Taylor Swift ដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាកសញ្ញា (Trademark) លើសំឡេង និងរូបរាង ដើម្បីទប់ទល់នឹងបច្ចេកវិទ្យា AI Deepfakes
28-04-2026 10:42
(បរទេស)៖ កំពូលតារាចម្រៀងរាងសិចស៉ីច Taylor Swift បានដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាកសញ្ញាសម្រាប់ឃ្លីបសំឡេងចំនួនពីរ និងរូបភាពមួយសន្លឹករបស់នាង។ មេធាវី ទទួលបន្ទុកផ្នែកម៉ាកសញ្ញាម្នាក់បានលើកឡើងថា នេះគឺជាការប៉ុនប៉ងការពារសំឡេង និងរូបរាងរបស់នាងពីវីដេអូ និងសំឡេង Deepfake ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)។
ពាក្យស្នើសុំទាំងនេះត្រូវបានដាក់ទៅកាន់ការិយាល័យប៉ាតង់ និងម៉ាកសញ្ញាសហរដ្ឋអាមេរិក (USPTO) នៅថ្ងៃសុក្រសប្តាហ៍មុន ដោយបញ្ជាក់ថា ក្រុមហ៊ុន TAS Rights Management របស់ Swift គឺជាម្ចាស់កម្មសិទ្ធិលើឃ្លីបសំឡេង និងរូបភាពទាំងនោះ។ តារាចម្រៀង Swift បាននិយាយថា «សួស្តី ខ្ញុំ Taylor Swift ហើយអ្នកអាចស្តាប់អាល់ប៊ុមថ្មីរបស់ខ្ញុំដែលមានចំណងជើងថា The Life of a Showgirl តាមរយៈ Amazon Music Unlimited បាន»។ ឃ្លីបសំឡេងទី២៖ «សួស្តី ខ្ញុំ Taylor។ អាល់ប៊ុមថ្មីរបស់ខ្ញុំ The Life of a Showgirl នឹងចេញលក់នៅថ្ងៃទី៣ ខែតុលា ហើយអ្នកអាចចុច Presave ដើម្បីស្តាប់នៅលើ Spotify បាន»។ ងកមកផ្នែករូបភាព ជាសន្លឹករូបភាពដែលនាងស្ថិតនៅលើឆាក គ្រងឈុតសម្លៀកបំពាក់ពណ៌ចែងចាំង (sequined outfit) និងកាន់ហ្គីតាពណ៌ផ្កាឈូក។
មេធាវីផ្នែកម៉ាកសញ្ញា លោក Josh Gerben បានសរសេរថា ការចុះបញ្ជីនេះ «ត្រូវបានរៀបចំឡើងជាពិសេសដើម្បីការពារ Taylor ពីការគំរាមកំហែងដែលបង្កឡើងដោយបញ្ញាសិប្បនិម្មិត»។ លោកបានបន្តថា ទោះបីជាច្បាប់ «សិទ្ធិជាសាធារណៈ» (Right of Publicity) ដែលមានស្រាប់ផ្តល់ការការពារខ្លះក៏ដោយ ប៉ុន្តែការចុះបញ្ជីម៉ាកសញ្ញានឹងបន្ថែមស្រទាប់ការពារមួយកម្រិតទៀត។ លោកបន្ថែមថា ជាប្រវត្តិសាស្ត្រ អ្នកចម្រៀងតែងតែពឹងផ្អែកលើច្បាប់រក្សាសិទ្ធិ (Copyright) ដើម្បីការពារបទចម្រៀងដែលបានថតទុក។ ប៉ុន្តែបច្ចេកវិទ្យា AI ឥឡូវនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើតមាតិកាថ្មីទាំងស្រុងដែលចម្លងតាមសំឡេងរបស់សិល្បករដោយមិនចាំបាច់លួចចម្លងពីការថតដែលមានស្រាប់ឡើយ ដែលនេះជាចន្លោះប្រហោងដែល «ម៉ាកសញ្ញា» (Trademark) អាចជួយបំពេញបាន។
លោក Gerben ក៏បានសង្កត់ធ្ងន់ថា ការការពាររូបភាពតាមរយៈម៉ាកសញ្ញានេះ នឹងផ្តល់មូលដ្ឋានច្បាប់បន្ថែមដល់ក្រុមការងាររបស់ Swift ក្នុងការប្តឹងផ្តល់ប្រឆាំងនឹងរូបភាពដែលកែច្នៃដោយ AI ដែលមានលក្ខណៈដូចរូបរាងពិតរបស់នាងខ្លាំងពេក។
គួរជម្រាបថា កន្លងមក រូបភាព និងសំឡេងរបស់ Swift ត្រូវបានគេយកទៅប្រើប្រាស់ក្នុងវីដេអូ AI Deepfakes ជាច្រើនរាប់មិនអស់ ចាប់តាំងពីការផ្សាយពាណិជ្ជកម្មក្លែងក្លាយ ការគាំទ្រនយោបាយមិនពិត រហូតដល់រូបភាពអាសអាភាស៕











