យុគសម័យថ្មី! រដ្ឋកាលីហ្វ័រញ៉ា បើកភ្លើងខៀវឱ្យឡានដឹកទំនិញគ្មានមនុស្សបើក ធ្វើចរាចរណ៍លើដងផ្លូវ
29-04-2026 11:30
(បរទេស)៖ រដ្ឋកាលីហ្វ័រញ៉ាបានបោះជំហានថ្មីមួយក្នុងវិស័យបច្ចេកវិទ្យា ដោយនាយកដ្ឋានយានយន្ត (DMV) បានប្រកាសអនុម័តបទបញ្ញត្តិថ្មីដែលអនុញ្ញាតឱ្យក្រុមហ៊ុនផលិតអាចធ្វើតេស្ត និងប្រើប្រាស់រថយន្តធុនធំដែលបើកបរដោយគ្មានមនុស្សបើកនៅលើផ្លូវសាធារណៈ។ វិធានការនេះបានលុបចោលបម្រាមចាស់ដែលធ្លាប់ហាមឃាត់យានយន្តស្វ័យប្រវត្តិដែលមានទម្ងន់លើសពី ១០,០០១ ផោន ដែលនេះគឺជាសញ្ញាបើកផ្លូវឱ្យវិស័យដឹកជញ្ជូនទំនិញស្វ័យប្រវត្តិអាចដំណើរការបានពេញលេញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។
ទោះបីជាមានការអនុញ្ញាតឱ្យប្រើបច្ចេកវិទ្យាទំនើបក៏ដោយ ប៉ុន្តែសុវត្ថិភាពនៅតែជាអាទិភាពចម្បង។ DMV បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា បទបញ្ញត្តិថ្មីនេះនឹង «ពង្រីកនូវតម្រូវការសុវត្ថិភាព និងការត្រួតពិនិត្យសម្រាប់យានយន្តស្វ័យប្រវត្តិគ្រប់ប្រភេទ»។ លើសពីនេះ រថយន្តទាំងនោះនៅតែត្រូវគោរពតាមច្បាប់ចរាចរណ៍ពាណិជ្ជកម្មដូចរថយន្តធម្មតាដែរ រួមទាំងការចូលឈប់នៅស្ថានីយត្រួតពិនិត្យប៉ូលីសតាមដងផ្លូវផងដែរ។
ចំពោះដំណើរការអនុវត្ត ក្រុមហ៊ុនផលិតមិនអាចដាក់ឱ្យប្រើប្រាស់ភ្លាមៗនោះទេ ដោយត្រូវឆ្លងកាត់ការសាកល្បងយ៉ាងតឹងរ៉ឹងជាដំណាក់កាល។ ដំបូងឡើយ ពួកគេត្រូវធ្វើតេស្តដោយមានអ្នកបើកបរត្រួតពិនិត្យសុវត្ថិភាពនៅក្នុងឡានជាមុនសិន រួចទើបឈានដល់ការសាកល្បងគ្មានមនុស្សបើក។ ជាលក្ខខណ្ឌបង្ខំ យានយន្តធុនធំត្រូវតែឆ្លងកាត់ការបើកបរធ្វើតេស្តឱ្យបានចម្ងាយរហូតដល់ ៥០០,០០០ ម៉ាយ ក្នុងដំណាក់កាលនីមួយៗ មុននឹងអាចសុំអាជ្ញាប័ណ្ណធ្វើអាជីវកម្មបាន។
គួរជម្រាបថា ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីលោក Gavin Newsom អភិបាលរដ្ឋកាលីហ្វ័រញ៉ា បានប្រើប្រាស់សិទ្ធិបដិសេធ (Veto) លើសេចក្តីព្រាងច្បាប់ដែលចង់រារាំងរថយន្តដឹកទំនិញគ្មានអ្នកបើកបរ កាលពីឆ្នាំ២០២៣។ ចាប់តាំងពីពេលនោះមក អាជ្ញាធរបានខិតខំរៀបចំក្របខ័ណ្ឌច្បាប់ ដើម្បីធានាថាការរីកចម្រើននៃបច្ចេកវិទ្យានេះ ដើរទន្ទឹមគ្នានឹងសុវត្ថិភាពសាធារណៈនៅលើដងផ្លូវ៕












