បឹងកេត ជួបព្រះខ័នរាជ លើកទី៣ ខណៈវិសាខា និង ISI ជួបគ្នាដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រ Hun Sen Cup ល្ងាចនេះ
29-04-2026 10:41
(ភ្នំពេញ)៖ ក្រុមបឹងកេត នឹងត្រូវជួបក្រុមព្រះខ័នរាជស្វាយរៀង ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ-ជើងទី១ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) នាវេលាម៉ោង ៦ល្ងាចថ្ងៃពុធនេះ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) ស្របពេលក្រុមវិសាខា និង ISI ដង្កោសែនជ័យ ត្រូវជួបគ្នាកាត់សេចក្ដីរកក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពីជើងទី១ វិសាខា បានយកឈ្នះ ៣-០ លើទឹកដីរបស់ខ្លួន។
បឹងកេត និងព្រះខ័នរាជស្វាយរៀង ធ្លាប់បានជួបគ្នា ២លើករួចមកហើយ នៅក្នុងវគ្គ ៤ក្រុមចុងក្រោយ នៃពានរង្វាន់ក្នុងស្រុកដ៏ធំនេះ ក្នុងនោះកាលពីរដូវកាលឆ្នាំ២០២៣/២៤ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ ៤-៣ (ជើងទី១ ឈ្នះ ៣-១ និងជើងទី២ ចាញ់ ១-២) គ្រាដែលនៅរដូវកាលឆ្នាំ២០២៤/២៥ ព្រះខ័នរាជស្វាយរៀង បន្ដទម្លាក់បឹងកេត ឡើងវគ្គផ្ដាច់ព្រ័ត្រ ដោយយកឈ្នះ ២-១ (ជើងទី១ ឈ្នះ ១-០ និងជើងទី២ ស្មើគ្នា ១-១)។
ដូច្នេះរដូវកាលឆ្នាំ២០២៥/២៦ គឺជាឆ្នាំទី៣ ដែលក្រុមទាំងពីរ ជួបគ្នាក្នុងវគ្គដ៏សំខាន់នេះ ស្របពេលអ្នកគាំទ្រ កំពុងចាប់អារម្មណ៍ខ្លាំង ដ្បិតបឹងកេត បន្ទាប់ពីអស់ឱកាសដណ្ដើមជើងឯកលីគ ពួកគេកំពុងផ្ដោតសំខាន់លើពានសម្ដេចតេជោ ហ៊ុន សែន គ្រាដែលព្រះខ័នរាជស្វាយរៀង ទោះមានភារកិច្ចសំខាន់ៗជាច្រើន តែក្រោយគ្រងជើងឯកលីគកំពូលកម្ពុជា និងឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League 2025/26 ពួកគេក៏ត្រូវការលទ្ធផលល្អ ដើម្បីឈានទៅប្រជែងពានដ៏ធំនេះដែរ។ ចាំមើលតើបឹងកេត ឬព្រះខ័នរាជស្វាយរៀង នឹងត្រូវឡើងវគ្គផ្ដាច់ព្រ័ត្រឆ្នាំនេះ?
ដោយឡែកវិសាខា បន្ទាប់ពីយកឈ្នះក្រុម ISI ដង្កោសែនជ័យ ៣-០ កាលពីជើងទី១ ពួកគេនឹងត្រូវធ្វើដំណើរទៅជួបក្រុមដំរីជ័យ នៅតំបន់វេងស្រេងវិញនាល្ងាចនេះ ហើយក៏ជាជំនួបដ៏ទាក់ទាញផងដែរ ដ្បិតក្រុម ISI ដង្កោសែនជ័យ កំពុងត្រៀមខ្លួនប្រយុទ្ធយ៉ាងខ្លាំងក្លា ដើម្បីវាយបកយកឈ្នះវិញ ស្របពេលវិសាខា បានត្រៀមខ្លួនជាស្រេច ជាមួយការប្ដេជ្ញាលេងឲ្យអស់ពីសមត្ថភាព ដើម្បីទទួលបានជ័យជម្នះជាថ្មី និងធានាកៅអីវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំនេះ។ ដូច្នេះចាំមើលតើវិសាខា អាចក្ដោបឱកាសមាសបាន ឬ ISI អាចវាយបកឈ្នះ ឬយ៉ាងណា?








