អ្នកផ្គូផ្គង៖ កីឡាករ Joshua ចុះកិច្ចសន្យាវ៉ៃជាមួយ Fury ខណៈកាលបរិច្ឆេទ និងសង្វៀន មិនទាន់ប្រកាស

28-04-2026 11:00

(បរទេស)៖ កីឡាករប្រដាល់សកលទម្ងន់ធ្ងន់ Anthony Joshua បានព្រមព្រៀងចុះកិច្ចសន្យា ដើម្បីប្រឈមមុខទល់នឹងជើងខ្លាំងអង់គ្លេសដូចគ្នា Tyson Fury ស្របពេលកាលបរិច្ឆេទ និងសង្វៀនមិនទាន់រកឃើញ។ នេះបើយោងតាមការប្រកាសពីលោក Eddie Hearn អ្នកផ្គូផ្គងប្រដាល់ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC។

នៅចាំបានថា នេះជាលើកដំបូងរបស់ Joshua ក្នុងការឡើងសង្វៀន គិតចាប់តាំងពីជួបគ្រោះថ្នាក់ចរាចរណ៍នាខែធ្នូ ឆ្នាំ២០២៥ ដែលនឹងត្រូវប្រឈមមុខនឹងកីឡាករ Kristian Prenga ស្ថិតក្នុងទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអូឌីតនាថ្ងៃទី២៥ ខែកក្កដាខាងមុខ មុនប៉ះ Fury។

ទាំង Fury និង Joshua សុទ្ធតែជាអតីតម្ចាស់ជើងឯកខ្សែក្រវាត់ពិភពលោក ២សម័យកាលដូចគ្នាប្រភេទទម្ងន់ធ្ងន់ ក្នុងរយៈពេលជាង ១ទសវត្សរ៍មកនេះ ដោយកន្លងមកពុំដែលប៉ះគ្នានោះទេ។

ក៏ប៉ុន្តែនៅថ្ងៃចន្ទ ទី២៧ ខែមេសាម្សិលមិញនេះ លោក Hearn ដែលជាអ្នកផ្សព្វផ្សាយ និងផ្គូផ្គងប្រដាល់ដ៏ល្បី ១រូប បានបង្ហោះសារនៅលើបណ្តាញសង្គមថា «ការចរចា និងទន្ទឹងរង់ចាំជាយូរមកហើយនោះ បានចុះកិច្ចព្រមព្រៀងទាំង សងខាងរួចរាល់ហើយ»

លោក Hearn បានបន្ថែមថា កាលបរិច្ឆេទ រួមទាំងទីលានប្រកួតនៅមិនទាន់បានប្រកាសនៅឡើយទេ ដ្បិតលោកស្នើឱ្យរៀបចំនៅខែវិច្ឆិកា ឆ្នាំ២០២៦ និងមានការផ្សាយផ្ទាល់នៅលើ Netflix ទៀតផង៕