ក្រុមហ៊ុន អ៊ីអេហ្វជី កម្ពុជា EFG Cambodia ប្រកាសបិទអាជីវកម្ម ម៉ាក The Pizza Company ដោយបញ្ចប់កិច្ចសហការទាំងស្រុង និងត្រៀមបង្ហាញសមិទ្ធផលថ្មី ដែលល្អប្រសើរជាងមុនឆាប់ៗនេះ
29-04-2026 12:05
(ភ្នំពេញ)៖ ក្រុមហ៊ុន អ៊ីអេហ្វជីកម្ពុជា បានសង្កេតឃើញថា អតិថិជននៅទូទាំងរាជធានីភ្នំពេញ បានចាប់អារម្មណ៍ និងកត់សម្គាល់ទៅលើម៉ាកសញ្ញារបស់ The Pizza Company គ្រប់ហាងទាំងអស់ ដែលបានបាំងដោយក្រណាត់ពណ៌ក្រហម។ ក្រុមហ៊ុនសូមបញ្ជាក់ថា សកម្មភាពទាំងនោះមិនមានអ្វីត្រូវលាក់បាំងនោះទេ។ យើងកំពុងស្ថិតក្នុងដំណើរការផ្លាស់ប្តូរ។ គម្រោងនេះត្រូវបានរៀបចំឡើងក្រោមការយកចិត្តទុកដាក់បំផុត ហើយអ្វីដែលនឹងចូលមកដល់នាពេលខាងមុខនេះ គឺជាព័ត៌មាន ដែលលោកអ្នកកំពុងទន្ទឹងរង់ចាំផងដែរ។
ក្រុមហ៊ុន អ៊ីអេហ្វជីកម្ពុជា សូមជម្រាបជូនថា ក្រោយប្រតិបត្តិការអស់រយៈពេលជាង២០ឆ្នាំមកនេះ អាជីវកម្ម The Pizza Company ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា កំពុងត្រូវបានបិទបញ្ចប់។ សូមរំលឹកដែរថា ភោជនីយដ្ឋាន The Pizza Company បានរួមចំណែកក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ដែលមានដូចជា៖ ការជួបជុំញុំអាហាររបស់គ្រួសារនីមួយៗ ការជួបជុំនៅក្នុងកម្មវិធីអបអរសាទរ និងការជួបជុំក្រោយបញ្ចប់ការងារហត់នឿយពេញមួយថ្ងៃ មានតែភីហ្សាតែប៉ុណ្ណោះ បានផ្តល់ភាពរីករាយទាំងនេះ។ ប្រវត្តិទាំងអស់នេះ ហើយគឺជាភាពជាក់ស្តែង ដែលក្រុមហ៊ុន អ៊ីអេហ្វជីកម្ពុជា ពិតជាគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតដល់គ្រប់អតិថិជនទាំងអស់ដែលបានរួមចំណែកកន្លងមក។
ក្រុមហ៊ុន អ៊ីអេហ្វជីកម្ពុជា ក៏សូមរំលឹកជាថ្មីសំរាប់បងប្អូនអតិថិជន និងសាធារណជន ដែលមិនទាន់បានជ្រាបច្បាស់អំពី ការផ្លាស់ប្តូរកម្មសិទ្ធិគ្រប់គ្រងអាជីវកម្មដែលបានជូនដំណឹងតាំងពីលើកដំបូងម្តងរួចមកហើយថា អ៊ីអេហ្វជីកម្ពុជា បានផ្លាស់ប្តូរមកស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Palms Food International Pte. Ltd ដែលជាក្រុមហ៊ុន មានមូលដ្ឋាននៅក្នុងប្រទេសសឹង្ហបុរី មានបទពិសោធន៍ប្រតិបត្តិការអាជីវកម្ម នៅក្នុងតំបន់ជាង៣ទសវត្សរ៍មកហើយ។
