ចិនផ្អាកផ្តល់ច្បាប់ឱ្យឡានគ្មានមនុស្សបើក ក្រោយតាក់ស៊ី Baidu បង្កបញ្ហានៅទីក្រុង Wuhan

29-04-2026 15:32

(បរទេស)៖ អាជ្ញាធរចិនបានសម្រេចផ្អាកការចេញអាជ្ញាប័ណ្ណថ្មីសម្រាប់យានយន្តស្វ័យប្រវត្តិ បន្ទាប់ពីមានបញ្ហារអាក់រអួលបច្ចេកទេសដែលធ្វើឱ្យរថយន្តតាក់ស៊ីគ្មានមនុស្សបើក (Robotaxis) របស់ក្រុមហ៊ុន Baidu គាំងដំណើរការភ្លាមៗនៅទីក្រុង Wuhan កាលពីខែមុន។ វិធានការនេះបានដាក់ «របាំង» ដល់ក្រុមហ៊ុនបច្ចេកវិទ្យានានា ដោយមិនអាចបន្ថែមចំនួនរថយន្តក្នុងបញ្ជី ចាប់ផ្តើមគម្រោងសាកល្បងថ្មី ឬពង្រីកសេវាកម្មទៅកាន់ទីក្រុងផ្សេងៗទៀតបានឡើយ រហូតដល់ការស៊ើបអង្កេតត្រូវបានបញ្ចប់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។

ទោះបីជាមានការរឹតត្បិតលើការសុំច្បាប់ថ្មីក៏ដោយ ប៉ុន្តែក្រុមហ៊ុនធំៗដូចជា Pony.ai និង WeRide បានអះអាងថា ប្រតិបត្តិការដែលមានស្រាប់របស់ពួកគេនៅតាមទីក្រុងធំៗដូចជា ប៉េកាំង និងស៊ាងហៃ នៅតែដំណើរការជាធម្មតា។ តំណាងក្រុមហ៊ុន WeRide បានបញ្ជាក់ពីជំហររបស់ខ្លួនថា៖ «យើងគាំទ្រដល់កិច្ចខិតខំប្រព្រឹងប្រែងរបស់អាជ្ញាធរ ក្នុងការធានានូវស្តង់ដារសុវត្ថិភាពខ្ពស់បំផុតនៅក្នុងឧស្សាហកម្មនេះ» ដើម្បីបង្ហាញថា សុវត្ថិភាពគឺជាអាទិភាពចម្បងដែលមិនអាចខ្វះបាន។

គួររំលឹកថា កាលពីដើមខែមេសានេះ រដ្ឋាភិបាលចិនបានបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយបញ្ជាឱ្យមានការត្រួតពិនិត្យសុវត្ថិភាពលើការសាកល្បងបើកបរយានយន្តឆ្លាតវៃនៅតាមដងផ្លូវទូទាំងប្រទេស។ ការផ្អាកនេះឆ្លុះបញ្ចាំងឱ្យឃើញថា ទោះបីជាចិនចង់ជំរុញឧត្តមភាពបច្ចេកវិទ្យាក៏ដោយ ប៉ុន្តែការធានាថារថយន្តគ្មានមនុស្សបើកមិនបង្កគ្រោះថ្នាក់ ឬការរំខានដល់សាធារណជន គឺជាលក្ខខណ្ឌដាច់ខាតដែលក្រុមហ៊ុនទាំងអស់ត្រូវអនុវត្តតាម៕