FIFA មានគម្រោងបន្ធូរបន្ថយទណ្ឌកម្មចំពោះកាតលឿង ចំពោះ ២វគ្គបន្ថែមទៀតនៅ World Cup 2026
28-04-2026 12:29
(បរទេស)៖ សហព័ន្ធ FIFA មានផែនការកែប្រែក្បួនច្បាប់ប្រកួតតិចតួច ពីការដកបញ្ឈរជើងនៅពេលទទួលបានកាតលឿងក្នុង ២វគ្គបន្ថែមទៀតនៅ World Cup 2026 ខាងមុខនេះ។
បើយោងតាមការចេញផ្សាយដោយ BBC បានឱ្យដឹងថា FIFA មានគម្រោងលុបចោលការពិន័យកាតលឿង ចំពោះការកីឡាករណាដែលទទួលបានកាតលឿង២ ពីក្នុងវគ្គ ៣២ក្រុម និងវគ្គ ១៦ក្រុមបន្ថែមទៀត ដែលជាធម្មតាត្រូវព្យួរ ១ប្រកួតបន្ទាប់។
ដោយផ្អែកតាមច្បាប់ចាស់កន្លងមក ពោលគឺលេងតែ ៣២ក្រុមគិតចាប់តាំងពី World Cup នៅឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២២ ការពិន័យកាតលឿង និងកាតក្រហម មិនជាប់ពាក់ព័ន្ធនឹងវគ្គចាញ់-ធ្លាក់ឡើយ ពោលគឺ FIFA ដកបញ្ឈរជើងតែក្នុងវគ្គចែកពូល ៣ប្រកួតតែប៉ុណ្ណោះ និងគិតសារឡើងវិញចាប់វគ្គ ១៦ក្រុមរហូតដល់ផ្តាច់ព្រ័ត្រតែម្តង វាលើកលែងតែទទួលបាន ២កាតលឿង ឬកាតក្រហមពីក្នុងវគ្គសន្សំពិន្ទុ ទើបមានការពិន័យ។
ស្ថិតក្រោមច្បាប់ថ្មីដែល FIFA ត្រៀមនឹងកែប្រែ នៅពេលក្រុមមួយត្រូវលេង ៥ប្រកួត ដើម្បីឆ្លងចូលវគ្គ ៨ក្រុមចុងក្រោយនៃ World Cup 2026 នៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ក្រោមទម្រង់លេងថ្មី ៤៨ក្រុម (ប្រទេស) ដែលជាប្រធានបទសហព័ន្ធត្រៀមលើកយកមកពិភាក្សាគ្នា ក្នុងសមាជប្រចាំឆ្នាំនាថ្ងៃអង្គារនេះនៅទីក្រុង Vancouver ប្រទេសកាណាដា៕



