រត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងឆ្នាំនេះ កាន់តែអធិកអធម ខណៈតម្រាយផ្លូវរត់ បានកែសម្រួលថ្មី

29-04-2026 08:17

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នឹងរៀបចំកាន់តែអធិកអធម ក្នុងទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ លើកទី១៤ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ គម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងក្នុងសន្និសីទ នៅថ្ងៃអង្គារថា ឆ្នាំនេះ ជាឆ្នាំពិសេស និងធំ ក្នុងព្រះរាជឱកាសគម្រប់ខួប ៩០ យាងចូល ៩១ ព្រះវស្សា នៃព្រះរាជពិធីចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។ ការណ៍នេះ គណៈកម្មការបានត្រៀមរៀបចំនូវកម្មវិធីពិសេសៗជាច្រើន ដោយមានទាំងចម្រៀងថ្វាយព្រះពរផង ដើម្បីញាំងព្រឹត្តិការណ៍រត់ប្រណាំងដ៏ធំប្រចាំឆ្នាំនេះ កាន់តែមានភាពអធិកអធម និងទាក់ទាញ។

បន្ថែមលើនេះ លោកក៏បានគូសរំលេចពីគោលបំណងសំខាន់ៗផ្សេងទៀត ដែលទាមទារឲ្យប្រជាពលរដ្ឋរួសរាន់ចុះឈ្មោះឲ្យបានច្រើនកុះករ ដើម្បីលើកកម្ពស់កិត្យានុភាព និងកេរ្ដិ៍ឈ្មោះព្រឹត្តិការណ៍ ដែលមានផ្សារភ្ជាប់ឈ្មោះរាជធានីភ្នំពេញ ដូចបណ្ដាព្រឹត្តិការណ៍រត់ប្រណាំងប្រចាំរាជធានី និងទីក្រុងធំៗលើពិភពលោក ឲ្យល្បីល្បាញទៅក្រៅប្រទេស ក៏ដូចជាការបន្តសកម្មភាពសប្បុរសធម៌ ដោយស្វែងរកមូលនិធិជួយមន្ទីរពេទ្យគន្ធបុប្ផា និងបំផុសសកម្មភាពកីឡាដើម្បីសុខភាពជាដើម។

លោកបន្ដថា បច្ចុប្បន្នមានអ្នកចុះឈ្មោះជាង ៣ពាន់នាក់ហើយ ក្នុងនោះមានបរទេសជិត ១ពាន់នាក់ ប៉ុន្ដែឆ្នាំនេះ គណៈកម្មការបានប្ដេជ្ញាជំរុញឲ្យមានការចូលរួមយ៉ាងហោចពី ៥ពាន់ ទៅ ៦ពាន់នាក់ ដើម្បីអបអរសារទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។ ការណ៍នេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋចុះឈ្មោះឲ្យបានរួសរាន់ ដើម្បីគណៈកម្មការងាយស្រួលក្នុងការរៀបចំ ពិសេសត្រៀមសម្ភារៈផ្ដល់ជូនដល់អ្នកចុះឈ្មោះទាំងអស់គ្នា។

ជាមួយគ្នាលោក សែម ផល្លា នាយកបច្ចេកទេសគណៈកម្មការម៉ារ៉ាតុងនៅកម្ពុជា បានបញ្ជាក់ថា ព្រឹត្ដិការណ៍រត់ប្រណាំងដ៏ធំនៅរាជធានីភ្នំពេញឆ្នាំនេះ រក្សាការរៀបចំ ៤វិញ្ញាសាដដែល គឺមានរត់ចម្ងាយ ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និងរត់កម្សាន្ដ ២.៥គីឡូម៉ែត្រ។ តែអ្វីដែលប្លែកឆ្នាំនេះ មានការកែសម្រួលតម្រាយផ្លូវរត់មួយចំនួន ពិសេសតម្រាយផ្លូវរត់ ២១គីឡូម៉ែត្រ ដែលត្រូវចេញដំណើរពីសួនច្បារវត្តបទុមវតី ទៅដល់ស្ពានជ្រោយចង្វារ ត្រូវបត់ស្ដាំរត់តាមផ្លូវមាត់ទន្លេ កាត់មុខព្រះបរមរាជវាំង រហូតដល់រង្វង់មូលសម្ដេចសង្ឃ ជួន ណាត បត់ឆ្វេង ដល់គល់ស្ពានទី១ (ស្ពាននាគ) ហើយបត់ស្ដាំ តាមណ្ដោយផ្លូវមាត់ស្ទឹង រហូតដល់ស្ពានឥន្ធនូ ត្រូវរត់ឆ្លងចូលកោះពេជ្រ ហើយបន្ដរត់ឆ្លងស្ពានទៅកោះនរា រហូតដល់ចុងកោះ ទើបត្រឡប់មកវិញ និងបញ្ចប់នៅសួនច្បារវត្តបទុមវតី។

លោកថា ឆ្នាំមុនៗវិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្រ ត្រូវរត់ឆ្លងស្ពានជ្រោយចង្វារ តែដោយសារស្ថានភាពចរាចរណ៍ពេលរត់ ត្រូវបិទផ្លូវ នាំឲ្យមានភាពកក់ស្ទះ និងមានការសម្របសម្រួលពីរដ្ឋបាលរាជធានីភ្នំពេញ ទើបមានការកែសម្រួលតម្រាយផ្លូវរត់ ទៅផ្នែកកោះនរាវិញ ដោយមានការចូលរួមវាស់វែងផ្ទាល់ពីក្រុមការងារជំនាញមកពីគណៈកម្មការម៉ារ៉ាតុងពិភពលោក ហើយថែមទាំងត្រូវបានទទួលស្គាល់ពីគណៈកម្មការម៉ារ៉ាតុងពិភពលោក រួមជាមួយសហព័ន្ធកីឡាអត្តពលកម្មអន្ដរជាតិទៀតផង៕