ស្តេចអង់គ្លេស ជួបពិភាក្សាជាមួយមេធំបច្ចេកវិទ្យាអាមេរិក អំពីបញ្ហាប្រឈមរបស់ក្រុមហ៊ុនបង្កើតថ្មី (Startups)
29-04-2026 14:37
(បរទេស)៖ ព្រះមហាក្សត្រនៃចក្រភពអង់គ្លេសរ King Charles បានជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗរបស់សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្តាហ៍នេះ ជាផ្នែកមួយនៃព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៤ថ្ងៃ ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមសម្រាប់ក្រុមហ៊ុនបង្កើតថ្មីក្នុងដំណាក់កាលដំបូង ខណៈដែលអង់គ្លេសកំពុងផ្សព្វផ្សាយខ្លួនឯងថា ជាគោលដៅចម្បងសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា។
ក្នុងចំណោមថ្នាក់ដឹកនាំដែលព្រះអង្គបានជួបរួមមាន លោក Jeff Bezos (ស្ថាបនិក Amazon), លោក Tim Cook (នាយកប្រតិបត្តិ Apple), លោក Jensen Huang (នាយកប្រតិបត្តិ Nvidia), លោកស្រី Lisa Su (នាយកប្រតិបត្តិ AMD), លោក Marc Benioff (នាយកប្រតិបត្តិ Salesforce) និងលោកស្រី Ruth Porat (ប្រធានក្រុមហ៊ុន Alphabet)។
ព្រះមហាក្សត្រ Charles បានកត់សម្គាល់អំពីបញ្ហាដែលក្រុមហ៊ុនបង្កើតឡើងពីការស្រាវជ្រាវក្នុងសាកលវិទ្យាល័យកំពុងជួបប្រទះ និងការលំបាកក្នុងការស្វែងរកទុន។ ព្រះអង្គមានបន្ទូលទៅកាន់ក្រុមនាយកប្រតិបត្តិទាំងនោះថា៖ «បុគ្គលទាំងនេះហើយដែលខ្ញុំតែងតែគិតថាមានការលំបាកបំផុតក្នុងការចាប់ផ្តើម។ ពួកគេធ្លាក់ចូលទៅក្នុង «ជ្រលងភ្នំនៃសេចក្តីស្លាប់» (Valley of death) ដ៏គួរឱ្យខ្លាចបំផុត»។
លោក Huang មកពីក្រុមហ៊ុន Nvidia បានលើកឡើងពីឱកាសធំៗដូចជា បច្ចេកវិទ្យា AI និង Quantum Robotics ដោយលោកបានទូលថ្វាយព្រះអង្គថា៖ «យើងគ្រាន់តែត្រូវការប្រព័ន្ធអេកូឡូស៊ីមូលធនវិនិយោគ (Venture Capital) ដ៏រស់រវើក និងវប្បធម៌ក្រុមហ៊ុនបង្កើតថ្មីប៉ុណ្ណោះ»។ ព្រះចៅ Charles បានតបវិញដោយព្រះសំណើចថា៖ «អ្នកទាំងអស់គ្នា សុទ្ធតែជាគូប្រកួតប្រជែងដ៏សាហាវឃោរឃៅ» ដែលធ្វើឱ្យមានការផ្ទុះសំណើចពេញក្នុងកិច្ចប្រជុំ។ លោក Huang បានតបបែបកំប្លែងវិញថា៖ «មិនចាំបាច់មាននរណាម្នាក់ស្លាប់នោះទេ» ហើយព្រះចៅ Charles ក៏បានតបវិញថា៖ «ពិតមែនឬ?» ដែលបង្កឱ្យមានសំណើចកាន់តែខ្លាំង។
ជាមួយគ្នានេះ លោក Bezos បានរំឮកពីការចាប់ផ្តើមបង្កើត Amazon ក្នុងឆ្នាំ១៩៩៥ ថា លោកបានតស៊ូយ៉ាងខ្លាំងដើម្បីប្រមូលទុន ១លានដុល្លារពីអ្នកវិនិយោគ ដោយកាលនោះលោកសុំទុនម្តង ៥ម៉ឺនដុល្លារពីមនុស្សម្នាក់ៗ ហើយមានមនុស្សដល់ទៅ ៤០នាក់បានបដិសេធលោក។ ព្រះមហាក្សត្រ Charles បានតបវិញថា៖ «ហើយអ្នកទាំង ៤០ នាក់នោះ ប្រហែលជាកំពុងស្តាយក្រោយខ្លាំងហើយពេលនេះ»។ ព្រះអង្គក៏បានប្រៀបធៀបអ្នកដែលបដិសេធមិនវិនិយោគលើ Amazon ទៅនឹងសៀវភៅ «Harry Potter» ដែលធ្លាប់ត្រូវបានអ្នកបោះពុម្ពផ្សាយជាច្រើនបដិសេធ មិនព្រមបោះពុម្ពឱ្យដូចគ្នា។
គួរបញ្ជាក់ថា ជំនួបនេះធ្វើឡើងបន្ទាប់ពីការប្រកាសកាលពីខែកញ្ញា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Donald Trumpទៅកាន់ចក្រភពអង់គ្លេស ដែលកាលនោះក្រុមហ៊ុនធំៗរួមមាន Microsoft, Nvidia, Google និង OpenAI បានសន្យាវិនិយោគទឹកប្រាក់ចំនួន ៣១ពាន់លានផោន (ប្រហែល ៤២ពាន់លានដុល្លារ) ក្នុងប្រទេសអង់គ្លេសលើវិស័យ AI, កុំព្យូទ័រ Quantum និងថាមពលនុយក្លេអ៊ែរស៊ីវិល សម្រាប់រយៈពេលប៉ុន្មានឆ្នាំខាងមុខ៕










