វិបត្តិវត្ថុធាតុដើម៖ វិស័យបច្ចេកវិទ្យាកំពុងប្រឈមមុខនឹងការឡើងថ្លៃដើមយ៉ាងគំហុក

27-04-2026 16:27

(បរទេស)៖ ជម្លោះនៅមជ្ឈិមបូព៌ាបានធ្វើឱ្យរអាក់រអួលដល់ការផ្គត់ផ្គង់វត្ថុធាតុដើមសំខាន់ៗ និងរុញច្រានតម្លៃបន្ទះសៀគ្វី (Printed Circuit Boards - PCB) ឱ្យហក់ឡើងខ្ពស់។ បន្ទះសៀគ្វីទាំងនេះ គឺជាសមាសភាគមិនអាចខ្វះបាននៅក្នុងឧបករណ៍អេឡិចត្រូនិកស្ទើរតែទាំងអស់ ចាប់តាំងពីទូរស័ព្ទដៃ កុំព្យូទ័រ រហូតដល់ម៉ាស៊ីនមេ AI (AI Servers)។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។

ការរំខាននេះ គឺជាការវាយប្រហារថ្មីមួយទៀតដល់ក្រុមហ៊ុនផលិតអេឡិចត្រូនិក ដែលកំពុងតែប្រឈមមុខនឹងការឡើងថ្លៃបន្ទះឈីបអង្គចងចាំ (Memory Chip) រួចស្រាប់ទៅហើយ។ វាក៏បានបង្ហាញពីផលប៉ះពាល់យ៉ាងទូលំទូលាយនៃសង្គ្រាមអ៊ីរ៉ង់ ដែលបានបង្កការខូចខាតដល់ចង្វាក់ផ្គត់ផ្គង់ វិស័យប្លាស្ទិក និងការផ្គត់ផ្គង់ប្រេងផងដែរ។ អ៊ីរ៉ង់បានវាយប្រហារលើមជ្ឈមណ្ឌលគីមីឥន្ធនៈ Jubail របស់អារ៉ាប៊ីសាអូឌីត កាលពីដើមខែមេសា ដែលបង្ខំឱ្យផ្អាកផលិតកម្មជ័រ PPE កម្រិតខ្ពស់ (ជាវត្ថុធាតុដើមសំខាន់សម្រាប់ផលិតបន្ទះសៀគ្វី)។ ក្រុមហ៊ុន SABIC ដែលផ្គត់ផ្គង់ជាតិជ័រនេះប្រហែល ៧០%នៃពិភពលោក មិនទាន់អាចដំណើរការផលិតកម្មឡើងវិញបាននៅឡើយទេ។

តម្រូវការម៉ាស៊ីនមេ AI បានធ្វើឱ្យតម្លៃ PCB កើនឡើងតាំងពីចុងឆ្នាំមុនមកម្ល៉េះ ហើយបានហក់ឡើងខ្លាំងបន្ថែមទៀតនៅខែមីនា និងមេសានេះ។ តម្លៃទង់ដែង (Copper) ដែលមានចំណែកដល់ទៅ ៦០% នៃតម្លៃវត្ថុធាតុដើមសរុប បានហក់ឡើង ៣០% នៅឆ្នាំនេះ។ រីឯជាតិជ័រ Epoxy ក៏មានការខ្វះខាត ដែលធ្វើឱ្យការរង់ចាំទំនិញកើនឡើងពី ៣ សប្តាហ៍ ទៅ ១៥ សប្តាហ៍។

គួរជម្រាបថា នៅក្នុងខែមេសានេះ តម្លៃ PCB បានកើនឡើងរហូតដល់ ៤០% បើធៀបនឹងខែមីនា។ ឧស្សាហកម្ម PCB ពិភពលោកត្រូវបានគេរំពឹងថានឹងកើនឡើង ១២.៥% រហូតដល់ដល់ ៩៥.៨ ពាន់លានដុល្លារនៅឆ្នាំ ២០២៦។ ក្រុមហ៊ុនផលិត PCB ដូចជា Daeduck Electronics (កូរ៉េខាងត្បូង) និង Victory Giant (ចិន ដែលជាអ្នកផ្គត់ផ្គង់ឱ្យ Nvidia) កំពុងស្ថិតក្នុងកិច្ចពិភាក្សាជាមួយអតិថិជនដូចជា Samsung, SK Hynix និង AMD អំពីការដំឡើងថ្លៃផលិតផល៕