អតីតអ្នកស្រាវជ្រាវនៅ DeepMind ទើបតែប្រមូលទុនបាន ១.១ ពាន់លានដុល្លារ ដើម្បីបង្កើត AI ដែលរៀនសូត្រដោយមិនបាច់ប្រើទិន្នន័យពីមនុស្ស

28-04-2026 15:25

(បរទេស)៖ Ineffable Intelligence ដែលជាមន្ទីរពិសោធន៍ AI របស់អង់គ្លេស បង្កើតឡើងត្រឹមតែប៉ុន្មានខែប៉ុណ្ណោះដោយលោក David Silver អតីតអ្នកស្រាវជ្រាវនៅ DeepMind និងកៀរគរថវិកាបានចំនួន ១.១ ប៊ីលានដុល្លារ ក្នុងតម្លៃវាយតម្លៃក្រុមហ៊ុនដល់ទៅ ៥.១ ពាន់លានដុល្លារ ដើម្បីចូលរួមក្នុងយុទ្ធនាការបង្កើតម៉ូដែល AI ជំនាន់ថ្មី ដែលអាចមានសមត្ថភាពខ្លាំងជាងម៉ូដែលភាសាធំៗ (LLMs) បច្ចុប្បន្ន។

យោងតាមគេហទំព័រថ្មីដែលទើបនឹងដាក់សម្ពោធរបស់ខ្លួន Ineffable មានគោលបំណងបង្កើត «Superlearner» (កំពូលអ្នករៀនសូត្រ) ដែលមានសមត្ថភាពស្វែងរកចំណេះដឹង និងជំនាញដោយមិនពឹងផ្អែកលើទិន្នន័យរបស់មនុស្ស ប៉ុន្តែប្រើប្រាស់បច្ចេកទេស Reinforcement Learning (ការរៀនដោយពង្រឹងសមត្ថភាព) ដែលជាបច្ចេកទេសមួយអនុញ្ញាតឱ្យប្រព័ន្ធ AI រៀនសូត្រតាមរយៈការសាកល្បងខុស និងត្រូវ ជាងការសិក្សាពីឧទាហរណ៍ដែលបង្កើតដោយមនុស្ស។ នេះគឺជាជំនាញឯកទេសរបស់លោក Silver។

លោក Silver គឺជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ University College London ហើយរហូតមកដល់ពេលថ្មីៗនេះ លោកបានដឹកនាំក្រុមការងារ Reinforcement Learning នៅក្រុមហ៊ុន DeepMind (កម្មសិទ្ធិរបស់ Google) ជាកន្លែងដែលលោកបានចំណាយពេលជាងមួយទសវត្សរ៍ មុននឹងចាកចេញមកបង្កើតក្រុមហ៊ុនថ្មីនេះ។

Ineffable Intelligence សង្ឃឹមថា Superlearner របស់ខ្លួននឹងស្វែងរកចំណេះដឹងទាំងអស់តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួនរបស់វា។ ទោះបីជា Superlearner នេះអាចនឹងនៅខ្វះបទពិសោធន៍ ប៉ុន្តែក្រុមហ៊ុនមិនខ្វះមហិច្ឆតានោះទេ។ គេហទំព័ររបស់ក្រុមហ៊ុនបានអះអាងថា៖ «ប្រសិនបើជោគជ័យ វានឹងតំណាងឱ្យរបកគំហើញវិទ្យាសាស្ត្រដែលមានទំហំប្រហាក់ប្រហែលនឹងលោក Darwin ដែរ ខណៈច្បាប់របស់គាត់បានពន្យល់ពីជីវិតទាំងអស់ ច្បាប់របស់យើងនឹងពន្យល់ និងបង្កើតបញ្ញា (Intelligence) ទាំងអស់»

លោក Silver បានហៅ Ineffable Intelligence ថាជា «ការងារពេញមួយជីវិតរបស់លោក» ហើយលោកបានប្រាប់សារព័ត៌មាន Wired ថា៖ «ប្រាក់ចំណេញណាមួយដែលខ្ញុំទទួលបានពី Ineffable នឹងត្រូវផ្តល់ទៅឱ្យអង្គការសប្បុរសធម៌ដែលមានឥទ្ធិពលខ្លាំង ដើម្បីជួយសង្គ្រោះជីវិតមនុស្សឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន»។ គេនៅមិនទាន់ដឹងច្បាស់ថា តើក្រុមហ៊ុននេះនឹងរកចំណូលបានដោយរបៀបណា នៅពេលណា ឬបានចំនួនប៉ុន្មាននោះទេ ប៉ុន្តែចំណុចនេះមិនបានរារាំងដល់ការកៀរគរទុនឡើយ។

គួរជម្រាបថា ក្រុមហ៊ុនបែបនេះអាចនឹងមានច្រើនទៀត។ ក្រុមហ៊ុន Recursive Superintelligence ដែលសហការបង្កើតឡើងដោយលោក Tim Rocktäschel អតីតអ្នកវិទ្យាសាស្ត្រឈានមុខរបស់ DeepMind ក៏ត្រូវបានគេរាយការណ៍ថាប្រមូលទុនបាន ៥០០លានដុល្លារ ហើយអាចនឹងកើនឡើងដល់ ១ពាន់លានដុល្លារថែមទៀត។

ខណៈដែលក្រុមហ៊ុន Recursive មានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ក្រុមហ៊ុនទាំងនេះបង្ហាញពីសន្ទុះកើនឡើងនៃទីក្រុងឡុងដ៍ ក្នុងនាមជាមជ្ឈមណ្ឌល AI។ នេះគឺជាផ្នែកមួយដោយសារតែវត្តមានបន្តបន្ទាប់របស់ DeepMind បន្ទាប់ពីត្រូវបានទិញយកដោយ Google ក្នុងឆ្នាំ ២០១៤។ ប៉ុន្តែមិនមែនមានតែ DeepMind ទេ មន្ទីរពិសោធន៍ AI របស់លោក Jeff Bezos គឺ Project Prometheus ក៏ត្រូវបានគេរាយការណ៍ថា កំពុងចរចាស្វែងរកការិយាល័យនៅជិតមជ្ឈមណ្ឌល AI របស់ Google ក្នុងទីក្រុងឡុងដ៍ផងដែរ៕