អ្វីដែលនឹងមកដល់ក្នុងពេលខាងមុខនេះ គឺជាអ្វីដែល អ៊ីអេហ្វជីកម្ពុជាបានកសាងអស់រយៈពេលជាយូរមកហើយ។ ទីផ្សារម្ហូបអាហារ និងភេសជ្ជៈនៅកម្ពុជាបានកើនឡើងឆ្ពោះទៅរកភាពបត់បែនបំផុតមួយនៅអាស៊ីអាគ្នេយ៍។
ក្រុមហ៊ុន អ៊ីអេហ្វជីកម្ពុជា នឹងបើកសម្ពោធម៉ាកយីហោភីហ្សាថ្មីដែលជារបស់ប្រជាជនកម្ពុជា បង្កើតឡើងចាប់ពីចំណុចសូន្យ ហើយច្នៃប្រឌិតឡើងទៅតាមអ្វីដែលជាចំណង់ចំណូលចិត្តរបស់អតិថិជនកម្ពុជា និងកាន់កាប់ផ្ទាល់ដោយកម្ពុជាទាំងស្រុង។ នេះជាអ្វីដែលស្ថិតនៅក្នុងដំណើរការនៃការបង្កើតឡើង ហើយនឹងមកដល់ក្នុងពេលឆាប់ៗនេះ។
នាឱកាសនោះដែរ លោក Michael Chick អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Palms Food International បានលើកឡើងថា អតិថិជននៅទីនេះ មានភាពជឿនលឿនជាងគេនៅក្នុងតំបន់ ពួកគាត់ទទួលបានពត៍មានពេញលេញ មានបទពិសោធន៏និងចំណេះដឹង និងធ្វើការជ្រើសរើសទទួលបទពិសោធន៏ដែលពួកគាត់ចូលចិត្ត។ ទាំងនេះគឺជាអ្វីដែលជំរុញទឹកចិត្ត ក្រុមហ៊ុនអ៊ីអេហ្វជីកម្ពុជា បន្តបង្កើតអ្វីដែលអតិថិជនចង់បាន។ អតិថិជនកម្ពុជាមិនត្រឹមបើកចិត្តទទួលយកបទពិសោធន៏ថ្មីៗ ពេលនេះពួកគាត់នឹងក្លាយជាម្ចាស់រួចស្រេចទៅហើយ។ ហេតុនេះហើយ ទើបយើងបន្តនៅទីនេះ ហើយអ្វីដែលអ៊ីអេហ្វជីកម្ពុជា កំពុងតែរៀបចំប្រកាសនោះមានសារៈសំខាន់ជាងអាជីវកម្មរបស់ខ្លួន។
លោក ទេព វិរៈ នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន EFG Cambodia បានបញ្ជាក់ថា៖ «ខ្ញុំបានឃើញការរីកលូតលាស់របស់ទីផ្សារទីនេះ អស់រយៈពេលជាយូរឆ្នាំណាស់មកហើយ ហើយពួកយើងបានដឹងច្បាស់ពីអ្វីដែលអតិថិជនខ្មែរយើងចង់បាន យើងកំពុងតែបង្កើតឡើងសំរាប់ពួកគាត់»។
បន្ថែមពីនេះ លោក ទេព វិរៈ បានយ៉ាងដូច្នេះថា៖ «ម៉ាកយីហោថ្មីនេះ មិនមែនជាអ្វីដែលយើងបង្កើតឡើងត្រឹមរយៈពេលខ្លីនោះទេ វាជាលទ្ធផលដែលបានមកពីការស្តាប់ ការរៀនសូត្រ ការអនុវត្ត និងបទពិសោធន៍រាប់ឆ្នាំ ហើយយើងជឿជាក់ថា កម្ពុជាពិតជាស័ក្តិសមនឹងហៅរបស់នេះថាជារបស់ខ្លួនយ៉ាងពិតប្រាកដ។ ខ្ញុំមានមោទនភាព ចំពោះអ្វីដែលយើងត្រៀមនឹងបង្ហាញឆាប់ៗ ហើយខ្ញុំជឿជាក់ថាប្រជាជនខ្មែរទាំងអស់ នឹងមានមោទនភាពដូចខ្ញុំដែរ»។
សូមជម្រាបដែរថា សម្រាប់ព័ត៌មានលម្អិតបន្ថែមអំពី ម៉ាកយីហោរថ្មីរបស់ EFG Cambodia នឹងត្រូវប្រកាសជូនលោកអ្នកនៅសប្តាហ៍បន្ទាប់ខាងមុខនេះ៕





