កីឡាចំបាប់ ចាប់ផ្ដើមប្រកួតក្នុងព្រឹត្តិការណ៍លើឆ្នេរខ្សាច់អាស៊ី លើកទី៦ នៅចិន ថ្ងៃនេះ
28-04-2026 08:56
(ភ្នំពេញ)៖ ក្រុមកីឡាចំបាប់ឆ្នេរខ្សាច់ជម្រើសជាតិកម្ពុជា នឹងចាប់ផ្ដើមការប្រកួតរបស់ខ្លួន ក្នុងព្រឹត្តិការណ៍កីឡាលើឆ្នេរខ្សាច់អាស៊ី លើកទី៦ នៅទីក្រុង Sanya សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២៨ ខែមេសានេះ បន្ទាប់ពីអត្តពលិកកម្ពុជា ៣ប្រភេទទៀត បានបញ្ចប់ភារកិច្ចរៀងៗខ្លួន។
ចំបាប់ គឺជាប្រភេទកីឡាចុងក្រោយដែលត្រូវធ្វើការប្រកួតក្នុងព្រឹត្តិការណ៍កម្រិតទ្វីប ៤ឆ្នាំម្ដងនេះ។ រីឯកីឡាដែលបានបញ្ចប់ការប្រកួត គឺមានកីឡាទ្រីយ៉ាត្លុង ជឺជីតស៊ូ និងកីឡាបាល់ទាត់លើតុ ដែលទទួលបានមេដាយប្រាក់ ១ ដោយកីឡាការិនីទ្រីយ៉ាត្លុង ម៉ាហ្គត មរកត ហ្គារ៉ាប៊ីឌៀន និងមេដាយសំរឹទ្ធ ១ ដោយក្រុមកីឡាការិនីបាល់ទាត់លើតុ។
ជាមួយបេសកកម្មខាងលើ ក្រុមកីឡាចំបាប់បានបញ្ជូនកីឡាករ-កីឡាការិនី ៦រូបចូលរួមប្រកួតរយៈពេល ២ថ្ងៃ នៅថ្ងៃទី២៨-២៩ ខែមេសា ក្នុងនោះមានកីឡាករ ហេង វុទ្ធី, ហេង រ័ត្នថា, ឈឿន ឈាង, កីឡាការិនី ឌិន សំណាង, ជា កញ្ញា និងជឿន ស្រីឡាន ដែលនឹងត្រូវប្រឈមជាមួយកីឡាករ-កីឡាការិនីខ្លាំងៗជាច្រើនមកពីបណ្ដាប្រទេសក្នុងទ្វីបអាស៊ី៕






