Meta បង្កើតប្រវត្តិសាស្ត្រថ្មី៖ ចាប់ដៃគូជាមួយក្រុមហ៊ុនអវកាស ដើម្បីទាញថាមពលព្រះអាទិត្យពីលំហមកប្រើលើដី
28-04-2026 11:55
(បរទេស)៖ ក្រុមហ៊ុន Meta (ក្រុមហ៊ុនមេរបស់ Facebook) បានឈានដល់កិច្ចព្រមព្រៀងដ៏សំខាន់មួយជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអវកាស Overview Energy ក្នុងគោលបំណងនាំយកថាមពលពន្លឺព្រះអាទិត្យពីលំហអាកាស មកផ្គត់ផ្គង់ដល់មជ្ឈមណ្ឌលទិន្នន័យ (Data Centers) របស់ខ្លួន។ បច្ចេកវិទ្យានេះ នឹងប្រើប្រាស់ផ្កាយរណបដើម្បីប្រមូលពន្លឺព្រះអាទិត្យពីក្នុងលំហ រួចបញ្ជូនមកកាន់ស្ថានីយលើដី ដែលអនុញ្ញាតឱ្យ Meta ទទួលបានប្រភពអគ្គិសនីប្រើប្រាស់បាន ២៤ ម៉ោងលើ ២៤ ម៉ោង មិនថាពេលថ្ងៃឬយប់ឡើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។
គម្រោងដ៏មានមហិច្ឆតានេះ រំពឹងថានឹងចាប់ផ្ដើមធ្វើការសាកល្បងនៅលើគន្លងតារាវិថីនៅឆ្នាំ២០២៨ ហើយនឹងឈានដល់ការចែកចាយថាមពលជាលក្ខណៈពាណិជ្ជកម្មក្នុងទំហំរហូតដល់ ១ ជីហ្គាវ៉ាត់ (Gigawatt) នៅឆ្នាំ២០៣០។ លោក Nat Sahlstrom អនុប្រធានផ្នែកថាមពល និងនិរន្តរភាពរបស់ Meta បានបញ្ជាក់ពីរបកគំហើញនេះថា៖ «បច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យក្នុងលំហអាកាស តំណាងឱ្យជំហានឆ្ពោះទៅមុខដ៏មានសារៈសំខាន់មួយ តាមរយៈការទាញយកប្រយោជន៍ពីហេដ្ឋារចនាសម្ព័ន្ធនៅលើដីដែលមានស្រាប់ ដើម្បីបញ្ជូនថាមពលថ្មីដែលមិនចេះដាច់ពីគន្លងតារាវិថី»។
គួរជម្រាបផងដែរថា ការបោះជំហានទៅរកថាមពលអវកាសនេះ ធ្វើឡើងខណៈដែល Meta និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សដទៃទៀត កំពុងត្រូវការបរិមាណអគ្គិសនីមហាសាល ដើម្បីទ្រទ្រង់ការរីកដុះដាលនៃបញ្ញាសិប្បនិម្មិត (AI) និងការផ្ទុះឡើងនៃមជ្ឈមណ្ឌលទិន្នន័យ។ ក្រៅពីថាមពលព្រះអាទិត្យពីលំហ Meta ក៏កំពុងពង្រីកការសាងសង់មជ្ឈមណ្ឌលទិន្នន័យតម្លៃរាប់ពាន់លានដុល្លារ និងបានសហការជាមួយក្រុមហ៊ុនថាមពលនុយក្លេអ៊ែរល្បីៗជាច្រើនទៀត ដើម្បីធានាបាននូវប្រភពថាមពលស្អាត និងស្ថិរភាពសម្រាប់អនាគត៕













