាងម៉េច ចំពោះបងប្អូនជនភៀសសឹក? គឺពួកគាត់ទៅរស់នៅក្នុងតង់ ក្រោមតង់ក្ដៅណាស់ ក្ដៅ ហើយប្រើបន្ទប់ទឹករួម រស់នៅលក្ខណៈចង្អៀត។ នេះហើយជាផលលំបាកនៃសង្គ្រាមដែលកើតឡើងនៅឯបន្ទាត់ព្រំដែនកម្ពុជា-ថៃយើងនេះ។”
សុន្ទរកថា អភិបាលរងខេត្តឧត្តរមានជ័យ - “សូមអរគុណដល់ក្រុមហ៊ុន ដែលបានចែករំលែកនូវក្ដីស្រលាញ់ ចែករំលែកនៅក្ដីអាណិតអាសូរដល់ប្រជាពលរដ្ឋខ្មែរដែលរងគ្រោះពិតប្រាកដ»

តាមរយៈការសហការគ្នាជាមួយអាជ្ញាធរខេត្ត និងសហគមន៍មូលដ្ឋាន ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បន្តជួយជំរុញការផ្លាស់ប្តូរ និងភាពធន់យូរអង្វែង ដោយជួយគាំទ្រដល់ប្រជាជនខ្មែរមិនត្រឹមតែក្នុងឱកាសសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែជាពិសេសនៅពេលដែលពួកគាត់ជួបការលំបាក ត្រូវការជំនួយ និងការគាំទ្រខ្លាំងបំផុត៕