Elon Musk ថាការសន្សំលុយចូលនិវត្តន៍លែងជារឿងចាំបាច់ ព្រោះ AI នឹងធ្វើឱ្យពិភពលោក «មានអ្វីៗគ្រប់យ៉ាង»
27-04-2026 16:50
(បរទេស)៖ មហាសេដ្ឋីលំដាប់ពិភពលោក លោក Elon Musk បានបង្កឱ្យមានការភ្ញាក់ផ្អើលជាមួយនឹងទស្សនៈថ្មីថា ការសន្សំប្រាក់សម្រាប់ពេលចូលនិវត្តន៍គឺជារឿង «ឥតប្រយោជន៍»។ លោកជឿជាក់ថា ពិភពលោកកំពុងប្រឈមមុខនឹង «រលកយក្សស៊ូណាមិ» នៃបច្ចេកវិទ្យា AI និងរ៉ូបូត ដែលនឹងផ្លាស់ប្តូរជីវភាពរស់នៅទាំងស្រុង។ លោក Musk បានបញ្ជាក់ក្នុងកម្មវិធីផតខាសមួយថា៖ «កុំបារម្ភពីការសន្សំលុយទុកសម្រាប់ចូលនិវត្តន៍ក្នុងរយៈពេល ១០ ឬ ២០ ឆ្នាំខាងមុខអី វានឹងលែងជាបញ្ហាសំខាន់ទៀតហើយ» ព្រោះបច្ចេកវិទ្យានឹងបង្កើតផលិតភាពដ៏មហាសាលរហូតដល់គ្មានភាពខ្វះខាត។ នេះបើយោងតាមការចេញផ្សាយដោយ Yahoofinace នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។
តាមការព្យាករណ៍របស់មហាសេដ្ឋីរូបនេះ AI នឹងមានបញ្ញាលើសពីមនុស្សជាតិទាំងអស់បូកបញ្ចូលគ្នានៅត្រឹមឆ្នាំ ២០៣០ ហើយកម្លាំងពលកម្មភាគច្រើននឹងត្រូវជំនួសដោយម៉ាស៊ីន។ លោកបានលើកឡើងថា មនុស្សជាតិនឹងលែងទទួលបានត្រឹមតែ «ប្រាក់ចំណូលជាសកល» ធម្មតាទៀតហើយ ប៉ុន្តែនឹងឈានទៅដល់កម្រិត «ប្រាក់ចំណូលជាសកលដែលចង់បានអ្វីក៏បាន»។ ក្នុងចក្ខុវិស័យនេះ ទំនាក់ទំនងរវាងកម្លាំងពលកម្ម ប្រាក់ខែ និងការសន្សំ នឹងលែងមានន័យទៀតហើយ ព្រោះទាំងទំនិញ សេវាកម្ម និងការថែទាំសុខភាព នឹងមានភាពសម្បូរបែប និងងាយស្រួលរកបានបំផុតសម្រាប់មនុស្សគ្រប់គ្នា។
លោក Musk ក៏បានប្រៀបធៀបទៀតថា ការធ្វើការងារនៅថ្ងៃអនាគតនឹងក្លាយជា «ជម្រើស» ឬជាសកម្មភាពកម្សាន្តដូចជាការលេងកីឡាប៉ុណ្ណោះ ដោយលោកលើកឡើងថា៖ «ប្រសិនបើអ្នកចង់ធ្វើការ វាដូចជាការដែលអ្នកអាចទៅហាងដើម្បីទិញបន្លែ ឬអ្នកអាចដាំបន្លែនៅក្រោយផ្ទះដោយខ្លួនឯង [ព្រោះអ្នកចូលចិត្តដាំ]»។ ទោះជាយ៉ាងណាក៏ដោយ លោកក៏បានដាស់តឿនពីផលវិបាកផ្លូវចិត្តផងដែរ ដោយសារមនុស្សអាចនឹងប្រឈមនឹងវិបត្តិអត្ថន័យនៃជីវិត នៅពេលដែលការងារលែងជាកត្តាចាំបាច់សម្រាប់ការរស់នៅ។
ទោះបីជាមានការព្យាករណ៍ដ៏មានសុទិដ្ឋិនិយមបែបនេះក្តី ប៉ុន្តែស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្នបង្ហាញថា ជនជាតិអាមេរិកភាគច្រើនកំពុងជួបការលំបាកយ៉ាងខ្លាំងក្នុងការសន្សំប្រាក់ ដោយសារបញ្ហាអតិផរណា។ ទស្សនៈរបស់ Musk ហាក់ដូចជាការផ្តល់ក្តីសង្ឃឹមថ្មីមួយ ប៉ុន្តែវាក៏ជាសាររំលឹកឱ្យពិភពលោកត្រៀមខ្លួនសម្រាប់បម្រែបម្រួលសង្គមដ៏ធំ ដែលអាចនឹងធ្វើឱ្យប្រព័ន្ធហិរញ្ញវត្ថុបែបប្រពៃណីត្រូវផ្លាស់ប្តូររូបរាងទាំងស្រុង៕














